លោក ​Zelenskyy ​ថា ​កាំភ្លើង​ធំ​លោក​ខាងលិច​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី

ទាហានអ៊ុយក្រែនពិនិត្យមើលរណ្តៅមួយក្រោយការវាយប្រហារតាមអាកាសរបស់ទាហានរុស្ស៊ី នៅបរិវេណសំណង់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងក្រុង Kramatorsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ កាំភ្លើងធំ​ដែល​កងកម្លាំង​របស់​លោក​បាន​ទទួល​ពី​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច​ «បាន​ចាប់​ផ្តើម​ដំណើរការ​យ៉ាង​ខ្លាំង​ក្លា» ហើយ​កំពុង​ជួយ​រារាំង​កិច្ច​ប្រឹងប្រែង​របស់​យោធា​រុស្ស៊ី។

លោក​ Zelenskyy ​បាន​និយាយ​នៅ​ក្នុង​សុន្ទកថា​ជា​វីដេអូ​ពេល​យប់​ថា ​«ប្រសិទ្ធភាព​ជាក់លាក់​របស់​វា​ គឺ​ពិត​ជា​ចាំបាច់។​ ក្រុម​ប្រយុទ្ធ​ការពារ​របស់​យើង​បាន​វាយ​ប្រហារ​គួរ​កត់​សម្គាល់​លើ​ឃ្លាំង​ និង​កន្លែង​ផ្សេង​ទៀត​ដែល​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​របស់​កងទ័ព​រុស្ស៊ី​ ហើយ​វា​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​សក្តានុពល​វាយ​លុក​របស់​កងទ័ព​រុស្ស៊ី»។​

លោក​ក៏បាន​សន្យា​ដណ្តើម​កាន់កាប់​ទឹកដី​ទាំងអស់​របស់​អ៊ុយក្រែន​មក​វិញ ខណៈ​រុស្ស៊ី​ជំរុញ​ដណ្តើម​យក​តំបន់ ​Donbas ​នៅ​ភាគ​ខាង​កើត​ប្រទេស។ ​

លោក ​Zelenskyy ​បាន​និយាយ​ថា៖ «យើង​កំពុង​ប្រយុទ្ធ​ដើម្បី​ទឹកដី​ភាគ​ខាងត្បូង​នៅ​ Donbas ​ដើម្បី​អ៊ុយក្រែន​ទាំងមូល។​ ការ​ប្រឈម​មុខ​គ្នា​ដ៏​ឃោរឃៅ​បំផុត​ គឺ​នៅទីនោះ​នៅ​ជិត​ក្រុង​ Slovyansk ​និង ​Bakhmut។​ យើង​កំពុង​ប្រយុទ្ធ​ដើម្បី​តំបន់​ Kharkiv ។ ​កងទ័ព​រុស្ស៊ី​មិនគួរ​គិត​ថា ពួកគេ​អាច​នៅ​លើ​ទឹកដី​នេះ​បាន​យូរ​អង្វែង​ទេ​ ហើយ​ឧត្តមភាព​នៃ​កាំភ្លើង​ធំ​របស់​ពួកគេ​ដល់​ទីបញ្ចប់​ហើយ»។

មន្ត្រី​អ៊ុយក្រែន​នៅ​ព្រឹក​ថ្ងៃ​ពុធ​បាន​ប្រាប់​អ្នកស្រុក​ដែល​នៅ​សេស​សល់​ក្នុង​ខេត្ត Donetsk ​ដែល​ជាផ្នែក​មួយ​នៃ ​Donbas​ ឱ្យ​ភៀសខ្លួន​ទៅ​កាន់​តំបន់​ដែល​មាន​សុវត្ថិភាព​ជាង​ ខណៈ​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ថ្មី​នៅ​ទីនោះ។​

លោក​ Pavlo Kyrylenko​ អ្នក​គ្រប់គ្រង​យោធា​ក្នុង​តំបន់​ Donetsk ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន​ថា៖ «រុស្ស៊ី​បាន​ប្រែក្លាយ​តំបន់ ​Donetsk​ ទាំងមូល​ទៅ​ជា​ចំណុច​ក្តៅ ​ដែល​គ្រោះថ្នាក់​សម្រាប់​ជន​ស៊ីវិល​ស្នាក់នៅ»។​ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អ្នក​រាល់​គ្នា​ជម្លៀស​ចេញ។​ ការ​ជម្លៀស​សង្គ្រោះ​ជីវិត»។​

រុស្ស៊ី​បាន​កាន់កាប់​ជាង​ពាក់​កណ្តាល​នៃ​ខេត្ត ​Donetsk ​រួច​ហើយ ​បន្ទាប់ពី​បាន​និយាយ​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ខ្លួន​បាន​កាន់កាប់​ខេត្ត ​Luhansk​ ទាំងស្រុង។ ​អភិបាល​ខេត្ត​ Luhansk ​លោក ​Serhiy Haidai​ នៃ​ប្រទេស​អ៊ុុយក្រែន​ បាន​ច្រានចោល​ការ​អះអាង​នេះ​កាល​ពី​ថ្ងៃពុធ ​ដោយ​និយាយ​ថា ​នៅ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ នៅ​ជុំវិញ​ទីក្រុង ​Lysychansk។​ កងកម្លាំង​អ៊ុយក្រែន​បាន​ដកខ្លួន​ចេញពី​ទីក្រុង​នេះ​កាលពី​ថ្ងៃ​អាទិត្យ ហើយ​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា​ ជា​ចលនា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ជួយ​សង្គ្រោះ​កងទ័ព​សម្រាប់​ការ​ប្រយុទ្ធ​នាពេល​អនាគត។​

លោក​ Haidai ​បាន​ចោទ​កងកម្លាំង​រុស្ស៊ី​ថា ​«ដុត​និង​បំផ្លាញ​អ្វីៗ​ទាំងអស់​ពេល​ចូល​មក»។ លោក​ Haidai ​បាន​និយាយ​ថា ​ពលរដ្ឋ​ដល់ ​១ ម៉ឺន ​៥ ពាន់​នាក់​នៅ​ក្នុង​ទីក្រុង ​Lysychansk ​ហើយ​ប្រហែល​ ៨ ​ពាន់​នាក់​ រស់នៅក្នុង​ទីក្រុង ​Sievierodonetsk​ ក្បែរ​នោះ ​ដែល​ក្រុម​យុទ្ធជន​រុស្ស៊ី ​និង​ពួក​បំបែក​ខ្លួន​បាន​ដណ្តើម​យក​កាលពី​ខែ​មុន។​

ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin ​បាន​និយាយ​ថា ​គោលដៅ​សំខាន់​មួយ​នៃ​ការ​លុកលុយ​របស់​លោក​លើ​អ៊ុយក្រែន ​ដែល​បាន​ចាប់​ផ្តើម​កាលពី​ចុង​ខែ​កុម្ភៈ​ គឺ​ការ​គ្រប់គ្រង​ទាំងស្រុង​លើ​តំបន់​ Donbas ​ដែល​ភាគច្រើន​និយាយ​ភាសា​រុស្ស៊ី។

ប្រជាជន​អ៊ុយក្រែន​មួយ​ចំនួន​មិន​ព្រម​ចាកចេញ​ពី​ខេត្ត ​Donetsk​ ប៉ុន្តែ​លោក Kyrylenko ​បាន​និយាយ​ថា​ មាន​តែ​មនុស្ស​ប្រហែល​ ៣៤ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​នៃ​ប្រជាជន​នៅ​មុន​សង្គ្រាម​ជិត​ ១,៧​ លាន​នាក់​បន្តនៅ​ទីនោះ។ ​

អភិបាលក្រុង​លោក​ Vadim Lyakh ​បាន​និយាយ​ថា ​មាន​តែ​មនុស្ស​ប្រហែល​ ២ ​ម៉ឺន​ ៣ ពាន់​នាក់​ប៉ុណ្ណោះ​នៃ​ប្រជាជន​មុន​សង្គ្រាម​ចំនួន​ ១០ ម៉ឺន​ ៧ ​ពាន់​នាក់​ បន្ត​នៅ​ក្នុង​ទីក្រុង ​Sloviansk ​ដែលជា​គោលដៅ​ថ្មី​បំផុត​នៃ​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី។​

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​បង្កើន​ល្បឿន​នៃ​ការ​ជម្លៀស​ចេញ។​ អាជ្ញាធរ​ផ្លូវ​ដែក​អ៊ុយក្រែន​បាន​និយាយ​ថា​ ខ្លួន​នឹង​បន្ថែម​រថភ្លើង​ ដើម្បី​សម្រួល​ដល់​ការ​ជម្លៀស​ចេញ៕

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press, Reuters និង Agence France-Presse)