ប្រទស​ស៊ីមបាវ៉េ​បង្ខំឲ្យ​ក្រុមហ៊ុន​ជាច្រើន​ផ្ទេរ​លុយ​ចូល​ក្នុង​ប្រទេសវិញ

  • Sebastian Mhofu

លោក​ Nelson Chamisa តំណាង​រាស្រ្ត​មកពី​គណបក្ស​ចលនា​ដើម្បី​មានការផ្លាស់ប្តូរ​បែបប្រជា​ធិបតេយ្យ​ដែលជា​គណបក្សប្រឆាំង​ធំជាងគេរបស់​ប្រទេសស៊ីម​បាវ៉េ ឡើង​ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​នៅទីស្តីការ​គណបក្ស ក្នុងរដ្ឋធានី​ ហា​រ៉ារ៉េ (រូបថត​ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ២០០៩)​។

សប្តាហ៍​នេះ​ ប្រធានាធិបតី​ប្រទេស​ស៊ីមបាវ៉េ​ បាន​បញ្ចេញ​បញ្ជី​ឈ្មោះក្រុមហ៊ុន​ដែល​ត្រូវ​បានគេ​គិតថា​បាន​ផ្ទេរលុយ​ខុសច្បាប់​រាប់រយលាន​ដុល្លារ​ចេញ​ពីប្រទេស​នេះ។​ រដ្ឋាភិបាល​បាន​គំរាមនឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើក្រុមហ៊ុន​ទាំងនោះ​ ប្រសិន​បើក្រុមហ៊ុន​ទាំងនោះ​មិនផ្ទេរ​លុយ​ទាំងនោះ​ចូល​ក្នុងប្រទេស​វិញ។ ក្រុម​មេធាវី​ និងគណបក្ស​ប្រឆាំង​ យល់ថា​នេះជា​ល្បិច​របស់​លោក​ប្រធានាធិបតី​ធ្វើឲ្យមាន​ការទាក់ទាញ​បែប​ចំហមួយ​ ស្របពេល​ប្រទេស​នេះ​ គ្មានអំណាច​ផ្លូវច្បាប់លើ​រឿងនេះ។

ដោយ​សង្ឃឹម​ថានឹង​អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​មិនសូវ​ល្អអាច​ប្រសើរ​ឡើងវិញ​បាន​ រដ្ឋាភិបាល​ប្រទេស​ស៊ីមបាវ៉េ​ បាន​កំណត់​ឲ្យ​ក្រុមហ៊ុន​ និងបុគ្គល​នានា​ផ្ទេរ​ថវិកា១,៤ពាន់​លានដុល្លារ​ចូលក្នុង​ប្រទេសវិញ​ ដែល​រដ្ឋាភិបាល​យល់​ថា​ទឹកប្រាក់​ទាំងនេះ​បានផ្ទេរ​ចេញ​ខុសច្បាប់​ទៅបរទេស​ក្នុងរយៈ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ។

ក្នុង​សប្តាហ៍នេះ​ លោក​ប្រធានាធិបតី​ Emmerson Mnangagwa បាន​បញ្ចេញ​បញ្ជីឈ្មោះ​ក្រុមហ៊ុន​ដែលមិន​បាន​សហការ​ក្នុង​យុទ្ធនាការ​របស់លោក។ លោក​បានថ្លែង​ថា​ទឹកប្រាក់​ជាង​៨២០លាន​ដុល្លារ​មិនទាន់​បានផ្ទេរ​ចូល​ក្នុងប្រទេស​នៅឡើយ​ បើទោះ​ជាលោក​បានពន្យារ​ការអនុគ្រោះ រយៈពេល​៣ខែ ​រាប់​ចាប់តាំង​ពីខែធ្នូ​ក៏ដោយ។

លោក​ Tendai Biti ជា​ប្រធាន​គណបក្សប្រឆាំង​ និង​ជាអតីត​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ប្រទេស​ស៊ីមបាវ៉េ​ បាន​និយាយថា​ បញ្ហារឿងថវិកាដែល​ត្រូវបញ្ជូន​ទៅ​ក្រៅប្រទេសបានចប់តាំងពី​ឆ្នាំ២០០៩​ គឺ​នៅពេល​ដែល​ប្រទេស​ស៊ីមបាវ៉េ​បាន​បោះបង់​ចោល​រូបិយប័ណ្ណ​ដុល្លារ​គ្មានតម្លៃ​របស់ខ្លួន​ និង​សម្រេច​អនុវត្ត​ប្រព័ន្ធ​ពហុរូបិយប័ណ្ណ​ដែល​គ្រប់ដណ្តប់​យ៉ាង​ទូលំទូលាយ​ដោយ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក។

លោក​បាន​និយាយ​ថា​៖

"រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​គឺជា​រូបិយប័ណ្ណ​ប្រាក់​ស្រប​ច្បាប់​ក្នុងប្រទេស​នេះ។ នៅពេល​លោកអ្នក​និយាយ​អំពីថវិកា​ទុក​នៅ​ក្រៅ​ប្រទេស​ លោកអ្នក​កំពុង​និយាយ​ពីការទទួល​រូបិយ​ប័ណ្ណ​បរទេស​ដែល​មិនមែនជា​រូបិយប័ណ្ណ​ស្របច្បាប់​នៅខាងក្រៅ​ប្រទេស​ស៊ីមបាវ៉េ​។​ បញ្ហា​ចម្បង​ ដែល​បង្ក​បញ្ហាដល់សេដ្ឋកិច្ច​យើង​បច្ចុប្បន្ន​ គឺមិនមែន​ថវិកា​ត្រូវបញ្ជូន​ទៅទុក​ប្រើ​ប្រាស់​នៅ​ក្រៅ​ប្រទេស​ទេ​។​ បញ្ហា​នោះគឺត្រង់​ប្រទេស​យើង​មិនបាន​ផលិត​អ្វី​សោះ។​ យើង​មិនមាន​នាំ​ទំនិញ​ចេញ​ តែ​នៅពេល​ដែលយើង​នាំទំនិញ​ចេញវិញ​ យើង​ក៏នឹង​មិនអាច​ទទួល​បាន​វិក្កយ​បត្រ​ ជា​រូបិយ​ប័ណ្ណ​បរទេស​ដែរ”។

ប៉ុន្តែ​លោក​ Terence Mukupe អនុរដ្ឋ​មន្រ្តីហិរញ្ញវត្ថុ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសស៊ីមបាវ៉េ​ បាន​និយាយថា​ ការ​ផ្ទេរ​លុយចូល​ក្នុង​ប្រទេសវិញ​គឺជាកត្តា​គន្លឹះ​សម្រាប់​ធ្វើឲ្យ​សេដ្ឋកិច្ច​ដ៏​ដុនដាប​អស់​រយៈ​ពេល​ជាយូរ​របស់​ប្រទេស​ស៊ីមបាវ៉េ បានប្រសើរ​ឡើង​វិញ។

លោក​ Terence Mukupe បាន​និយាយថា​៖

"ទឹកប្រាក់​៨០០លាន​ដុល្លារនៅ​លើបញ្ជី​ គឺជា​ចំនួន​ពិត​ប្រាកដ។ ​ឧបមាថា​ទឹកប្រាក់​៨០០លាន​ដុល្លារ​នេះ​ចូលមក​ក្នុងគណនេយ្យធនាគារ​មួយ ​ដែល​ទទួល​រូបិយប័ណ្ណ​បរទេស​ក្នុងប្រទេសយើងនោះ​ វា​នឹង​មាន​ភាពខុសប្លែក​ធំធេង​ណាស់។​ យើង​កំពុង​តែ​និយាយ​ត្រឹមតែ​២៥​ភាគរយ​នៃទំហំ​ទឹកប្រាក់​នៃការ​នាំចូលតែ​ប៉ុណ្ណោះ។​ ប្រសិន​បើយើង​អាច​យកទឹក​ប្រាប់​រាប់ពាន់​លាន​ដុល្លារ​នោះមកវិញ​ នោះ​នឹងអាច​ដឹងថា​យើងអាច​ប្រើប្រាស់វា​សម្រាប់​ប្រជាជន​សាមញ្ញៗ​បាន​ប៉ុណ្ណា​ហើយ។​ ថវិកា​នោះ​នឹងអាច​ផ្លាស់ប្តូរ​ជីវិតរស់​នៅ​របស់​ប្រជាជន​ជាច្រើន​”។

លោក​ Agency Gumbo ជា​មេធាវី​មួយរូប​ បាននិយាយ​ថា​ រដ្ឋាភិបាល​ត្រូវតែរក​វិធីសាស្រ្ត​ដើម្បីលើក​ទឹកចិត្ត​ក្រុម​ហ៊ុនទាំង​នោះឲ្យ​ផ្ទេរថវិកា​មកវិញ​ជាជាង​ការគំរាម​កំហែង​ដោយពាក្យ​បណ្ដឹង​ផ្សេងៗ។

លោក​បាន​បកស្រាយ​ថា​៖

"ខ្ញុំយល់ស្រប​ថា​ការនាំយក​ថវិកាទៅ​ក្រៅ​ប្រទេស​ គឺជា​ចំណែក​មួយ​នៃបញ្ហា​ ដែល​យើង​កំពុងមាន​ក្នុង​ប្រទេស​នេះ​ ប៉ុន្តែ​សូម​ក្រឡេក​មើល​របប​ដឹកនាំ​ស្រប​ច្បាប់​ដែល​យើង​បង្កើតនេះ​ ហើយ​ពិនិត្យ​មើល​រឿងរ៉ាវ​គ្រប់​យ៉ាងដែល​យើងដាក់​នៅលើតុ ​ថាតើ​រដ្ឋាភិបាល​អាចនឹងអនុវត្ត​បាន​ទេ​ នៅពេល​អនាគត?”។

មេធាវី​រូបនេះ​ ឯកភាព​នឹងមតិរបស់​លោកBiti ដែលថា​ចាប់តាំង​ពីប្រទេស​ស៊ីមបាវ៉េ​សម្រេច​ជ្រើស​រើស​រូបិយប័ណ្ណ​អាមេរិក​ជាផ្នែក​មួយនៃ​រូបិយប័ណ្ណ​ខ្លួន​មក​ បទចោទ​ប្រកាន់​នានា​ពាក់ព័ន្ធ​នឹងការ​បញ្ជូនថវិកាទៅ​ទុក​នៅ​ក្រៅប្រទេស​ នឹងមិនបញ្ជូនទៅ​តុលាការ​ដែល​គួរឲ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ Mnangagwa ​សម្រេចចាត់​វិធានការ​ផ្លូវច្បាប់​ទៀតទេ​។

លោក​មេធាវី​ Gumbo ចាប់​អាម្មណ៍ថា​ ក្រុមហ៊ុន​មួយចំនួន​ដែលមាន​ឈ្មោះ​ក្នុងបញ្ជី​ ដែល​ពាក់ព័ន្ធ​នឹងការ​នាំប្រាក់​របស់ខ្លួន​ទៅក្រៅ​ប្រទេស​នោះ​ កំពុងតែប្រឈម​នឹងការ​លំបាក​ក្នុងការ​ស្នើ​ឲ្យ​អតិថិជន​របស់ពួក​គេបង់​ប្រាក់​សង​ពួក​គេវិញ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី