ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ជា​ឲ្យ​យោធា​«បាញ់​គ្រាប់​រ៉ុកកែត»​លើ​អ្នក​កាប់​ឈើ​ខុស​ច្បាប់


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អនុញ្ញាត​ឲ្យ​លោក​ សៅ​ សុខា​ មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​ ទូទាំង​ប្រទេស​ បើក​ការ​បង្ក្រាប​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​នោះ​ ដោយ​ប្រើ​គ្រាប់​រ៉ុកកែត បាញ់​ពី​លើ​ឧទ្ធម្ភាគចក្រ​ទៅ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ឲ្យ​ដឹង​ពី​វិធានការ​ក្ដៅ​របស់​លោក​ ក្នុង​ការ​បង្ក្រាប​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ពីព្រោះ​លោក​បាន​អនុញ្ញាត​ឲ្យ​លោក​ សៅ​ សុខា​ មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​ទូទាំង​ប្រទេស​ បើក​ការ​បង្ក្រាប​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​នោះ​ ដោយ​ប្រើ​គ្រាប់​រ៉ុកកែត បាញ់​ពី​លើ​ឧទ្ធម្ភាគចក្រ​ទៅ។

ថ្លែង​ទៅកាន់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ នៅ​ក្នុង​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​ក្រសួង​បរិស្ថាន​ ស្ថិត​នៅ​ចន្លោះ​ស្ពាន​នាគ​ និង​ស្ពាន​តន្ត្រី​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា​ ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ ដែល​បំពាក់​ដោយ​គ្រាប់​រ៉ុកកែត​ ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​លោក​ សៅ​ សុខា​រួចរាល់​ហើយ​ ដើម្បី​បើក​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់។

«ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង។ សៅ​ សុខា​ ដូច​មិន​ទាន់​បាញ់​មួយ​គ្រាប់​ផង​ទេ។ ខ្ញុំ​ឲ្យ​បាញ់ បើ​ថា​ វា​ព្រហើន​ រ៉ុកកែត​ដាក់​ពី​លើ​ហ្មង។ អត់​មាន​រញ៉េរញ៉ៃ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ដើម​ឆ្នាំ​២០១៦​ បាន​ជ្រើសរើស​លោក​នាយ​ឧត្ដម​សេនីយ៍​ សៅ សុខា​ មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ជាតិ​សម្រាប់​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ។

ក្នុង​ការ​ដឹកនាំ​គណៈកម្មការ​នេះ​ លោក​នាយ​ឧត្ដមសេនីយ៍​ សៅ សុខា អាច​ប្រើប្រាស់​ឧបករណ៍​យោធា​ រួម​ទាំង​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ ក្នុង​ចំណោម​ឧបករណ៍​យោធា​ដែល​បាន​ទិញ​ពី​ប្រទេស​ចិន។

លោក ​សៅ សុខា ដែលជា​មេ​បញ្ជាការ​រង​នៃ​កង​យុទ្ធពល​ខេមរភូមិន្ទ​ផង​ដែរ​ បាន​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ ទាក់​ទិន​ការ​ប្រើ​ប្រាស់​គ្រាប់​រ៉ុកកែត​នេះ​ទេ នៅ​ពេល VOA​ ទាក់​ទង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

របាយការណ៍​ជា​ច្រើន​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​សូវ​មាន​កិត្តិនាម​ក្នុង​ការ​ដើរ​ឈាន​ទៅ​មុខ​ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​ទេ។

ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​បរិស្ថាន​នៅ​កម្ពុជា​នៅ​ទន់ខ្សោយ​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​អាជ្ញាធរ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​កាប់​ព្រៃឈើ​យ៉ាង​រង្គាល ដែល​បាន​បណ្ដាល​ឲ្យ​បាត់បង់​តំបន់​ព្រៃ​ធម្មជាតិ​ជាង​១ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ក្នុង​រយៈពេល​១២ឆ្នាំ។

របាយ​ការណ៍​ ដែល​ចេញ​ផ្សាយ​ដោយ​សាកល​វិទ្យាល័យ ​Maryland ​នៃ​រដ្ឋ Maryland​ របស់​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ខែ​មករា ​ឆ្នាំ​មុន​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​ផ្កាយ​វិទ្យាសាស្ត្រ​ថា​ ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ បាន​បាត់​បង់​ប្រមាណ​៧,១ភាគរយ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​ រហូត​ដល់​ឆ្នាំ​២០១២។

