គណបក្សប្រឆាំងនៅប្រទេសស៊ីមបាវ៉េបានសម្តែងការសង្ស័យខ្លាច គណបក្ស ZANU-PF ដែលកាន់អំណាចនឹងមិនអនុញ្ញាតឲ្យមានដំណើរការបោះឆ្នោតដោយយុត្តិធម៌និងដោយសន្តិភាពទេ នៅចុងខែនេះបន្ទាប់ពីមន្ត្រី គណបក្ស កាន់អំណាចមិនបានចូលរួមក្នុងបទបង្ហាញរបស់អង្គការលើកលែងទោសអន្តរជាតិអំពីវិបត្តិសិទ្ធិមនុស្ស កាលពីថ្ងៃព្រហស្បតិ៍។ គណបក្ស ZANU-PF និយាយថា ខ្លួនមិនបានទទួលព័ត៌មានអំពីកម្មវិធី៍នេះទេ។
លោក Sebastian Mhofu រាយការណ៍ពីទីក្រុង Harare មកថា សមាជិកគណបក្សនយោបាយនៅប្រទេស Zimbabwe ជាច្រើន បានចូលរួមនៅក្នុងកម្មវិធីរបស់អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ នៅពេលអង្គការនេះបង្ហាញសេចក្តីថ្លែងការណ៍របស់ខ្លួនអំពី សិទ្ធិមនុស្សនៅក្នុងទីក្រុង Harare ។
លោក Muleya Mwananyanda អនុប្រធានអង្គការលើកលែងទោសអន្តរជាតិនៅអាហ្វ្រិកខាងត្បូង បាននិយាយថាប្រទេសស៊ីមបាវ៉េ មានការរំលោភសិទិ្ធមនុស្សជាច្រើនឆ្នាំមកហើយ ដូចជាការបាត់ខ្លួនដោយបង្ខំ។ ក្រុមសិទ្ធិមនុស្សតែងតែចោទប្រកាន់លោក Robert Mugabe អតីតប្រធានាធិបតីពីបទធ្វើការចាប់ខ្លួន ធ្វើទារុណកម្ម ចាប់ជំរិត និងវាយដំ ដើម្បីរក្សាការក្តាប់អំណាចរបស់លោក។ លោក Mwananyanda បាននិយាយថា អំពើបែបនេះត្រូវតែបញ្ចប់៕