ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Zelenskyy​ ប្តេជ្ញា​ដណ្តើម​ទឹក​ដី​វិញ​ បន្ទាប់ពី​រុស្ស៊ី​កាន់កាប់​ទីក្រុង​ Lysychnask


រូប​ឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​អគារ​មួយ​ដែល​រងការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយប្រហារ​របស់​យោធា​រុស្ស៊ី នៅ​ក្នុង​​ក្រុង Lysychansk នៃ​តំបន់ Luhansk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២។
រូប​ឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​អគារ​មួយ​ដែល​រងការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយប្រហារ​របស់​យោធា​រុស្ស៊ី នៅ​ក្នុង​​ក្រុង Lysychansk នៃ​តំបន់ Luhansk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​ បាន​ប្តេជ្ញា​នឹង​ដណ្តើម​ទឹក​ដី​ត្រឡប់​មក​វិញ ​ដោយ​មាន​ការ​ជួយ​ពី​អាវុធ​ទំនើប ​បន្ទាប់ពី​កងទ័ព​របស់​លោក​បាន​ដក​ចេញ​ពី​ទីក្រុង​ Lysychnask ​ដែល​ជា​ទឹក​ដី​នៅ​សល់​ចុង​ក្រោយ​បង្អស់​គ្រប់គ្រង​ដោយ​អ៊ុយក្រែន​នៅ​ក្នុង​ខេត្ត ​Luhansk​ ភាគ​ខាង​កើត។ ​

ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​យប់​ថ្ងៃ​អាទិត្យ ​លោក​ Zelenskyy បាន​និយាយ​ថា ​រុស្ស៊ី​បាន​ផ្តោត​កម្លាំង​នៅ​តំបន់ ​Donbas ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ​ហើយ​ថា ​កងទ័ព​អ៊ុយក្រែន​នឹង​ឆ្លើយ​តប​ដោយ​ប្រើ​អាវុធ​វង់​ប្រតិបត្តិការ​ឆ្ងាយ​ផ្តល់​ដោយ​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច ​ដូចជា​ប្រព័ន្ធ​កាំភ្លើង​ធំ ​U High Mobility Artillery ​របស់​សហ​រដ្ឋ​អាមេរិក។​

លោក ​Zelenskyy ​បាន​និយាយ​ថា៖ «តាម​ពិត ​យើង​ការពារ​ជីវិត​ទាហាន​ ប្រជា​ពលរដ្ឋ​របស់​យើង​ដែល​ដើរ​តួនាទី​សំខាន់​ដូច​គ្នា។ ​យើង​នឹង​ស្ថាបនា​ជញ្ជាំង​ឡើង​វិញ។ ​យើង​នឹង​ដណ្តើម​យក​ទឹក​ដី​មក​វិញ ​ហើយ​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ការពារ​លើស​ពី​អ្វីៗ​ទាំង​អស់»។​

យោធា​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​បាន​សម្រេច​ដក​កងទ័ព​ដែល​នៅ​សេស​សល់​ចេញ​ពី​ទីក្រុង​ Lysychansk ​ពីព្រោះ​ការ​ខិតខំ​បន្ត​ការ​ការពារ​ប្រឈម​នឹង​កងទ័ព​និង​អាវុធ​របស់​រុស្ស៊ី​ដែល​ខ្លាំង​ជាង​ «នឹង​នាំ​ឱ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ»។​

ពួក​មន្ត្រី​អ៊ុយក្រែន​បាន​ជំរុញ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​សម្ព័ន្ធ​មិត្ត​បង្កើន​ការ​ផ្តល់​អាវុធ​ទំនើប​កាន់តែ​ច្រើន​ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ប្រកួត​នឹង​កម្លាំង​យោធា​របស់​រុស្ស៊ី។​

ចាប់​តាំង​ពី​ការ​ឈ្លានពាន​ទឹកដី​អ៊ុយក្រែន​ចូល​ក្នុង​ខែ​ទី​៤​ដើម្បី​ផ្តួល​រំលំ​លោក​ Zelenskyy ​ឬ​កាន់កាប់​រដ្ឋធានី​កៀវ​មិន​បាន​សម្រេច​មក​នោះ​ រុស្ស៊ី​បាន​ផ្តោត​លើ​ការ​ដណ្តើម​ការ​ត្រួតត្រា​តំបន់​ Donbas​ ដែល​រួម​មាន​ខេត្ត​ Luhansk ​និង ​Donetsk។ ​អ៊ុយក្រែន​រក្សា​ការ​កាន់​កាប់​ទីក្រុង​ខ្លះ​ក្នុង​ខេត្ត ​Donetsk។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​តាម​ Telegram ​ថា​ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក ​Sergei Shoigu ​ បាន​ប្រាប់​លោក​ប្រធានាធិបតី ​Vladimir Putin ​ថា ​សាធារណ​រដ្ឋ​ប្រជាមានិត​ Luhansk ​ជា​ឈ្មោះ​ដែល​រដ្ឋាភិបាល​ទាមទារ​បំបែក​រដ្ឋ​គាំទ្រ​រុស្ស៊ី​ហៅ​នោះ ​ត្រូវ​បាន​រំដោះ​ហើយ។​

ដោយ​ឡែកប្រទេស​អ៊ុយក្រែន​បាន​និយាយ​ថា ​ប្រទេស​តួកគី​បាន​ចាប់​កប៉ាល់​រុស្ស៊ី​ដែល​ដឹក​គ្រាប់​ធញ្ញជាតិ​របស់ខ្លួន។​

ឯក​អគ្គ​រដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​ប្រទេស​តួកគី​បាន​និយាយ​ថា​ មន្ត្រី​គយ​ទួកគី​បាន​ឃាត់​កប៉ាល់​រុស្ស៊ី​មួយ​គ្រឿង​ដែល​ដឹក​គ្រាប់​ធញ្ញជាតិ​ពី​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន។​ ឯក​អគ្គ​រដ្ឋទូត​លោក​ Vasyl Bodnar ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ​កប៉ាល់​នោះស្ថិត​នៅ​ច្រកចូល​កំពង់​ផែ ​Karasu​ របស់​ប្រទេស​តួកគី ​ហើយ​ថា ​អ៊ុយក្រែន​សង្ឃឹម​ថា​ មន្ត្រី​តួកគី​នឹង​រឹប​អូស​គ្រាប់​ធញ្ញជាតិ​នេះ។ ​អ៊ុយក្រែន​បាន​ចោទ​រុស្ស៊ី​ថា​ បាន​លួច​គ្រាប់​ធញ្ញជាតិ​ពី​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​តាំង​ពី​បាន​ចាប់​ផ្តើម​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន​កាលពី​ចុង​ខែ​កុម្ភៈ។ ​រុស្ស៊ី​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន The Associated Press, Reuters និង Agence France-Presse)

XS
SM
MD
LG