ក៏ប៉ុន្តែ​ ក្នុង​ការ​ថ្លែង​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ថា​ ព្រៃឈើ​ដែល​បាន​កាប់​កាល​ពី​ពេល​កន្លង​មក​នោះ ជា​ព្រៃ​ឈើ​ដែល​មិន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​ ហើយ​ការ​កាប់​ព្រៃ​ឈើ​ទាំងនោះ​ គឺ​ធ្វើ​ឡើង​សម្រាប់​ការ​ពង្រីក​ផ្ទៃដី​ដាំដុះ​ដំណាំ​កសិឧស្សាហកម្ម។

«បើ​មិន​កាប់​អា​ព្រៃ​ល្អិត​ល្អោច​នឹង​ទេ​ ធ្វើ​ម៉េច​ដាំ​កៅស៊ូ​កើត។ ដល់​អា​យើង​កាប់​ហ្នឹង​ហើយ​ ពេល​វេលា​ដែល​គេ​ឃោសនា​ វ៉ៃ​ប្រហារ។ ប៉ិន​ខ្ញុំ​សុំ​សួរ​ ឧទាហរណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ឲ្យ​មាន​ដូង​ប្រេង​និង​កៅស៊ូ​នោះ​ពេញ​ដី​ ពី​ដើម​ដី​នៅ​ម៉ាឡេស៊ី​ហ្នឹង​មាន​ព្រៃ​អត់​ ច្បាស់​ជា​មាន​ហើយ។​ នៅ​ថៃ​ នៅ​ឥណ្ឌូណេស៊ី​ស្អី​ គ្រប់​តែ​ប្រទេស​ហ្នឹង​ គ្រប់​តែ​ប្រទេស។​ រឿង​រ៉ាវ​វា​អញ្ចឹង។​ ប៉ុន្តែ​ ខ្ញុំ​មិន​ឯកភាព​ទេ​អា​រឿង​កាប់​បំផ្លាញ​ព្រៃឈើ»។

ក្រៅពី​ការ​ថ្លែង​អំពី​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ និង​លះបង់​ព្រៃឈើ​ដែល​មិនសូវ​មាន​ប្រយោជន៍​ សម្រាប់​ការ​បង្កើន​ការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​នោះ លោក​ ហ៊ុន សែន​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ជម្លោះ​ដីធ្លី​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ បាន​បញ្ចប់​ទៅ​ស្ទើរ​តែ​ទាំង​អស់​ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដក​យក​មក​វិញ​ផ្ទៃដី​ជិត​១លាន​ហិកតា​ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​សរុប​ជាង​២លាន​ហិកតា ​ដែល​បាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។

«ក្នុង​ចំនួន​២លាន​ហិកតា​ជាង​នេះ​ ឥឡូវ​បន្សល់​ទុក​ឲ្យ​បន្ត​វិនិយោគ​ តែ​មួយ​លាន​ ប្រាំបួន​ម៉ឺន​ហិកតា​ទេ។ ជិត​មួយ​លាន​ហិកតា​ទៀត​បាន​ដក​ហូត​ត្រឡប់​មក​វិញ​ហើយ​។ហើយ​ក្នុង​មួយ​លាន​ហិកតា​នេះ​ ភាគច្រើន​គឺ​ជា​ដី​បាន​ដាំដុះ​ ដំណាំ​កៅស៊ូ​ ឬ​ក៏​ដំណាំ​ផ្សេងៗ​រួចស្រេច​ទៅ​ហើយ។​ អញ្ចឹង​អា​ផល​ប៉ះពាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ វា​ហាក់​ដូច​ជា​សុទ្ធ​តែ​បាត់​អស់​ទៅ​ហើយ។​ ហើយ​អា​នៅ​សល់​ជាង​មួយ​លាន​ហិកតា​នេះ​ ក៏​ត្រូវ​ទុក​រយៈពេល​ឲ្យ​ទៀត​ ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ទៀត​ អា​មួយ​ចំនួន​អាច​នឹង​ដក​ហូត​ត្រឡប់​មកវិញ​ អញ្ចឹង​បញ្ហា​ដី​សម្រាប់​ ជា​ដី​សម្រាប់​សង្គមកិច្ច​ផ្នែក​គេ​ហៅថា​ សម្បទាន​សង្គម​កិច្ច​ ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ដី​ធ្លី​ វា​មិន​ខ្វះ​ទេ»។

របាយការណ៍​កម្រាស់​៨៩​ទំព័រ​ និយាយ​ពី​ការ​ឃ្លាំ​មើល​សកម្មភាព​ការងារ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ ឆ្នាំ​ទី​២​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា Comfrel នៅ​ក្នុង​ខែ​កុម្ភៈ​នេះ​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​ការ​សន្និដ្ឋាន​មួយ​ថា​ ការ​បញ្ឈប់​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ គឺ​រដ្ឋាភិបាលធ្វើ​សម្រេច​ ដោយសារ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នៃ​ការ​អនុវត្តន៍​គោល​នយោបាយ​នេះ​ រដ្ឋាភិបាល​មិន​ទាន់​ចេញ​អនុ​ក្រឹត្យ​ណា​មួយ​ ផ្ដល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ឡើយ​ គឺ​មាន​តែ​ដក​យក​មក​វិញ។

សេចក្ដី​សន្និដ្ឋាន​នេះ​ ធ្វើ​ឡើង​នៅ​ត្រង់​ចំណុច​ទី​ប្រាំ​មួយ​នៃ​របាយការណ៍​នេះ​ ដែល​និយាយ​អំពី​ការ​បញ្ឈប់​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច។ នៅ​ត្រង់​ចំណុច​នេះ​ របាយការណ៍ ​ក៏​បាន​បញ្ជាក់​ជាថ្មី​ទៀត​ថា​ សម្បទាន​ដី​សេដ្ឋកិច្ច​ជា​មូលហេតុ​ចម្បងមួយ​នៃ​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា។

ត្រឹម​ឆ្នាំ​ ២០១៤​ វិវាទ​ដី​ធ្លី​មាន​ចំនួន​២៧០​ករណី​ មិនទាន់​ត្រូវ​បាន​ដោះស្រាយ​ ដែល​ក្នុង​នោះ ២៣​ករណី​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ក្នុង​ឆ្នាំ​២០១៤។ របាយ​ការណ៍ ​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា​ ៣២ភាគរយ​ស្មើ​នឹង​៨៦​ករណី​ ក្នុង​ចំណោម​វិវាទ​ដី​ធ្លី​ចំនួន​២៧០​ កើត​ឡើង​ដោយសារ​តែ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន។

ករណី​វិវាទ​ដីធ្លី​ដែល​ទាក់​ទង​នឹង​សម្បទាន​សេដ្ឋកិច្ច​ប៉ះ​ពាល់​គ្រួសារ​ចំនួន​១៧,១៥០​គ្រួសារ​ (ឬ​ប្រមាណ​ជា​ ៧៨៨៩០នាក់)។

របាយការណ៍​នោះ​បាន​បញ្ជាក់​ថា​ជារឿយៗ​ថា គេ​តែ​ង​ឃើញសកម្មជន​ទាមទារ​សិទ្ធិ​ ដីធ្លី​ អ្នក​រងគ្រោះ​ដោយ​វិបត្តិ​ដីធ្លី​ តែង​តែ​ស្រែក​ទាមទារ​ និង​ទ្រហោយំ​ ឥត​ឈប់​ឈរ​ ដោយសារ​តែ​បញ្ហា​របស់​ពួកគេ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ ឬ​ដោះ​ស្រាយ​ដោយ​ប្រាស​ចាក​គោលការណ៍​យុត្តិធម៌។

ការ​ដោះស្រាយ​បណ្ដឹង​ដែល​មិន​ទទួល​បាន​យុត្តិធម៌​ពី​សំណាក់​ប្រព័ន្ធ​តុលាការ​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ ធ្វើ​ឲ្យ​វិបត្តិ​ដី​ធ្លី​ចេះ​តែ​កើន​ឡើង​ និង​រីក​រាលដាល​ អូស​បន្លាយ​ និង​បង្ក​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល៕

XS
SM
MD
LG