ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោត៩៨សំឡេងទល់នឹង២សំឡេងដើម្បីអនុម័តការដាក់ទណ្ឌកម្មដ៏ខ្លាំងប្រឆាំងនឹងប្រទេសរុស្ស៊ីហើយនិងធ្វើឲ្យមានការពិបាកកាន់តែខ្លាំងឡើងសម្រាប់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដើម្បីបន្ធូរបន្ថយច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូនោះ។
លោក John McCainសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Arizona បាននិយាយថា «យើងមិនមានពេលវេលាដើម្បីខ្ជះខ្ជាយទេ។ សហរដ្ឋអាមេរិកចាំបាច់បញ្ជូនសារដ៏ខ្លាំងមួយទៅឲ្យប្រធានាធិបតីVladimir Putinនៃប្រទេសរុស្ស៊ីហើយនឹងអ្នកឈ្លានពានផ្សេងទៀតថា យើងនឹងមិនអត់ឱនការវាយប្រហារលើលទ្ធិប្រជាធិប តេយ្យរបស់យើងទេ»។
លោក Jeanne Shaheen សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Hampshire បាននិយាយថា «យើងមិនត្រូវអនុញ្ញាតិឲ្យមានការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតរបស់យើងបែបនេះក្លាយជាដំណើរការធម្មតាមួយនោះទេ»។
ដោយបានទទួលការអនុម័តដ៏ច្រើនលើសលប់នៅពេលដែលធ្វើវិសោធនកម្មច្បាប់ដាក់ទណ្ឌកម្មប្រទេសអ៊ីរ៉ង់នោះ វិធានការណ៍នោះដៅលើអង្គភាពចារកម្មខាងសន្តិ សុខប្រព័ន្ធកំព្យូទ័ររបស់រុស្ស៊ី ផ្នែកថាមពល ប្រយោជន៍ហិរញ្ញវត្ថុនិងលំហូរអាវុធរបស់រុស្ស៊ីទៅកាន់តំបន់សង្គ្រាមនានាដូចជាប្រទេសស៊ីរី។
លោកBen Cardinនៃរដ្ឋម៉ារីឡេនដែលជាសមាជិកកំពូលខាងគណបក្សប្រជាធិប តេយ្យនៅគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាដែរនោះបាននិយាយថា «ការពង្រីកបញ្ជីនៃការដាក់ទណ្ឌកម្មអាចអនុវត្តដល់គម្រោងថាមពលនិងស្ថាប័នហិរញ្ញវត្ថុបរទេស។ ការណ៍នេះបញ្ជាក់ថា អ្នកដែលធ្វើឲ្យអន្តរាយប្រព័ន្ធសន្តិ សុខកំព្យូទ័រត្រូវតែទទួលការដាក់ទណ្ឌកម្ម។ ច្បាប់នេះក៏ដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីដែលជាអ្នកផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសស៊ីរីដែរ»៕