ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​៦​នាក់​ត្រូវចាប់​ខ្លួន ​យ៉ាងតិច​២​នាក់​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

  • ​គង់ ​សុឋានរិទ្ធ

លោក​ទេព នីថា​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតនៅ​ពេល​ធ្វើ​សន្និសីទ​ព័ត៌មាន​។​
បុរស​ប្រាំមួយ​នាក់​ ដែល​ក្នុង​នោះ​ពីរ​នាក់​គឺ​ជា​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់​ដោយ​អាជ្ញាធរ​ខេត្ត​កំពត​និង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​មន្ត្រី​គណបក្ស​ជំទាស់​និង​មន្ត្រី​សង្គម​ស៊ី​វិល​នៅ​ថ្ងៃ​ពុធ​នេះ។​

​តាម​របាយ​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កំពត​ឲ្យ​ដឹង​ថា ​លោក​ហុង​ វីរ៉ាវុធ​ អាយុ​២៥​ ឆ្នាំ​ ត្រូវ​ចាប់ខ្លួន​ពី​ខ​ណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ​ក្រោម​ការ​ចោទប្រកាន់​ថា​ បាន​គំរាម​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​តាម​ទូរ​ស័ព្ទ។​

ដោយឡែក​សកម្មជន​ម្នាក់​ទៀត​គឺ​លោក​ស៊ូ​ តន​ អាយុ​៥៣​ ឆ្នាំ​ ជា​ម្ចាស់​សិប្បកម្ម​ជ្រៀក​ឈើ​នៅ​ក្នុងស្រុក​ឈូក​ ខេត្តកំពត​ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​២៩​ ខែ​មិថុនា ​ដោយសារ​បាន​បើក​សិប្បកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។​ ដោយឡែក​នៅ​មុន​នោះ​មួយ​ថ្ងៃ​ បុរស​បួន​នាក់​ផ្សេង​ទៀត ​ដែល​មិន​ទាន់​មាន​ភាព​ជាក់លាក់​ថា​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយនោះ​ ​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​កំពុង​ដឹកឈើ​ក្នុង​ឃុំ​តាកែន​ ស្រុក​ឈូក​ ខេត្តកំពត។​ បុរស​ទាំង​បួន​នាក់​ ដែល​មានស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ​ បាន​យក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្ទាំង​ក្រដាស​តូចៗ​បិទ​នៅ​ពីលើ​ឈើ​ដែល​ពួក​គេ​កំពុង​ដឹក​លើ​រទេះ​ ក្រោយ​ពី​សកម្មជន​គណបក្ស​ជំទាស់​បាន​ចែក​ខិត​បណ្ណ​ឃោសនា​ដល់​ពួក​គេ។​

លោក​យន់​ ផ​ល្លី​ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ​ ប្រចាំ​ខេត្តកំពត​ បញ្ជាក់​ថា​ តាម​រយៈ​ការ​ស៊ើប​អង្កេត​ជំហាន​ដំបូង​ មូលហេតុ​នៃ​ការ​ចាប់ខ្លួន​គឺ​ដោយសារ​តែ​បុគ្គល​ទាំងនោះ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​ជំទាស់។

លោក​និយាយថា៖ ​«ឆ្លង​កាត់​តាម​ការ​ស្រាវជ្រាវ​របស់​យើង​ខ្ញុំ​ឃើញ​ថា​ ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ហ្នឹង​បាន​យក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បិទ​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​គណបក្ស​ផ្សេង ​ម្ល៉ោះហើយ​ធ្វើ​ឲ្យ​គេ​ចាប់​តែ​ម្តង​ទៅ។​ តែ​ប្រជា​ពលរដ្ឋ​ទូទៅ​ដែល​មិន​មាន​បិទ ​(ស្លាក​សញ្ញា)​ទេ​ គាត់​ដឹកឈើ​ធម្មតា»។

ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​បក្ស​ជំទាស់​ទាំង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​កំពុង​តែ​ធ្វើការ​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​បាន​រយៈពេល​មួយ​សប្តាហ៍។​

​លោក​ជា​ ប៉ូច​ ប្រធាន​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ខេត្តកំពត​ ចាត់​ទុក​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​គឺ​ជា​រឿង​នយោបាយ។​

​លោក​និយាយថា៖ ​«​រឿង​នេះ​ជា​រឿង​នយោបាយ​ ដោយសារ​លោក​ដែល​គេ​ចាប់ខ្លួន​ថ្ងៃ​ទី​២៥​នោះ​ ជា​សកម្មជន​សកម្ម។​ ហើយ​គាត់​ជួយ​ខ្ញុំ​ ជួយ​ខេត្ត​កំពត​ហ្នឹង​នៅ​ក្នុងស្រុក​អង្គរ​ជ័យ។​ គាត់​ជួយ​ក្នុង​នាម​ស្ម័គ្រ​ចិត្ត»។​

ទោះជា​យ៉ាងណា​ លោក​ខូយ​ ឃុនហួរ​ អភិបាល​ខេត្ត​កំពត​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​លោក​បាន​លើក​ហេតុផល​ថា​ បុរស​ដែល​ត្រូវ​ចាប់ខ្លួន​ជាប់​ពាក់​ព័ន្ធនឹង​ការ​កាប់​ឈើ​ខុសច្បាប់។​

​លោកនិយាយថា៖​ «មិនមែន​ជា​បទល្មើស​នយោបាយ ​ឬ​បទល្មើស​ដែល​យើង​ធ្វើ​អ្វីមួយ​គ្រាន់តែ​ស៊ើប​សួរ​ទេ។​ ករណី​ទាំង​អស់​នេះ​ជា​បទល្មើស​ជាក់ស្តែង​ ហើយ​មាន​ភស្តុតាង​ជាក់ស្តែង។​ ខ្ញុំ​គិត​ថា ​យើង​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​ទៅ ​កុំ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​អញ្ចឹង ​មិនកើត​ទេ»។​

យ៉ាងណា​ក៏​ដោយ​ លោក​អភិបាល​ខេត្ត​មិន​បាន​បញ្ជាក់​ពី​ការ​ចាប់ខ្លួន​យុវជន​ហុង វីរ៉ាវុធ​ពី​បទ​គំរាម​សម្លាប់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​តាម​ទូរ​ស័ព្ទ​នោះ​ទេ។

​លោក​ជា​ ប៉ូច​ ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​យន់​ ផល្លី​ មន្ត្រី​របស់​អង្គការ​លីកាដូ​ បាន​អះអាង​ថា​ យុវជន​រូប​នេះ​មិន​បាន​ទូរ​ស័ព្ទ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​នោះ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ គឺ​មិត្ត​ភក្ត្រ​របស់​គាត់​ជា​អ្នក​ខ្ចី​ទូរ​ស័ព្ទ​ប្រើ​នៅ​ក្នុង​ពេល​នោះ។​

លោក​ឧត្តម​សេនីយ៍​ត្រី​ថ្លាង​ ភិរិន​ ស្នងការ​នគរបាល​ខេត្ត​កំពត​បដិសេធ​ថា ​គ្មាន​ការ​ចាប់​ខ្លួន​សកម្ម​ជន​នយោបាយ​បក្ស​ជំទាស់​នោះ​ទេ។​

ដោយឡែក​លោក​ទេព នីថា​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.)​ មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​ដំណឹង​ពី​ការ​ចាប់ខ្លួន​បុរស​ចំនួន​បួន​នាក់​ក្នុង​ចំណោម​បុរស​ទាំង​ប្រាំមួយ​នាក់​នោះ។​ ក៏​ប៉ុន្តែ​ការ​ចាប់ខ្លួន​នេះ​មិន​ពាក់​ព័ន្ធ​នឹង​បរិបថ​នៃ​ការ​ឃោសនា​បោះឆ្នោត​ដែល​ស្ថិត​ក្រោម​សមត្ថ​កិច្ច​របស់​គ.ជ.ប.​ នោះ​ទេ។​

​ជាមួយ​គ្នា​នេះ​ លោក​យន់ ផល្លី​ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ​ គូស​បញ្ជាក់​ថា​ អង្គការ​របស់​លោក​បាន​រក​មេធាវី​ជូន​ជន​ដែល​ត្រូវ​ចាប់ខ្លួន​ប្រាំ​នាក់​ក្នុង​ចំណោម​ជន​ទាំង​ប្រាំមួយ​រូប៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG