នៅមុនកិច្ចប្រជុំនៅថ្ងៃអង្គារនេះរបស់ក្រុមដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលផ្ដោតលើការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកនឹងស្វះស្វែងដើម្បីបង្កើនជាអតិបរមានូវផលិតកម្មសព្វាវុធរបស់ខ្លួន។
លោក Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា វាគឺជាផលប្រយោជន៍យុទ្ធសាស្ត្ររបស់អ៊ុយក្រែននៅក្នុងការពង្រីកសក្ដានុពលផលិតកម្មរបស់ខ្លួនជារៀងរាល់ឆ្នាំ។
ការលើកឡើងរបស់លោកនេះបានធ្វើឡើងបន្ទាប់ពីលោកបានជួបប្រជុំជាមួយនឹងសមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham ដែលធ្វើទស្សនកិច្ចនៅអ៊ុយក្រែន នៅចំពេលដែលជំនួយថ្មីរបស់សហរដ្ឋអាមេរិកត្រូវបានជាប់គាំងដោយសារការខ្វែងគំនិតគ្នាផ្នែកនយោបាយនៅក្នុងរដ្ឋសភាអាមេរិក។
លោក Zelenskyy បាននិយាយថា លោកនិងលោក Graham បានពិភាក្សាអំពី «សារៈសំខាន់នៃជ័យជម្នះផ្នែកសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គ្រាមនេះនាពេលបច្ចុប្បន្ននៅអ៊ុយក្រែន ដោយសារតែបើមិនដូច្នេះទេ ភាពគឃ្លើនឈ្លានពានរបស់រុស្ស៊ីនិងភាពចលាចលនឹងរីករាលដាលនៅទូទាំងពិភពលោក»។
លោក Zelenskyy បានបញ្ជាក់ថា យោធាអ៊ុយក្រែនត្រូវការកាំភ្លើងធំ យន្តហោះចម្បាំង F-16 មីស៊ីល Patriot និងប្រព័ន្ធមីស៊ីលយុទ្ធវិធីយោធា (ATACMS)។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្នើជំនួយថ្មីសម្រាប់អ៊ុយក្រែនចំនួន ៦០ ពាន់លានដុល្លារនៅក្នុងកញ្ចប់ថវិកាសន្តិសុខដែលព្រឹទ្ធសភាអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យបានអនុម័តរួចហើយ។ រដ្ឋសភាអាមេរិកដែលដឹកនាំដោយគណបក្សសាធារណរដ្ឋមិនទាន់បានចាប់ផ្ដើមបោះឆ្នោតលើសំណើច្បាប់នេះនៅឡើយទេ ដោយប្រធានរដ្ឋសភាលោក Mike Johnson បានទទូចថាកញ្ចប់ថវិកាសន្តិសុខនេះគួរមានបញ្ចូលថវិកាសម្រាប់សន្តិសុខព្រំដែនអាមេរិកផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។