ស៊ីមបាវ៉េ បន្ត​បិទ​សកម្មភាព​សង្គម​និង​ដាក់​បម្រាម​គោចរ​ពី​ព្រលប់​ទល់​ព្រលឹម​នៅ​ពេល​ករណី​ជំងឺ​កូវីដ១៩​កើនឡើង

លោក​ Constantino Chiwenga ប្រធានាធិបតី​ស្តីទី​ថ្លែង​ថា ប្រទេស​ស៊ីមបាវ៉េ កំពុង​ស្ថិត​ក្នុង​ដំណើរការ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ដែល​លោក​ថា ស្ថិត​ក្នុង​ស្ថានភាព​គួរឱ្យ​ព្រួយបារម្ភ​នា​ពេល​ថ្មីៗ​នេះ។

លោក Calvin Fambirai ប្រធាន​សមាគម​វេជ្ជបណ្ឌិត​ស៊ីមបាវ៉េ​សម្រាប់​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា អង្គការ​របស់​លោក​ស្វាគមន៍​ការ​បន្ត​បិទ​សកម្មភាព​សង្គម​មួយរយៈ​និង​បម្រាម​គោចរ​មិន​ឱ្យ​ធ្វើ​ដំណើរ​រយៈពេល​១២ម៉ោង ពី​ព្រលប់​ទល់​ព្រលឹម​របស់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Emmerson Mnangagwa។

លោក Calvin Fambirai បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «វា​នឹង​ជា​រឿង​មិន​សមហេតុ​សមផល​ប្រសិនបើ​ផ្អាក​វិធានការ​នេះ ដោយសារ​តែ​កំណត់ត្រា​កំណើនមរណភាព​ប្រចាំ​ថ្ងៃ​ និង​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩ បើ​ប្រៀបធៀបទៅ​នឹង​អត្រា​មុន​ខែ​មករា។ ទោះ​ជា​យ៉ាង​នេះ​ក្តី យើង​គិត​ថា ចាំបាច់​ត្រូវ​មាន​វិធានការ​បន្ថែម​ពី​លើការ​បិទ​សកម្មភាព​សង្គម ជាមួយ​នឹង​ការ​ពង្រីក​ការ​ធ្វើ​តេស្ត ការ​តាមដាន​ករណី​ឆ្លង និង​ការ​ដាក់​អ្នក​ឆ្លង​ជំងឺ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក និង​ទី២ មាន​តម្រូវការ​សម្រាប់​ការ​ពង្រីក​សមត្ថភាព​វិស័យ​សុខាភិបាល​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ១៩​ធ្ងន់ធ្ងរ​ដើម្បី​កាត់​បន្ថយ​អត្រា​មរណៈ​ឱ្យ​នៅ​ក្នុង​កម្រិត​អប្បរមា​ និង​ទី៣ មាន​តម្រូវការ​សម្រាប់​វិធីសាស្ត្រ​ពន្លឿន​ការ​ផ្តល់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស»។

ដោយ​បាន​ប្រកាស​ពី​ការ​បន្តបិទ​សកម្មភាព​សង្គម​កាលពី​ថ្ងៃទី២៩ ខែមករា លោក Constantino Chiwenga ប្រធានាធិបតី​ស្តីទី​បាន​ថ្លែង​ថា រដ្ឋាភិបាល​មាន​ការ​ព្រួយបារម្ព​ពី​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​នៅ​ពេល​ថ្មីៗ​នេះ និង​ករណី​មរណភាព​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក។

កំណត់ត្រា​ផ្លូវ​ការ​បង្ហាញ​ថា ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​នេះ​ជាង​៥២%​ គឺ​ស្ថិត​នៅ​ក្នុង​ខែមករា​តែ​មួយ​ខែ​ប៉ុណ្ណោះ ខណៈ​ដែល​ចំនួន​នៅ​សល់​ផ្សេង​ទៀត​ គឺ​ជា​ករណី​ឆ្លង​កាលពី​ឆ្នាំ​មុន នៅ​ពេល​ប្រទេស​នេះ ​មាន​ករណី​ឆ្លង​ដំបូង​នៅ​ក្នុង​ខែមីនា។ លោក Chiwenga បាន​ហៅ​ស្ថានភាព​នេះ​ថា «ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» នៅ​ក្នុង​សុន្ទរកថា​ ចាក់ផ្សាយ​តាម​ទូរទស្សន៍​ជាតិ។

