ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​និង​អ្នក​ជំនាញ​ច្បាប់ ​ខ្វែង​គំនិត​គ្នា​អំពី​នីតិវិធី​នៃ​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន


រូបឯកសារ៖ លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​
រូបឯកសារ៖ លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​

ការ​អនុវត្ត​ច្បាប់​ និង​ការ​បកស្រាយ​ច្បាប់​របស់​អ្នក​នយោបាយ​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន សមាជិក​សភា​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ ធ្វើ​ឲ្យ​អ្នក​ជំនាញ​ខាង​ច្បាប់​ ជា​ពិសេស​មេធាវី​មាន​ក្តី​បារម្ភ ​ហើយ​ពិបាក​ធ្វើ​ការ​តាម​វិជ្ជាជីវៈ។

ការ​អនុវត្ត​ច្បាប់​ និង​ការ​បកស្រាយ​ច្បាប់​របស់​អ្នក​នយោបាយ​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន សមាជិក​សភា​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ ធ្វើ​ឲ្យ​អ្នក​ជំនាញ​ខាង​ច្បាប់​ ជា​ពិសេស​មេធាវី​មាន​ក្តី​បារម្ភ ​ហើយ​ពិបាក​ធ្វើ​ការ​តាម​វិជ្ជាជីវៈ។

ការ​បើក​សម័យ​ប្រជុំ​សភា​វិសាមញ្ញ​កាលពី​ថ្ងៃ​អង្គារ​ ដែល​មាន​តែ​សមាជិក​គណបក្ស​កាន់​អំណាច​៦៣​នាក់​សម្រេច​អនុញ្ញាត​ឲ្យតុលាការ​បន្ត​នីតិវិធី​ឃុំខ្លួន​លោក​ អ៊ុំ សំអាន​ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ​ត្រូវ​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​នៅក្នុង​សភា​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បកស្រាយ​ខុសៗ​គ្នា។ ​

នៅ​ថ្ងៃ​ពុធ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​ធ្វើ​ពហិការ​សម័យ​ប្រជុំ​វិសាមញ្ញ​នោះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ​សម័យ​ប្រជុំ​នេះ​រំលោភ​ធ្ងន់ធ្ងរ​ដល់​មាត្រា​៨០​និង​មាត្រា​៨៨​នៃ​រដ្ឋធម្មនុញ្ញ។​

លោក​ អេង ឆៃអ៊ាង​ អ្នក​តំណាងរាស្ត្រ ​និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ការ​សម្រេច​ការ​ចោទ​ប្រកាន់​ ការ​ឃុំ​ខ្លួន ​ការ​ឃាត់ខ្លួន ​ការ​ចាប់​ខ្លួន​សមាជិក​សភា ​ត្រូវ​មាន​សំឡេង​គាំទ្រ​២​ភាគ​៣​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល។​ រីឯ​ការ​ផ្អាក​នីតិវិធី​នេះ​ត្រូវ​មាន​សំឡេង​គាំទ្រ​៣​ភាគ​៤ ​ហើយ​សម័យ​ប្រជុំ​ត្រូវ​មាន​វត្តមាន​សមាជិក​សភា​២ភាគ​៣​យ៉ាងតិច។​ លោក​និយាយ​ថា​ ដូច្នេះ​ការ​សម្រេច​របស់​សម័យ​ប្រជុំ​សភា​កាលពី​ថ្ងៃ​អង្គារ​ដែល​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​នោះ​គឺ​ខុស​រដ្ឋ​ធម្មនុញ្ញ។​

រូបឯកសារ៖ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​ពហិការ មិន​ចូលរួម​អង្គប្រជុំ​រដ្ឋសភា​ជាតិ​បោះឆ្នោត​ទាក់ទិន​នឹង​ករណី​តំណាងរាស្ត្រ អ៊ុំ សំអាន នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៦។
រូបឯកសារ៖ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​ពហិការ មិន​ចូលរួម​អង្គប្រជុំ​រដ្ឋសភា​ជាតិ​បោះឆ្នោត​ទាក់ទិន​នឹង​ករណី​តំណាងរាស្ត្រ អ៊ុំ សំអាន នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៦។

លោក អេង ឆៃអ៊ាង​ ពន្យល់​ប្រាប់ VOA ថា៖​«អញ្ចឹង​កិច្ច​ប្រជុំ​ម្សិលមិញ​របស់​រដ្ឋសភា​ដែល​មាន​សមាជិក​សភា​ដែល​មាន​តែ​៦៣​រូប​ហ្នឹង​គឺ​មិន​អាច... ​មិន​អាច​ដំណើរការ​ទៅ​បាន​ទេ ​ព្រោះ​អត់​គ្រប់​កូរ៉ុម ​ហើយ​ក៏​មិន​អាច​ធ្វើ​សេចក្តី​សម្រេច​ទៅ​បាន​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​ សុខ ឦសាន ​ជា​សមាជិក​រដ្ឋសភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន បាន​បដិសេធ​ថា ​សម័យ​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​អង្គារ ដែល​សម្រេច​ឲ្យ​អាជ្ញាធរ​បន្ត​នីតិវិធី​ស៊ើប​អង្កេត​ និង​ឃុំ​ខ្លួន​លោក ​អ៊ុំ សំអាន​ ដែល​នៅ​មាន​អភ័យ​ឯកសិទ្ធិ​នោះ​ គឺ​មិន​ខុស​រដ្ឋធម្មនុញ្ញ​ទេ។​

​លោក​ សុខ ឦសាន ពន្យល់​ថា៖​«ករណី​ធម្មតា ​គេ​លើក​អភ័យឯកសិទ្ធិ​មុន​ បាន​ឲ្យ​តុលាការ​ហៅ​ទៅ​សួរ​នាំ ​អា​ហ្នឹង​ករណី​ធម្មតា។ ​តែ​ក្នុង​ករណី​ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង អត់មាន​ប្រជុំ​២​ភាគ​៣​ទេ ​គឺ​ថា ​កូរ៉ុម​ធម្មតា​៥០%​បូក​១​បាន​ហើយ។​ ហើយ​គ្រាន់តែ​ស្តាប់​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​គេ​ឃាត់​ខ្លួន​នោះ​ហើយ​ ហើយ​សម្រេច​លើក​ដៃ​បន្ត​ឲ្យ​សមត្ថកិច្ច​បន្ត​អនុវត្ត​នីតិវិធី​របស់​ខ្លួន​ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ»។

ផ្ទុយ​ទៅ​វិញ​ លោក​ អេង ឆៃអ៊ាង ​និយាយ​ថា ​ទោះជា​ក្នុង​ករណី​បទ​ល្មើស​ជាក់ស្តែង​ក្តី ​ការ​ចាប់​ខ្លួន ​ឃុំខ្លួន ​ឬ ​ឃាត់​ខ្លួន​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ គឺ​អាច​ធ្វើ​ទៅ​បាន ​តែ​សភា​ត្រូវ​ធ្វើការ​សម្រេច​ដោយ​សំឡេង​យ៉ាង​តិច​២​ភាគ​៣​ ដើម្បី​អនុញ្ញាត​ ឬមិន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន ​ឬ​ឃុំខ្លួន​តំណាងរាស្ត្រ។

ទោះ​ជា​យ៉ាង​ណាក្តី​ លោក​ សុខ ឦសាន​ និយាយ​ថា ​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​ការ​បំភ្លៃ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ​ដើម្បី​ចំណេញ​នយោបាយ។​ លោក​ពន្យល់​ថា ​អភ័យ​ឯកសិទ្ធិ​មិន​អាច​ការពារ​បទល្មើស​ជាក់ស្តែង​របស់​តំណាងរាស្ត្រ​ទេ។

លោក សុខ ឦសាន ថ្លែង​ថា៖​«អភ័យ​ឯក​សិទ្ធិ​គេ​ធានា​បាន​សិទ្ធិ​តំណាងរាស្ត្រ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ស្នូល​របស់​តំណាងរាស្ត្រ ​មិន​មែន​ការពារ​រហូត​ទៅ​ដល់​តំណាងរាស្ត្រ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែង​ ហើយ​ការពារ​បាន​ទេ!»។

​ការណ៍​ដែល​អ្នក​នយោបាយ​បកស្រាយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ខុស​គ្នា​យ៉ាង​ដូច្នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ។

​ក្រុម​អ្នក​មាន​ជំនាញ​ខាង​ច្បាប់ និង​អ្នក​ប្រកប​វិជ្ជាជីវៈ​ទាក់ទង​នឹង​ច្បាប់ ​ដូចជា​មេធាវី​ជាដើម បាន​បង្ហាញ​ការ​ខកចិត្ត​ផង​ និង​ក្តី​បារម្ភ​ផង។ លោក ​ជួង ជូងី ​មេធាវី​ការពារ​ក្តី​លោក ​អ៊ុំ សំអាន​ ​និយាយ​ថា ​ករណី​របស់​លោក ​អ៊ុំ សំអាន​ស្រដៀង​គ្នា​នឹង​ករណី​របស់​អ្នក​នយោបាយ​ផ្សេង​ទៀត ​ដែល​លោក​ការពារ ដូចជា​ករណី​របស់​លោក​ ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ជំទាស់​ដែរ​នោះ។

រូបឯកសារ៖ លោក​មេធាវី​ ជូង ជូងី ​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។
រូបឯកសារ៖ លោក​មេធាវី​ ជូង ជូងី ​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។

លោក​មេធាវី​បាន​បន្ថែម​ថា ​ការ​សម្រេច​របស់​សភា​ដែល​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​នោះ​ គឺ​ទទួល​ឥទ្ធិពល​នយោបាយ ​និង​មិន​ស្រប​រដ្ឋធម្មនុញ្ញ​ទេ។ លោក​បន្ត​ថា ​តាម​បទ​ពិសោធន៍​របស់​លោក​ក្នុង​ការ​ការពារក្តី​ឲ្យ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ​លោក​តែងតែ​ប្រឈម​នឹង​រនាំង​នយោបាយតាំងពី​ដំបូង​ ដែល​រារាំង​មិន​ឲ្យ​លោក​ស្វែងរក​យុត្តិធម៌​ឲ្យ​កូន​ក្តី​របស់​លោក​បាន។

លោក ជួង ជូងី ថ្លែង​ថា៖​«អញ្ចឹង​បើ​និយាយ​ថា ​តើ​មេធាវី​ការពារ​កូន​ក្តី​រក​យុត្តិធម៌​បាន​ឬ​អត់?​ មាន​សង្ឃឹម​ក្នុង​ការ​ការពារ​យុត្តិធម៌​ជូន​កូន​ក្តី​ឬ​អត់?​ ខ្ញុំ​ជា​មេធាវី​ បើ​និយាយ​ថា ​រក​យុត្តិធម៌​បាន​ឬ​អត់?​ សង្ឃឹម​ក្នុង​ការ​ការពារ​សិទ្ធិ​កូន​ក្តី​បាន ​ឬ​អត់​ហ្នឹង​ គឺ​ខ្ញុំ​ធ្វើ​មេធាវី​អត់​កើត​ទេ»។

លោក​និយាយ​ថា ​ការ​ចាប់​ខ្លួន​លោក​ អ៊ុំ សំអាន​ និង​ការ​សួរ​ចម្លើយ​ទាំង​យប់​ក៏​ខុស​នីតិវិធី ហើយ​ករណី​របស់​លោក​ អ៊ុំ សំអាន​ មិន​អាច​បង្ក​អសន្តិសុខ​នោះ​ទេ។

​ចំណែក​ឯក​លោក​ សុខ សំអឿន​ ជា​មេធាវី​ឯករាជ្យ​ និង​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​ល្បី​ឈ្មោះ ​បាន​កប់​យោបល់​ នៅ​ពេល​ VOA ​សួរ​ថា​ តើ​ការ​បក​ស្រាយ​ច្បាប់​របស់​អ្នក​នយោបាយ ​និង​ការ​សម្រេច​របស់​សភា​ ត្រឹមត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ ​ឬ​យ៉ាង​ណា។

លោក សុខ សំអឿន បាន​ឆ្លើយ​តប​ថា៖​«ខ្ញុំ​អឺ ​សភា​សម្រេច​អញ្ចឹង​ ខ្ញុំ​អត់​យល់​ដែរ​ ព្រោះ​គេ​សម្រេច​តាម...​ បើ​យើង​មើល​សភា​ គេ​សម្រេច​តាម​នយោបាយ​ មិន​មែន​ទៅ​តាម​ច្បាប់​ទេ​ណា៎»។ ​លោក​ សុខ សំអឿន​ និយាយ​ថា អភ័យ​ឯកសិទ្ធិ​របស់​សមាជិក​សភា​ហាក់​ដូច​ជា​គ្មាន​ន័យ។​

​លោក ​អ៊ុំ សំអាន ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប​ ដែល​មាន​សញ្ជាតិ​អាមេរិក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នា​រាត្រី​ថ្ងៃ​អាទិត្យ​ ដោយ​សំអាង​ថា ​លោក​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​ក្នុង​ការ​រិះគន់​ការ​ប្រើ​ប្រាស់​ផែនទី​ និង​ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា​វៀតណាម។ ​លោក ​អ៊ុំ សំអាន ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ភ្លាមៗ​នា​ថ្ងៃ​ច័ន្ទ។​ តុលាការ​បាន​សម្រេច​ឃុំខ្លួន​លោក​ជា​បណ្តោះអាសន្នកាល​ពី​ថ្ងៃ​អង្គារ មុន​ពេល​សភា​សម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី។​

​បច្ចុប្បន្ន​នេះ សមាជិក​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​រូប​ហើយ​បាន​ជាប់​ឃុំឃាំង ក្នុង​នោះ​ក៏​មាន​លោក ​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​ ដែលជាប់​ចោទ​ក្នុង​រឿង​ផែនទី និង​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ដូច​លោក​ អ៊ុំ សំអាន ​ដែរ៕

XS
SM
MD
LG