អ្នកភូមិ Domboshava ដែលតំបន់សម្បូរថ្មនៅភាគខាងជើងរដ្ឋធានីស៊ីមបាវ៉េ កំពុងប្រឆាំងនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុនចិនមួយ ដើម្បីចាប់ផ្តើមសកម្មភាពយកថ្ម។
លោក Florence Nyamande អាយុ ៧០ ឆ្នាំជាប្រជាជនម្នាក់ក្នុងចំណោមប្រជាជនដែលបដិសេធចំពោះគម្រោងរបស់ក្រុមហ៊ុន Aihua Jianye។
លោកបាននិយាយថា៖ «ជនជាតិចិនគឺជាម្ចាស់លុយរបស់ជនជាតិស៊ីមបាវ៉េ។ ពួកគេមកយកទ្រព្យសម្បត្តិពីទីនេះ ទៅប្រទេសចិន។ ពួកគេមិនអភិវឌ្ឍកន្លែងរបស់យើងទេ។ ដូច្នេះយើងមិនត្រូវការពួកគេនៅទីនេះឡើយ។ នៅក្នុងបេះដូងនិងស្មារតីរបស់យើង យើងពិតជាខកចិត្តណាស់។ យើងនិយាយថា «ទេ» និង «ទេ» គឺ«ទេ» ជាច្រើនដងណាស់»។
ក្រុមអ្នកភូមិនេះមិនគិតថា ក្រុមហ៊ុន Aihua Jianye នឹងបង្កើតឲ្យមានការងារ ៥០០ កន្លែងនៅក្នុងតំបន់នេះ ដូចតាមការសន្យានោះឡើយ។ ពួកគេក៏បាននិយាយដែរថា កន្លែងយកថ្មនឹងបង្កើតឲ្យមានស្រះមួយដែលពេញទៅដោយទឹកកខ្វក់។
លោក Mutodi អនុរដ្ឋមន្រ្តីនៃក្រសួងព័ត៌មានថាមពលប្រទេសស៊ីមបាវ៉េ និងជាសមាជិកសភាម្នាក់សម្រាប់តំបន់នេះ ក៏បានប្រឆាំងនឹងគម្រោងរុករករ៉ែដែលមានតម្លៃ ៥០០ លានដុល្លារនេះដែរ។
លោកបាននិយាយថា លោកនឹងមិនបានប្រឆាំងនឹងពាក្យស្លោករបស់ប្រធានាធិបតី Emmerson Mnangagwa ដែលថា «ស៊ីមបាវ៉េគឺបើកចំហសម្រាប់ការធ្វើអាជីវកម្ម»។
ប៉ុន្តែលោក Mutodi ប្រាប់ VOA ថា៖ «ប្រទេសនេះគឺទទួលយកអាជីវកម្ម ប៉ុន្តែមិនមែនអាជីវកម្មដែលប៉ះពាល់ដល់បិរស្ថានយើងឡើយ។ យើងចង់អភិរក្សបរិស្ថានយើង។ យើងចង់ឲ្យមានការអភិវឌ្ឍនៅក្នុងសហគមន៍របស់យើង បាទ។ ប៉ុន្តែកុំឲ្យប៉ះពាល់បរិស្ថានរបស់យើង។ យើងមិនចង់ឲ្យមានស្ថានភាពមួយដែលពួកគេមកទីនេះ ហើយប្រមូលផលទៅប្រទេសផ្សេង ចំណែកប្រជាជនរបស់យើងនៅតែក្រីក្រ»។
លោក Mutodi បានបន្ថែមថា ក្រុមហ៊ុនចិនបានប្រកាសស្វែងរកបុគ្គលិកសម្រាប់ការងារតែ ៤០ កន្លែងប៉ុណ្ណោះក្នុងតំបន់នេះ ដែលចំនួននេះតិចជាង១ភាគដប់នៃអ្វីដែលពួកគេបានសន្យា។
លោក Percy Mudzidzwa នៃក្រុមហ៊ុនដំណោះស្រាយផ្នែកបរិស្ថាន GeoGlobal ដែលជាអ្នកតំណាងក្រុមហ៊ុនចិន បានច្រានចោលការចោទប្រកាន់ដែលថា ពលរដ្ឋពីរម៉ឺននាក់នឹងរងផលប៉ះពាល់ពីគម្រោងយកថ្មទំហំ៣៣ហិកតានេះ។
អ្នកភូមិខ្លះនិយាយថា គម្រោងនេះនឹងប៉ះពាល់ទីបញ្ចុះសព និងស្រះធម្មជាតិមួយកន្លែង។ ប៉ុន្តែលោក Mudzidzwa និយាយថា វាមិនមែនដូច្នោះឡើយ។
លោកបាននិយាយថា៖ «មិនមានផ្នូរសពណាមួយដែលនឹងត្រូវគេប្តូរទីតាំងឡើយ។ ប៉ុន្តែវាមានការយល់ច្រឡំ។ យើងបានស្នើថា គួរតែដាក់របងព័ទ្ធទីបញ្ចុះសព រួមទាំងស្រះទឹកធម្មជាតិមួយដែលនៅពីលើទីបញ្ចុះសព»។
ឥឡូវនេះគម្រោងនេះកំពុងរង់ចាំការសម្រេចចិត្តចុងក្រោយពីទីភ្នាក់ងារគ្រប់គ្រងបរិស្ថានរបស់ប្រទេសស៊ីមបាវ៉េ ថា តើក្រុមហ៊ុនចិនអាចចាប់ផ្តើមយកថ្មឬយ៉ាងណា៕
ប្រែសម្រួលដោយ ទុំ ម្លិះ