នំប៉័ង​ឡើង​ថ្លៃ​បង្ខំ​ឲ្យ​ពល​រដ្ឋស៊ីមបាវ៉េ​ស្វែង​រកអាហារ​ផ្សេង​មក​ជំនួស

រូបឯកសារ៖ ស្រ្តីជនជាតិស៊ីមបាវ៉េម្នាក់លក់នំប៉័ងលក់នំប៉័ងនៅថ្ងៃបោះឆ្នោតនៅក្រុងហារ៉ារេ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០៨។ 

នៅ​ប្រទេស​ស៊ីមបាវ៉េ​ តម្លៃ​នំប៉័ង​ឡើង​ថ្លៃ​កំពុង​បង្ខំ​ឲ្យ​ពលរដ្ឋ​ស្វែង​រកអាហារ​​ផ្សេង​មក​ជំនួស​ ក៏ប៉ុន្តែ​អាហារ​ផ្សេង​ទាំងនោះ​ក៏​​មាន​លក់​តិចតួច​នៅ​តាម​ទីផ្សារ​ផង​ដែរ។​ រដ្ឋាភិបាល​លោក​ Emmerson Mnangagwa និយាយ​ថា ខ្លួន​កំពុង​ធ្វើ​ការ​ដើម្បី​ធានា​ថា ពលរដ្ឋ​អាច​មាន​លទ្ធភាព​ទិញ​នំប៉័ង​បាន។

នំប៉័ង​នៅ​ប្រទេស​ស៊ីមបាវ៉េឥឡូវ​នេះ​មាន​តម្លៃ​ ២​ដុល្លារ​ក្នុង​មួយ​ដើម ឬ​ថ្លៃ​ជាង​នេះ​ ដែល​នេះ​ជា​តម្លៃ​ថ្លៃ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើននៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែ​រីករាយ​ញ៉ាំ​តែ​សម្រាប់​អាហារ​ពេលព្រឹក បើទោះបី​ជា​ពួកគេ​គ្មាន​លទ្ធភាព​ទិញ​នំប៉័ង​ក៏ដោយ។

លោក Gibson Nhema អាយុ​ ៦៣​ឆ្នាំ ​បាន​និយាយ​ថា៖

«ឥឡូវ​នេះ​ នំប៉័ងថ្លៃ​ណាស់។ ពេល​ខ្លះ​ យើង​ញ៉ាំ​បបរ​ខាប់ ដំឡូង​ផ្អែម និង​ពោត​ជំនួស​វិញ។ យើង​អាច​ទិញ​នំប៉័ង​បាន​ម្តង​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ គឺ​មាន​តែ​ប៉ុណ្ណឹង​។ ប៉ុន្តែ​យើង​លែង​នឹកនា​វា​ទៀត​ហើយ ពីព្រោះ​ថា ឥឡូវ​នេះ នំប៉័ង​ថ្លៃ​ណាស់។ អ្នក​នៅ​ផ្ទះ​អាច​ធ្វើ​ម្ហូប​ឲ្យ​មាន​ពណ៌​ដូច​ជា​ពណ៌​នំប៉័ង​ ដើម្បី​កុំ​ឲ្យយើង​នឹក​នា​ដល់​នំប៉័ងទៀត។​ ប្រសិន​បើ​រដ្ឋាភិបាល​អាច​បន្ទាប​តម្លៃ​នំប៉័ង​និង​ម្សៅបាន នោះ​ការ​រស់​នៅ​របស់​យើង​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន។ យើង​គ្មាន​លុយ​ទេ។ ប្រសិន​បើ​វា​នៅ​តែ​ថ្លៃ ខ្ញុំ​នឹង​មិន​អាច​ទិញ​អាហារពេល​ល្ងាច​បាន​ទេ។ ខ្ញុំមិនអាចទិញនំប័ុងបានទេ ដូច្នេះ​យើង​ទិញ​ដំឡូង​ជំនួសវិញ»។

លោក​ Nhema ​និយាយ​ថា តម្លៃដំឡូង​និងអាហារផ្សេងទៀត​ជំនួសឲ្យ​នំប៉័ងក៏​កំពុង​ឡើងថ្លៃផងដែរ។

លោក Alwyn Mutero អ្នកលក់នំប៉័ងម្នាក់ បាននិយាយថា៖

«ប្រជាជន​ធ្លាប់​ទិញ​នំប៉័ង​ច្រើន។ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ ពួកគេ​មិន​ទិញ​នំប៉័ង​ទេ។ អ្នកមើល​តែ​ធ្នើ​ដាក់​នំប៉័ង​ទៅ​គឺ​ដឹង​ហើយ។ ធ្លាប់​មាន​នំប៉័ង​ច្រើននៅ​លើ​ធ្នើ​នេះ​ ប៉ុន្តែ​ប្រជាជន​លែង​ទិញ​ដូចពី​មុន​ទៀត​ហើយ ដោយសារថ្លៃពេក។ យើង​ធ្លាប់​លក់នំប៉័ង​១ដើម​ ថ្លៃ​១ដុល្លារ។ ឥឡូវ​នេះ​នំប៉័ង​ឡើង​ថ្លៃ​២.៥០​ដុល្លារ​ក្នុង​១ដើម។ ប្រជាជន​គ្មាន​លទ្ធភាព​ទិញទេ»។

រដ្ឋមន្ត្រី​ឧស្សាហកម្មស៊ីមបាវ៉េ​លោក​ Mangaliso Ndlovu និយាយ​ថា លោក​បាន​ដឹង​ពី​បញ្ហា​ ដែល​ប្រជាជន​ស៊ីមបាវ៉េទូទៅ​កំពុង​ប្រឈម​មុខ។​

លោក Ndlovu ​បាន​និយាយ​ថា៖ «យើង​កំពុង​តែ​ធ្វើ​ការជាមួយ​នឹង​ហាង​ដុត​នំប៉័ង ដោយ​ធ្វើការ​ពិនិត្យ​ជាពិសេស​លើបញ្ហា​ការផ្គត់ផ្គង់​ និងតម្លៃនំប៉័ង​នៅ​តាម​ទីផ្សារ​ ។ យើង​ព្រួយបារម្ភ​ថាបញ្ហានេះ​ដោយ​សារ​តែ​តម្រូវ​ការ​នាំ​ចូល​ស្រូវ​សាឡី។ យើង​អាច​នឹង​មាន​លទ្ធភាព​ធ្វើ​នំប៉័ង​ដែល​ជា​ផលិតផល​ក្នុង​ស្រុក​១០០​ភាគរយ។ ក្នុង​នាម​ជា​រដ្ឋាភិបាល​ យើង​ចង់​ឲ្យប្រជាជន​ទូទៅ​អាច​ទិញ​នំប៉័ង​បាន​»។ ​

ផ្នែក​មួយ​នៃ​បញ្ហា​គឺ​ថា រោងចក្រ​កិន​ម្សៅ​ និង​សិប្បកម្ម​ដុត​នំ​មាន​ការ​ខាតបង់​ ដោយ​សារ​តែ​រដ្ឋាភិបាល​ជា​អ្នក​គ្រប់គ្រង​លើ​តម្លៃ។ ហើយជា​លទ្ធផល​ ពួកគេ​ផលិត​តិច​ជាង​មុន​ ដើម្បី⁠កាត់​បន្ថយ​ការ​ខាតបង់​នេះ។ ការណ៍​នេះ​បណ្តាល​ឲ្យ​មាន​កង្វះខាត​នំប៉័ងនៅលើទីផ្សារ និង​និង​ធ្វើមាន​នំប៉័ង​ឡើងថ្លៃ​ជាង​មុន។

ប៉ុន្តែ​លោក​ Ben Gilpin មក​ពី​សហជីព​ពាណិជ្ជកម្ម​កសិករ​ស៊ីមបាវ៉េ និយាយ​ថា ការ​ដាំស្រូវ​សាឡី​ត្រូវ​ការ​ចំណាយទុន​ច្រើន​ ដូច្នេះ​រដ្ឋាភិបាលរបស់​លោក​ប្រធានាធិបតី​ ​Emmerson Mnangagwa ត្រូវ​តែ​ធានា​ថា ទីផ្សារ​ស្រូវសាឡី​មាន​តម្លៃ​សមរម្យ​មួយ ដើម្បី​ដោះស្រាយ​កង្វះខាត​ និង​តម្លៃ​នំប៉័ង​នៅ​លើ​ទីផ្សារ។​

​លោក Gilpin ​និយាយ​ថា នៅ​ក្នុង​ចំណោម​កត្តា​ផ្សេងៗទៀត​ កសិករ​ត្រូវ​មាន​ចំណេះដឹង និងមាន​មធ្យោបាយ​ដើម្បី⁠សង្គ្រោះ​វិស័យ​កសិកម្ម ដែល​កំពុង​ជួប​បញ្ហា​ចាប់​តាំង​ពី​ឆ្នាំ​ ២០០០​មក​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចាប់​ផ្តើម​កាត់បន្ថយ​ការជួល​ដី​ចំការ​ឲ្យ​ទៅកសិករ​ពាណិជ្ជកម្ម​ស្បែក​ស ហើយ​ជួល​ចំការ​ឲ្យ​ទៅ​កសិករ​ស្បែក​ខ្មៅ​ជំនួស​វិញ​ដែល​ពួកគេ​ទាំងនោះ​ក្រីក្រ​និង​គ្មាន​បទពិសោធន៍។

លោក​ Gilpin បាន​និយាយ​ថា៖ «ប្រព័ន្ធ​ធារាសាស្ត្រ និង​ផលប៉ះពាល់​នៃ​ការ​ធ្វើ​កំណែទម្រង់​ដី​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ផលិតកម្ម​ស្រូវ​សាឡី។ តម្លៃ​ស្រូវ​សាឡី​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត។ តម្លៃ​បាន​ងើប​ឡើងវិញ ប៉ុន្តែ​ដើម្បី​ឲ្យ​តម្លៃ​អាច​ឡើង​ខ្ពស់​ប្រកបដោយ​ចិរភាពនោះ កត្តាសំខាន់​បំផុត​គឺ​ថា កសិករ​ត្រូវ​ការ​តម្លៃសមរម្យ​មួយ ហើយ​រោងចក្រ​កិន​ស្រូវ​ត្រូវ​ការ​ទូទាត់​ចំណាយ​របស់​ពួកគេបាន ហើយ​អ្នក​ម៉ៅការ​ក៏​ត្រូវ​ការ​ទិញ​ទំនិញ​នៅ​ក្នុង​តម្លៃ​មួយ​ដែល​អាច​ទទួល​យក​បាន​»។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​ កសិករ​និង​អាជីវកម្ម​ផ្សេងៗ​ទៀត​កំពុងស្វែង​រក​ដំណោះស្រាយ​ ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​ដូចជា​ លោក​ Gibson Nhema ​ត្រូវតែ​ស្វែង​រក​អាហារ​ផ្សេង​ទៀត​ជំនួស​ឲ្យ​នំប៉័ង​ដែលជាអាហារប្រចាំ​ថ្ងៃ ដូចជា​ ល្ពៅ ដំឡូង​ផ្អែម​ និង​សណ្តែក​ដី ដោយ​ក្តី​សង្ឃឹម​ថា​ពួកគេ​នឹង​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​គ្រប់គ្រង​តម្លៃ ដែល​បណ្តាល​ឲ្យ​មាន​ការ​ខ្វះខាត​ក្នុងការ​ផ្គត់ផ្គង់​ទំនិញ​លើ​ទីផ្សារ​នេះ៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា​