ស្រ្តី​ហ្ស៊ីមបាវ៉េ​បាន​ទទួល​កិត្តិយស​ដោយ​ត្រូវ​បាន​គេ​សង់​រូបសំណាក​របស់​លោកស្រី​ក្នុង​ទីក្រុង​ញូវយ៉ក

រូបសំណាកលោកស្រី Tererai Trent គឺជា រូបសំណាកមួយក្នុងចំណោម​រូបសំណាក «តំណាង​ឲ្យ​ភាពស្មើគ្នា»​ រចនាឡើងដោយ​លោកស្រី Gille និងលោក Marc Schattner។

នៅ​ដើម​​ខែកញ្ញា​នេះ លោកស្រី Tererai Trent បាន​ឃើញ​រូបសំណាក​របស់​លោកស្រី​នៅ​ឈរ​ទន្ទឹម​នឹង​រូបសំណាក​របស់​លោកស្រី Oprah Winfrey ​ធ្វើ​ពី​សំរិទ្ធ​នៅ​ទីក្រុង​ញូយ៉​ក។ លោកស្រីជា ​មនុស្ស​ស្រី​​ដែល​មាន​ដើមកំណើត​អាហ្វ្រិក​តែ​ម្នាក់គត់ ដែល​​ទទួល​កិត្តិយស​ដោយ​ត្រូវ​បាន​គេ​សង់​រូបសំណាក​«តំណាង​ឲ្យ​ភាពស្មើគ្នា»​។

ស្រ្តី​ដែល​ជា​សប្បុរសជន​ជនជាតិ​ហ្ស៊ីមបាវ៉េ​មួយ​រូបបាន​ទទួល​កិត្តិយស​ដោយ​ត្រូវ​បាន​គេ​សង់​រូបសំណាក​របស់​លោកស្រី​ក្នុង​ទីក្រុង​ញូយ៉ក។ លោកស្រីជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​មនុស្ស​ដទៃ​ទៀត​ដែល​ត្រូវ​បាន​គេ​សង់​រូបសំណាក​ដែល ​«តំណាង​ឲ្យ​ភាពស្មើគ្នា» ដែល​ត្រូវ​បាន​សង់​ឡើង​ដោយ​ជាង​ចម្លាក់​ដែល​ជា​ស្វាមី​ភរិយា​មួយ​គូ គឺ​លោកស្រី Gillie និង​លោក Marc Schattner។

លោកស្រី Tererai Trent ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​កម្មវិធី Oprah Winfrey នៅ​ឆ្នាំ២០០៩ ហើយ​បាន​លើកទឹកចិត្ត​ដល់​មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​តាមរយៈ​រឿងរ៉ាវ​របស់​លោកស្រី ដែល​ជម្នះ​ឧបសគ្គ​ដើម្បី​សម្រេច​សុបិន្ត​នៃ​ការបញ្ចប់​ការសិក្សា​របស់​លោកស្រី។

នៅ​ដើមខែកញ្ញា​កន្លង​ទៅ​នេះ លោកស្រី Tererai Trent បាន​ឃើញ​រូបសំណាក​របស់​លោកស្រី​នៅ​ឈរ​ទន្ទឹម​នឹង​រូបសំណាក​របស់​លោកស្រី Oprah Winfrey ដែល​ធ្វើ​ពី​សំរិទ្ធ​នៅក្នុង​ទីក្រុង​ញូយ៉​ក។ លោកស្រីគឺ​ជា ​មនុស្ស​ស្រីដែល​មាន​ដើមកំណើត​អាហ្វ្រិក​តែ​ម្នាក់គត់ ដែល​បាន​ទទួល​កិត្តិយស​ដោយ​ត្រូវ​បាន​គេ​សង់​រូបសំណាក​«តំណាង​ឲ្យ​ភាពស្មើគ្នា»​នេះ។

អ្នកអប់រំ និង​សប្បុរសជន​ជនជាតិ​ហ្ស៊ីមបាវ៉េរូប​នេះ គឺជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​មនុស្ស១០នាក់ ដែល​ត្រូវ​បាន​គេ​សង់​រូបសំណាក​ដែល ​«តំណាង​ឲ្យ​ភាពស្មើគ្នា» ដែល​ត្រូវ​បាន​សង់ឡើង​ដោយ​ជាង​ចម្លាក់​ដែល​ជា​ស្វាមី​ភរិយា​មួយ​គូ គឺ​លោកស្រី Gillie និងលោក Marc Schattner។ រូបសំណាក​របស់​លោកស្រី Trent នេះ មាន​ដៃ​ទាំងពីរ​លើក​ឡើង ដែល​មើល​ទៅ​ដូចជា​ការលើក​ដៃ​ស្វាគមន៍ ហើយ​មាន​ស្លឹកផ្កា​លីលី នៅ​ព័ទ្ធ​ជុំវិញ​នៅផ្នែក​ខាងក្រោម​នៃ​រូបសំណាក​នេះ។ ផ្កាលីលី​នេះជា​ផ្កា​តំណាង​ឲ្យ​ប្រទេស​របស់​លោកស្រី។

លោកស្រី Gillie Schattner ដែល​ជាង​ចម្លាក់​ម្នាក់​ក្នុងចំណោម​ជាង​ចម្លាក់​ពីរនាក់​ដែល​សង់​រូបសំណាក​របស់​លោកស្រី Tererai Trent បាន​ថ្លែង​នៅឯ​ពិធី​បើក​បង្ហាញ​រូបសំណាក​នេះ យ៉ាងដូច្នេះ​ថា៖

«ការបង្ហាញ​រូបសំណាក​របស់​ស្រ្តី​ទាំងនេះ ដែល​ធំ​ជាង​រូបរាង​ពិត​របស់​ពួកគេ​នោះ នឹង​ជួយ​ផ្លាស់ប្តូរ​សង្គម​យើង។ វា​ជា​ការផ្លាស់ប្តូរ ដែល​លើកស្ទួយ​ជីវិត​ស្រ្តី​នៅ​ជុំវិញ​ពិភពលោក។ វា​ជា​ការផ្លាស់ប្តូរ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​សមភាព​យេនឌ័រ នៅក្នុង​ការប្រកប​វិជ្ជាជីវៈ ឧស្សហកម្ម និង​នៅ​តាម​ផ្ទះ»។

ចំណែកឯ​លោកស្រី Trent វិញ​បាន​ថ្លែង​ថា៖

«ខ្ញុំ​មក​ពី​គ្រួសារ​ដ៏ក្រីក្រ​មួយ។ ខ្ញុំ​ធំ​ដឹងក្តី នៅក្នុង​ភាពក្រីក្រ។ ខ្ញុំ​មាន​កូន​បួន​នាក់ មុន​ពេល​ខ្ញុំ​មាន​អាយុ​១៨ឆ្នាំ។ ក៏ប៉ុន្តែ ដោយសារ​ការគិត​ថា អំណាច​នៃ​ភាពជឿជាក់​ទៅ​លើ​ការសម្រេច​សុបិន​នោះ ថ្ងៃ​នេះ ខ្ញុំ​បាន​ទទួល​ការអបអរ។ ហើយ​ការគិត​ទៅ​ដល់​ថា រូបសំណាក​របស់​ខ្ញុំ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅក្នុង​ទីក្រុងញូយ៉ក ដែល​ជា​ទីក្រុង​ដ៏​ល្បី​បំផុត​ក្នុង​ពិភពលោក​នោះ គឺ​វា​មិន​គួរ​ឲ្យ​ជឿ​ទាល់តែសោះ។ សូម្បីតែ​យាយ និង​ម្តាយ​របស់​ខ្ញុំ ក៏​មិន​ដែល​សុបិន​អំពី​រឿង​នេះ​ដែរ»។

លោកស្រី Trent បាន​ធំ​ដឹងក្តី​នៅក្នុង​ភូមិ​មួយ ហើយ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​សាលារៀន​ដោយសារតែ ខ្លួន​ជា​មនុស្ស​ស្រី ដែល​រឿង​នេះ ក៏​បាន​កើត​ឡើង​ចំពោះ​ម្តាយ និង​យាយ​របស់​លោកស្រី​ផងដែរ។ លោកស្រី បាន​រៀន​អាន​អក្សរ​ដោយ​សម្ងាត់ តាមរយៈ​ការប្រើ​សៀវភៅ​របស់​បងប្អូនប្រុស​របស់​លោកស្រី ក៏ប៉ុន្តែ លោកស្រី​បាន​រៀបការ​ជាមួយ​មនុស្ស​ប្រុស​ដ៏យង់ឃ្នង​ម្នាក់ នៅពេល​លោកស្រី​អាយុ ១១ឆ្នាំ។

ក៏ប៉ុន្តែលោកស្រី​មិន​អនុញ្ញាត​ឲ្យ​សុបិន​របស់​លោកស្រី​រលាយ​បាត់​ទៅ​នោះ​ទេ។ លោកស្រី បាន​ផ្លាស់​មក​រស់នៅ​សហរដ្ឋ​អាមេរិក ហើយ​បាន​បញ្ចប់​ការសិក្សា ដែល​នៅ​ទីបំផុត​លោកស្រី បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត ក្រោយពី​ការខិតខំ​ប្រឹងប្រែង​អស់រយៈ​ពេល ២០ឆ្នាំ។ លោកស្រីបាន​បង្រៀន​អំពី​សុខភាព​សាកល នៅ​សាកល​វិទ្យាល័យ Drexel ហើយ​បច្ចុប្បន្ន​នេះ លោកស្រី​កំពុងតែ​គ្រប់គ្រង​មូលនិធិ​មួយ​ដែល​មាន​ឈ្មោះ​ថា Tererai Trent International Foundation ដែល​មូលនិធិ​នេះ​ផ្តោត​ទៅ​លើ ការផ្តល់​ការអប់រំ​ដល់​កុមារ​នៅក្នុង​តំបន់​ជនបទ​នៅក្នុង​ប្រទេស​ហ្ស៊ីមបាវ៉េ។ លោកស្រី​ត្រូវ​បាន​គេ​ស្វែងរក​ដើម្បី​អញ្ជើញ​ឲ្យ​និយាយ​ជាសាធារណៈ និង​ជា​អ្នកនិពន្ធ។

លោកស្រី Trent បាន​ថ្លែង​ថា៖

«នៅ​ពេល​ដែល​ស្រ្តី​ម្នាក់ ត្រូវ​បាន​គេ​បំបិត​មាត់​នោះ មួយ​ផ្នែក​នៃ​ស្រ្តី​យើង​ទាំងអស់​គ្នា​ក៏​ត្រូវ​បាន​បំបិត​មាត់​ដែរ។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ស្រ្តី​យើង​ងើប​ឡើង និង​បាន​ការទទួល​ស្គាល់​នៅក្នុង​វិស័យ​សាធារណៈ​នានា​នោះ យើង​ទាំងអស់គ្នា ក៏ទទួល​បាន​ភាពរីករាយ​យ៉ាងពិតប្រាកដ ដោយ​ដឹង​ថា​ យើង​ទាំងអស់គ្នា គឺ​មាន​ភាព​ស្មើគ្នា​នឹង​បុរស»។

អ្នកស្រី Anesu Munengwa ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី​នៃ​មូលនិធិ Tererai Trent International Foundation បាន​និយាយ​ថា លោកស្រី Trent មិន​បាន​ភ្លេច​ខ្លួន​ដោយសារ​ភាពល្បីល្បាញ​ទេ។ លោកស្រី បាន​បន្ត​ធ្វើ នូវ​អ្វី​ដែល​លោកស្រី​បាន​ធ្វើ​ដោយ​ស្ងៀមស្ងាត់ ហេតុដូច្នេះ​ហើយ ជួនកាល​យើង​ត្រូវ​រំឭក​មនុស្ស​ទូទៅ​អំពី​ការងារ​ដែល​លោកស្រី​កំពុង​ធ្វើ និង​ផល​នៃ​ការងារ​នោះ​ទៅ​លើ​សហគមន៍​របស់​លោកស្រី»។

រឿងរ៉ាវ​របស់​លោកស្រីបាន​លើក​ទឹកចិត្ត​មនុស្ស​ទូទៅ​នៅ​ជុំវិញ​ពិភពលោក។ លោកស្រី Oprah Winfrey បាន​ប្រកាស​ថា លោកស្រី​នឹង​ឧបត្ថម្ភ​ប្រាក់ ១លាន ៥សែន ដុល្លារ ដើម្បី​ជួយ​លោកស្រី Trent ក្នុងការ​សង់​សាលារៀន។ រហូត​ដល់​សព្វថ្ងៃ​នេះ ពួកគេ​សង់​សាលារៀន បាន ១២ អាគារ នៅក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ និង​បាន​ជួយ​កុមារ​ចំនួន ៣៨.០០០នាក់ ឲ្យ​ទទួល​បាន​ការអប់រំ។ ឥឡូវ​នេះ ពួកគេ​ខ្លះ កំពុងតែ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ។

អ្នកស្រី Beatrice Nyamweda ដែល​ជា​មិត្តភ័ក្រ្ត​របស់​លោកស្រី Trent រយៈ​ពេល​៣៥​ឆ្នាំ​មក​ហើយ បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្ស៊ីមបាវ៉េ ដើម្បី​ចូលរួម​ពិធី​បើក​បង្ហាញ​រូបសំណាក​នេះ។ អ្នកស្រី បាន​និយាយ​ថា ផល​ដែល​ទទួល​បាន​ដោយសារ​លោកស្រី Trent កំពុងតែ​កើត​មាន​ឡើង​នៅក្នុង​សហគមន៍​នានា​ក្នុង​ប្រទេស​ហ្ស៊ីមបាវ៉េ ដែល​ការទទួលបាន​ឱកាស មាន​ការខ្វះខាត។

អ្នកស្រី Beatrice Nyamweda ថ្លែងថា៖

«មាន​កុមារ​១០នាក់ ដែល​បាន​ទៅ​សាលារៀន​របស់​អ្នកស្រី ហើយ​បច្ចុប្បន្ន​នេះ បាន​ចាប់ផ្តើម​ចូលរៀន​នៅ​សាកល​វិទ្យាល័យ​ហើយ។ លោកស្រី បាន​ផ្លាស់ប្តូរ​ជីវិត​កុមារ​ទាំងនេះ ដែល​ពួកគេ​ទាំងនោះ មាន​ប្រាជ្ញា​វ័យឆ្លាត ក៏ប៉ុន្តែ ខ្វះ​ធនធាន។ ចំពោះ​រឿង​នេះ ខ្ញុំ​មាន​មោទនភាព​ចំពោះ​លោកស្រី»។

នៅក្នុង​អំឡុងពេល​ពិធី​បើក​បង្ហាញ​រូបសំណាក លោកស្រី Trent បាន​និយាយ​ថា ភាពរីករាយ​ខ្លាំង​បំផុត​របស់​លោកស្រី គឺ​ការផ្តល់​ឲ្យ​បន្ត​នូវ​ឱកាស​ដែល​អ្នកស្រី​បាន​ទទួល។ អ្នកស្រី បាន​សម្រេចចិត្ត​យ៉ាងមុតមាំ ក្នុង​ការបញ្ចប់​ភាពក្រីក្រ​ដែល​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ និង​ការដាក់​គំនាប​ទៅ​លើ​ស្រ្តី​នៅក្នុង​គ្រួសារ​របស់​លោកស្រី​ជាច្រើន​ជំនាន់។

លោកស្រី Trent បាន​ថ្លែង​ថា៖

«យាយ​របស់​ខ្ញុំ ធ្លាប់​និយាយ​ថា នៅពេលដែល​ខ្ញុំគិត​ដល់​យាយទួត​របស់​ខ្ញុំ នៅ​ពេល​ដែល​គាត់​កើត គឺ​គាត់​មាន​បន្ទុក​ជាប់​ខ្លួន។ បន្ទុក​នោះ គឺ​ភាពក្រីក្រ និង​បន្ទុក​ដែល​ត្រូវ​រៀបការ​ទាំងខ្លួន​មិនទាន់​គ្រប់អាយុ។ ដូច្នេះ ក្នុង​នាម​ជាស្រ្តី និង​ជា​បុគ្គល​ម្នាក់ យើង​មាន​ជម្រើស​ក្នុងការ​និយាយ​ថា ខ្ញុំ​ចង់​បន្ត​បន្ទុក​ដ៏​អាក្រក់​នេះ ឬ ថាតើ​ខ្ញុំ​ចង់​ធ្វើ​សកម្មភាព​អ្វី​មួយ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ដើម្បី​បង្ហាញ និង​ថាតើ​អ្វីដែល​ខ្ញុំ​ចង់​ឲ្យបន្ត​ទៅ​មនុស្ស​ជំនាន់ក្រោយ? ខ្ញុំ​សម្រេច​ថា ខ្ញុំ​ចង់​ឲ្យ​បន្ត​ដល់​ក្មេង​ជំនាន់​ក្រោយ នូវ​ការអប់រំ»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់