អំពើហិង្សាពាក់ព័ន្ធនឹងវិស័យរ៉ែមាសនៅស៊ីមបាវ៉េបានសម្លាប់មនុស្សរាប់រយនាក់កាលពីឆ្នាំ ២០១៩ និងនៅដើមឆ្នាំ ២០២០។ នេះបើយោងទៅតាមរបាយការណ៍ថ្មីមួយរបស់អង្គការដោះស្រាយវិបត្តិអន្តរជាតិ (International Crisis Group)។
អំពើហិង្សាខាងលើកើតចេញពីការវាយប្រហារគ្នាដណ្តើមយកមាសក្នុងចំណោមកម្មកររ៉ែ ឬក្រុមជនអន្ធពាលយកកាំភ្លើងមកភ្ជង់ប្លន់កម្មកររ៉ែ។
អ្នកស្រី Anouk Rigterink គឺជាអតីតអ្នកស្រាវជ្រាវនៃអង្គការដោះស្រាយវិបត្តិអន្តរជាតិ ដែលបានរួមចំណែកដល់របាយការណ៍នេះ។ អ្នកស្រីនិយាយថា ការប្រយុទ្ធគ្នាបានបង្កជាបញ្ហាចោទសម្រាប់ការវិនិយោគនៅក្នុងវិស័យរ៉ែមាសនៅស៊ីមបាវ៉េ។
អ្នកស្រីបានថ្លែងថា៖ «វាសំខាន់ផងដែរនៅក្នុងការវាយតម្លៃថាតើអំពើហិង្សានេះប៉ះពាល់កម្រិតណាទៅលើការទាក់ទាញវិនិយោគិនក្នុងរយៈពេលវែងនៅស៊ីមបាវ៉េ។ អំពើហិង្សាធ្វើឲ្យការវិនិយោគនៅក្នុងវិស័យរ៉ែមាសនៅស៊ីមបាវ៉េកាន់តែមានហានិភ័យ។ [ស្ថានភាព]នេះទាក់ទាញប្រភេទវិនិយោគិនរយៈពេលខ្លី គឺសម្រាប់តែអ្នកដែលចង់រកលុយបានលឿនតាមរយៈការប្រឡូកក្នុងជំនួញបែបបក្ខពួកនិយម។ ប៉ុន្តែអ្វីដែលស៊ីមបាវ៉េត្រូវការពិតបា្រកដនោះគឺការទទួលបានអ្នកវិនិយោគកាន់តែច្រើន រួមមាន អ្នកវិនិយោគមានមូលធនរយៈពេលយូរដែលចង់អភិវឌ្ឍវិស័យរ៉ែ ហើយអំពើហិង្សាគឺមិនល្អនោះទេសម្រាប់ការវិនិយោគបែបនេះទេ»។
មាសគឺជាធនធានរកចំណូលពីបរទេសធំជាងគេបង្អស់របស់ស៊ីមបាវ៉េ។ ហើយប្រទេសនេះសង្ឃឹមថា អាជីវកម្មរ៉ែមាសនឹងជួយជំរុញដល់ការរើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីមានការរឹតត្បិតដោយសារការរាតត្បាតជំងឺកូវីដ១៩។
លោក Felix Muchemwa គឺជាកម្មកររ៉ែមួយរូបនៅតំបន់ Mazowe ដែលសម្បូរទៅដោយរ៉ែមាស ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីហារ៉ារ៉េ។ លោកនិយាយថា ពេលខ្លះ ក្រុមជនអន្ធពាលប្រដាប់កាំបិតផ្គាក់ចូលមកវាយប្រហារលើកម្មកររ៉ែមាស។
លោកថ្លែងថា៖ «ពេលខ្លះនៅពេលពួកវាមក យើងរត់។ ប៉ុន្តែប្រសិនបើជាពួកវាលួចវាយប្រហារពេលយប់វិញ យើងប្រាកដជាជួបបញ្ហាហើយ។ តែប្រសិនបើយើងមានអារម្មណ៍ថា វាជ្រុលពេក យើងប្រមូលគ្នា ហើយវាយតបទៅវិញ។ ពួកវាអាចរត់ទៅវិញ ឬយកឈ្នះពួកយើង។ ការរែងមាសគឺ ការព្យាយាមរកលុយដើម្បីបំពេញជីវភាពគ្រួសាររបស់ពួកយើង»។
លោក Kazembe Kazembe រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ីមបាវ៉េ ទទួលបន្ទុកផ្នែកនគរបាល និយាយថា រដ្ឋាភិបាលមិនអត់ឱនចំពោះភាពវឹកវរនៅក្នុងវិស័យរ៉ែមាសនោះទេ។
លោកថ្លែងថា៖ «ប្រសិនបើមានរឿងកើតឡើងដូច្នេះ យើងមានការត្រៀមលក្ខណៈរួចជាស្រេចដើម្បីដោះស្រាយ ដូចដែលយើងបានធ្វើកាលពីគ្រាមុន។ ប៉ុន្តែយើងមិនរំពឹងថា នឹងមានសកម្មភាពខុសច្បាប់បែបនោះនោះទេ។ យើងស្នើឲ្យកម្មកររ៉ែមាសគោរពច្បាប់ និងធ្វើអ្វីដែលស្របច្បាប់»។
អំពើហិង្សាបានធ្លាក់ចុះយ៉ាងខ្លាំងនាឆ្នាំនេះ ចាប់តាំងពីពេលមានការរឹតត្បិតដោយសារជំងឺកូវីដ១៩ រួចមក។ ហើយអំពើហិង្សាមិនទាន់វិលត្រឡប់មកវិញនោះទេ បើទោះបីជាមានការបន្ធូរបន្ថយវិធានការរឹតត្បិតសន្សឹមៗក៏ដោយចាប់តាំងពីខែសីហាមក។
អង្គការដោះស្រាយវិបត្តិអន្តរជាតិ និយាយថា ប្រសិនបើរដ្ឋាភិបាលស៊ីមបាវ៉េចង់បន្តរក្សាស្ថានភាពស្ងប់ស្ងាត់ដូចនេះ ហើយកាត់បន្ថយការលួចប្លន់ក្នុងវិស័យរ៉ែមាស ដែលបានធ្វើឲ្យប្រទេសខាតបង់ប្រាក់ចំណូលយ៉ាងច្រើន រដ្ឋាភិបាលស៊ីមបាវ៉េត្រូវផ្តល់ការទទួលស្គាល់ផ្លូវច្បាប់ដល់សហរណ៍វិស័យរ៉ែ និងបង់ថ្លៃឲ្យបានសមស្របទៅឲ្យកម្មកររ៉ែមាសតាមអត្រាថ្លៃឈ្នួលនៅលើសាកលលោក។
អង្គការនេះបន្តថា ធ្វើបែបនេះ ធនធានមាសរបស់ស៊ីមបាវ៉េអាចជួយជំរុញដល់សេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់ប្រទេសនេះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា