ស៊ីមបាវ៉េ​ស្វះស្វែង​​ធ្វើ​បត្យាប័ន​​ជន​អាមេរិកាំង​ដែល​សម្លាប់​សត្វ​តោ

ក្រុម​បាតុករ​លើក​ស្លាក​ក្នុង​ពេលបាតុកម្ម​​ប្រឆាំង​ការ​សម្លាប់​សត្វ​តោ​ស៊ីមបាវ៉េ​​មួយ​ក្បាល​ដ៏ល្បី​ល្បាញនៅ​ក្រៅ​ពេទ្យធ្មេញ​River Bluff ​​​នា​ទី​ក្រុង​Bloomington នៃរដ្ឋ​ Minnesota ថ្ងៃ​២៩​កក្កដា​ឆ្នាំ​២០១៥។

ក្រុម​មន្ត្រី​ស៊ីមបាវ៉េ​កំពុង​ស្វះ​ស្វែងធ្វើ​បត្យាប័ន​ជន​អាមេរិកាំង​ម្នាក់​ឲ្យ​មក​បំភ្លឺ​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​សម្លាប់​សត្វ​តោ​និមិត្ត​រូប​មួយ​ ដែល​គេ​ស្គាល់​តាម​ឈ្មោះថា​ Cecil។ ចំណែក​ក្រុម​អ្នក​អភិរក្ស​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​ក្រុង​ហារ៉ារ៉េ​ត្រូវ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ​ដែល​ជំរុញ​ឲ្យ​ប្រជាជន​បង្ខំ​ចិត្ត​បរបាញ់​សត្វ​ព្រៃ។ Sebastian Mhofu ធ្វើ​សេចក្តី​រាយការណ៍​ពី​រដ្ឋធានី​ ហារ៉ារ៉េ​សម្រាប់​ វីអូអេ​។

លោកOppah Muchinguri រដ្ឋមន្ត្រី​បរិស្ថាន​ ធនធាន​ទឹក​ និង​អាកាសធាតុ កាល​ពី​ថ្ងៃ​សុក្រ ទី០៧ ខែ​កក្កដា បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ រដ្ឋាភិបាល​ក្រុង​ហារ៉ារ៉េ​សង្ឃឹម​ថា​ រដ្ឋាភិបាល​លោក​បារ៉ាក់​អូបាម៉ា​នឹង​សហការ​ក្នុង​ធ្វើ​បត្យាប័ន​ជនជាតិ​អាមេរិក​ម្នាក់​មាន​ឈ្មោះ​ថា Walter Palmer​ មក​ពី​រដ្ឋMinnesota​ ដែល​បុរស​នេះ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថា ​បាន​លួច​បាញ់​សម្លាប់​សត្វ​តោ Cecil ដោយ​ខុស​ច្បាប់​។

លោក Oppah បាន​បន្ត​ថា​ «នីតិវិធី​បានចាប់​ផ្តើម​ដំណើរ​ការ​ហើយ ​ហើយ​យើង​កំពុង​រង់​ចាំ​ការ​ធ្វើ​បត្យាប័ន​បុរសនេះ។ បច្ចុប្បន្ន​នេះ​ មាន​ការ​តវ៉ា​ជា​សាធារណៈ​ពី​សំណាក់​ប្រជាជន​ច្រើន​ណាស់​ ។ ខ្ញុំ​រីករាយ​ណាស់​ដែល​មាន​ប្រជាជន​ជិត​ដល់​៥០០.០០០​នាក់​ឯណោះ​ បាន​ទាមទារ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Facebookឲ្យ​មាន​ការ​ធ្វើបត្យាប័ន​ជនជាតិ​អាមេរិក​រូប​នេះ។ នេះ​ជា​គាំទ្រ​ដែល​យើង​ត្រូវ​ការ។ យើង​គិត​គូ​រពីបញ្ហា​នេះ​យ៉ាង​ម៉ត់​ចត់​បំផុត។ យើង​ចង់​ឲ្យ​គេ​ទទួល​ការ​កាត់ទោស​នៅ​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​ធ្វើ​បត្យាប័ន​មក​ស៊ីមបាវ៉េ​ដើម្បី​ទទួល​ការ​កាត់ទោស​លើ​បទ​ឧក្រិដ្ឋ​ដែល​គេ​បាន​ប្រព្រឹត្ត​។

សវនាការ​កាត់​ទោស​ Theodro Bronkhorst ​អ្នក​ប្រមាញ់​ដ៏​ជំនាញ​ជនជាតិ​ស៊ីមបារ៉េ​ដែល​ទៅ​បរបាញ់​ជាមួយ​ Palmer នោះ​បានចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ពុធ​ម្ល៉េះ​នៅ​ក្នុង​ទីក្រុង​ Hwange ដែល​ស្ថិត​នៅ​ចម្ងាយ​៧០០គីឡូម៉ែត្រ​ភាគនិរតី​នៃ​រដ្ឋធានី ហារ៉ារ៉េ។

មន្ត្រី​ប៉ូលិស​ស៊ីមបាវ៉េ​បាន​ឲ្យ​ដឹង​ថា​ ជន​ល្មើស​Bronkhorst​ និង​បុរស​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា​ Honest Ndlovu បាន​ទទួល​លុយ​៥០.០០០ដុល្លារ​ ដើម្បី​ជួយ​ Palmer សម្លាប់​សត្វ​តោដែល​មាន​អាយុ​ក្រោម​១៣ឆ្នាំ​នេះ។

សត្វ​តោ​ Celcil ត្រូវបាន​គេ​ស្គាល់​ថា​ជា សត្វ​ដែល​រាក់​ទាក់​ជា​មួយ​មនុស្ស​ ហើយ​វា​ក៏ជួយ​ទាក់​ទាញ​អ្នក​ទេសចរ​យ៉ាង​ច្រើន​ឲ្យ​មក​កំសាន្ត​នៅ​ឧទ្យាន​ជាតិ ​Hwangeថែម​ទៀត​ផង។ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ សាកល​វិទ្យាល័យ​ Oxford​ នៅ​អង់គ្លេស​ ធ្លាប់​បាន​ប្រើប្រាស់​វា​នៅ​ក្នុង​ការ​សិក្សា​មួយ​ផង​ដែរ​។

លោក Johnny Rodrigues ប្រធាន​ក្រុម​ការ​ងារ​អភិរក្ស​ បាន​និយាយ​ថា​ ការ​ចាប់​ខ្លួន​ និង​កាត់​ទោស​ក្រុម​អ្នក​បរបាញ់​សត្វ​នឹង​មិន​ជួយ​ដល់​ការ​ប្រឆាំង​ការ​បរបាញ់​សត្វ​នៅ​ស៊ីមបាវ៉េ​ខ្លាំង​ប៉ុន្មាន​ឡើយ។

លោក​បាន​បន្ថែម​ថា ​«​ប្រជាជន​ដែល​រស់​នៅ​ជុំវិញ​កន្លែង​ដែល​សត្វ​ព្រៃ​រស់​នៅ​មិន​ទទួល​បាន​ប្រយោជន៍​អ្វី​ឡើយ។ អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​មាន​តែ​ក្រុម​ប្រជាជន​ ដែល​ជាអ្នក​ជួល​ដី និង​សម្ភារៈ​សម្រាប់​បរបាញ់​សត្វ​ប៉ុណ្ណោះ។ គ្មាន​អ្វី​ទាល់​តែ​សោះ​ ដែល​ក្លាយ​ជា​ប្រយោជន៍​របស់​សហគមន៍។ សហគមន៍​ទាំង​នោះ​គួរ​តែ​ក្លាយ​ជា​ភាគី​ដែល​អាច​ទទួល​ភាគហ៊ុន​ ដូច្នេះ​ពួកគេ​អាចបង្កើត​ការងារ​សម្រាប់​ប្រជាជន​។ ហើយ​ប្រយោជន៍​នឹង​ធំ​ល្មម​សម្រាប់​បែងចែក​គ្នាបាន»​។

តាមវិធី​នេះ​ប្រជាជន​ស៊ីមបាវ៉េ​នឹង​មាន​ប្រភព​ចំណូល​ស្រប​ច្បាប់​ និង​ច្បាស់​លាស់ ហើយ​ពួកគេ​ក៏នឹង​មិន​ត្រូវ​គេ​អូសទាញ​ឲ្យ​ទៅ​សហការ​ជាមួយ​ក្រុមជន​បរទេស​ដែល​មាន​បំណង​ចង់​សម្លាប់​សត្វ​ព្រៃ​នៅ​ក្នុង​ប្រទេស​នោះ​ផង​ដែរ៕

ប្រែសម្រួល​ដោយ​ សៅ​ ផលនិស្ស័យ