លោក Chiwenga បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា «យើង​គិត​ថា ទំនង​នឹង​មាន​វីរុស​ប្រភេទ​ថ្មី​កំពុង​រាតត្បាត។ វីរុស​ប្រភេទ​ថ្មី​នេះ ​ឆ្លង​លឿន​ជាង​មុន។ ដោយសារ​តែ​បញ្ហា​នេះ​ហើយ​បាន​ជា​លោក Emmerson Mnangagwa ប្រធានាធិបតី​សាធារណរដ្ឋ​ស៊ីមបាវ៉េ ​បាន​សម្រេច​ចិត្ត​បន្ត​បិទ​សកម្មភាព​សង្គម​កម្រិត​៤​ នៅ​ទូទាំង​ប្រទេស។ លោក​ប្រធានាធិបតី​យល់​យ៉ាង​ច្បាស់​ពី​ផលលំបាក​នៃ​ការ​ពន្យារពេល​នេះ។ មាន​ការ​រំខាន​ដល់​ជីវភាព​ ប៉ុន្តែ​យើង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​ និង​ជាតិ​របស់​យើង»។​

អ្នក​ដែល​រងផលប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​ការ​បន្ត​បិទ​សកម្មភាព​សង្គម​នេះ ​គឺ​អ្នក​លក់ដូរ​តូចតាច ដែល​ជា​វិស័យ​ធំ​បំផុត​ក្នុង​ការ​ផ្តល់​ការងារ​នៅ​ក្នុង​ប្រទេស។ ពួកគេ​ភាគច្រើន ដូចជា​លោក Brian Mutera និយាយ​ថា មិន​ដូច​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ពិភពលោក​នោះ​ទេ ពួកគេ​មិន​ទាន់​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ដែល​បាន​សន្យា​កាលពី​ខែ​មីនា ឆ្នាំ​មុន​នៅ​ឡើយ​ទេ។ ជា​លទ្ធផល​ លោក​ត្រូវ​ទៅ​ហាង​ដើម្បី​លក់​បន្លែ ទោះបី​ជា​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​លោក​ស្នាក់នៅ​ផ្ទះ​ក្តី។

លោក Brian Mutera បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ក្នុង​រយៈពេល​បិទ​សកម្មភាព​សង្គម​នេះ គ្រប់​គ្នា​មិន​ចង់​ទៅ​ទីក្រុង​នោះ​ទេ។ យើង​រក​ប្រាក់​បាន​តែ​មួយ​រស់ៗ​ទេ ហើយ​វា​ជា​រឿង​អកុសល​មួយ។ នៅ​ក្នុង​ប្រទេស​លោក​ទី៣​ ដូច​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ មាន​ការ​ប្រថុយ​នឹង​ស្លាប់ និង​ការ​រស់។ ខ្ញុំ​នៅ​ទីនេះ។​ ខ្ញុំ​ស៊ូ​ប្តូរ​នឹង​ការ​ស្លាប់។ ប៉ុន្តែ​ខ្ញុំ​មិន​អាច​នៅ​ផ្ទះ​បាន​ទេ។ ខ្ញុំ​មាន​កូន​ពីរ​នាក់​ត្រូវ​ចិញ្ចឹម។ ខ្ញុំ​ត្រូវ​មក​ហាង [ដើម្បី​លក់​បន្លែ]។ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​ [ប្រាក់​ឧបត្ថម្ភ​សម្រាប់​អ្នក​ក្រីក្រ]។ គ្រប់​គ្នា​ដឹង​ពី​ស្ថានភាព​នៃ​សេដ្ឋកិច្ច​របស់​យើង។ វា​ជា​រឿង​អកុសល​មួយ។ យើង​បន់ស្រន់​ដល់​ព្រះ​ជា​ម្ចាស់​ថា យើង​ត្រូវ​ទទួល​បាន​វ៉ាក់សាំង ឬ​អ្វី​មួយ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង​នេះ​ទាំង​មូល»។

កាលពីចុង​ខែមករា លោក Chiwenga ដែល​មាន​តំណែង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ផង​ដែរ​នោះ​បាន​និយាយ​ថា ប្រទេស​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ទិញ​វ៉ាក់សាំង។ មន្ត្រី​សុខាភិបាល​ម្នាក់​បាន​ប្រាប់​គណៈកម្មាធិការ​សភា​ថា ចិន និង​រុស្ស៊ី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ផ្តល់​សំណើ​ផ្គត់ផ្គង់​វ៉ាក់សាំង​ទៅ​ឱ្យ​ស៊ីមបាវ៉េ៕

ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា