ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើតំបន់ Odesa របស់អ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃសុក្រនេះបានសម្លាប់មនុស្សយ៉ាងតិច១៧នាក់។ មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។ យ៉ាងហោចណាស់គោលដៅមួយគឺជាអគារលំនៅដ្ឋាន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដកថយពីកោះពស់របស់អ៊ុយក្រែន ដែលបានក្លាយជានិមិត្តរូបនៃការតស៊ូរបស់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រដ្ឋាភិបាលក្រុងម៉ូស្គូកាលពីបួនខែមុន។
រុស្សីបានប្រើប្រាស់កោះនៅសមុទ្រខ្មៅ (Black Sea) នៅជិតទីក្រុងកំពង់ផែ Odesa ជាទីតាំងចាប់ផ្តើមបន្ទាប់ពីបានដណ្តើមកាន់កាប់នៅដំណាក់កាលដំបូងនៃសង្រ្គាម ដោយបើកការវាយប្រហារលើអ៊ុយក្រែនពីទីនោះ និងត្រួតពិនិត្យការដឹកជញ្ជូនពីកំពង់ផែអ៊ុយក្រែន។ ប៉ុន្តែអ៊ុយក្រែនបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានដកខ្លួនចេញ ហើយបាននិយាយថា ការដកនោះបានកើតឡើងបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើកោះនោះដោយមីស៊ីល និងកាំភ្លើងធំពេញមួយយប់ ធ្វើឱ្យកងកម្លាំងរុស្ស៊ីដែលនៅសេសសល់រត់គេចខ្លួនតាមទូកលឿនចំនួនពីរគ្រឿង។
លោក Andriy Yermak ប្រធានការិយាល័យលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ពីការដកកងកម្លាំងរុស្ស៊ីចេញពីកោះនេះ។ លោក Yermak បាននិយាយតាម Twitter ថា«គ្មានកងទ័ពរុស្ស៊ីនៅលើកោះពស់ទៀតទេ។ កងកម្លាំងប្រដាប់អាវុធរបស់យើងបានធ្វើការងារដ៏អស្ចារ្យ»។
វគ្គដំបូងនៃការតស៊ូរបស់អ៊ុយក្រែនចំពោះការលុកលុយរបស់រុស្ស៊ីបានចាប់ផ្តើមលើកោះពស់ នៅពេលដែលនាវាចម្បាំងរុស្ស៊ី ឈ្មោះ Moskva ចូលមកជិត ហើយបានឱ្យកងទ័ពអ៊ុយក្រែនចុះចាញ់។ ការឆ្លើយតបរបស់អ៊ុយក្រែនគឺ«ជេរប្រមាថនាវាចម្បាំងរុស្ស៊ី»ដែលបាននាំឱ្យមានការវាយប្រហារដោយកាំភ្លើងធំពីកប៉ាល់នោះ ហើយកងទ័ពអ៊ុយក្រែនត្រូវបានបង្ខំឱ្យចុះចាញ់នៅកោះនេះ។ ក្រោយមកអ៊ុយក្រែនបានបាញ់ពន្លិចកប៉ាល់ Moskva ដោយកាំជ្រួច ហើយរដ្ឋាភិបាលទីក្រុងកៀវ បានប្រើប្រាស់នាវាចម្បាំងនោះ និងពាក្យស្លោកអំពីកោះពស់ ជាគំនូរសម្រាប់ត្រាដែលប្រើនៅពេលមានសង្រ្គាម។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ខ្លួនបានចាកចេញពីកោះតូចនេះ«ជានិមិត្តរូបនៃសុច្ឆន្ទៈ» បន្ទាប់ពីបានបញ្ចប់បេសកកម្មរបស់ខ្លួននៅទីនោះ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Reuters និង Agence France Presse