លោក Mugabe អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ ថ្កោលទោស​អតីត​គណបក្ស​របស់​លោក នៅ​មុន​ការ​បោះឆ្នោត

លោក Robert Mugabe អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ភូមិ​គ្រឹះ​របស់​លោក​នៅ​ក្នុង​ក្រុង Harare កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

អតីត​ប្រធានាធិបតី​ប្រទេស​ស៊ីមបាវ៉េ លោក Robert Mugabe កាល​ពី​ថ្ងៃ​អាទិត្យ រិះគន់​គណបក្ស​នយោបាយ​ដែល​លោក​បាន​បង្កើត​ឡើង​ថា លោក​មិន​អាច​បោះឆ្នោត​ឲ្យ​គណបក្ស ZANU-PF ដែល​ជា​គណបក្ស​កាន់​អំណាច​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ទេ។ ​

ការ​បោះឆ្នោត​នេះ​គឺ​ជា​ការ​បោះឆ្នោត​ដំបូង​បង្អស់​រយៈពេល​៣៨​ឆ្នាំ ដែល​គ្មាន​ឈ្មោះលោក Mugabe នៅ​លើ​សន្លឹក​ឆ្នោត ក្នុង​នាម​ជា​ប្រធាន​គណបក្ស ZANU-PF។ លោក​បាន​លាលែង​ពី​តំណែង​កាល​ពី​ខែ​វិច្ឆិកា ក្រោម​សម្ពាធ​ពី​យោធា។ អនុប្រធានាធិបតី​រយៈពេល​យូរ​របស់​លោក គឺ​លោក Emmerson Mnangagwa វ័យ​៧៥​ឆ្នាំ បាន​ឡើង​កាន់​អំណាច​បន្ត ហើយ​ឥឡូវ​នេះ​កំពុង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី។

លោក Mugabe ​បាន​អញ្ជើញ​អ្នក​កាសែត​ទៅ​កាន់​ភូមិគ្រឹះ Blue Roof របស់​លោក នៅ​ជាយក្រុង Harare ដែល​សម្បូរ​អ្នក​មាន​ទ្រព្យសម្បត្តិ។ លោក​បាន​និយាយ​យឺតៗ​ដោយ​ឥតអាក់​អស់​រយៈពេល​ជាង​២ម៉ោង។

នៅ​ពេល​សួរ​ចំៗ​ថា​នរណា​ដែល​លោក​នឹង​ជ្រើសរើស​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​នេះ លោក Mugabe បាន​បដិសេធ​មិន​ឆ្លើយ។

ថ្វីត្បិត​តែ​បេក្ខជន​២៣​នាក់​បាន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ក៏​ដោយ ក៏​ការ​បោះឆ្នោត​នេះ​ផ្តោត​តែ​លើ​បេក្ខជន​ពីរ​នាក់​សំខាន់​ប៉ុណ្ណោះ គឺ​លោក Mnangagwa ត្រូវ​ប្រជែង​ជាមួយ​នឹង​មេដឹកនាំ​ថ្មី​នៃ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​គឺ​លោក Nelson Chamisa វ័យ​៤០​ឆ្នាំ៕