លោក Zelenskyy បណ្តេញ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់

ប្រធានាធិបតី​អ៊ុយក្រែនលោក​ Volodymyr Zelenskyy បានជួបជាមួយ នាយ​ឧត្តមសេនីយ៍​លោក​ Valerii Zaluzhnyi មេបញ្ជាការយោធា​កំពូល​នៃ​កងកម្លាំង​អ៊ុយក្រែន ហើយ​ប្រាប់លោក​ថា​វាដល់ពេល​ដែល​អ្នកថ្មី​មកដឹកនាំទ័ព​ហើយ។(AP)

ក្រោយ​ការប៉ាន់ស្មាន​អស់​ជា​ច្រើន​ថ្ងៃ​មក​ ប្រធានាធិបតី​អ៊ុយក្រែនលោក​ Volodymyr Zelenskyy ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បានបណ្តេញ​នាយ​ឧត្តមសេនីយ៍​លោក​ Valerii Zaluzhnyi មេបញ្ជាការយោធា​កំពូល​នៃ​កងកម្លាំង​អ៊ុយក្រែន ដែល​បាន​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំងនឹងការឈ្លានពាន​របស់​រុស្ស៊ី​អស់រយៈពេល ​២ ​ឆ្នាំ​កន្លង​ទៅ​នេះ នឹងដាក់ឧត្តម​សេនីយ៍​ឯក​លោក​ Oleksandr Syrskyi ​ជំនួស​វិញ។​ ​

ដោយសង្គ្រាម​ដែល​កំពុងនៅ​ជាប់គាំង​នៅ​ឡើយ​នោះ​ លោក​ Zelenskyy បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ លោក​បាន​ជួប​ជាមួយ​នាយឧត្តមសេនីយ៍​ Zaluzhnyi និង​បាន​អរគុណ​លោកដែល​បាន​ដឹកនាំការប្រយុទ្ធប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី​ នៅ​ពេល​ដែល​អ្នក​វិភាគ​យោធា​ជា​ច្រើន​គិត​ថា​ អ៊ុយក្រែន​នឹង​ត្រូវ​បាន​រុស្ស៊ី​គ្រប់គ្រង​បាន​យ៉ាង​យ៉ាង​ឆាប់រហ័ស​នោះ។

មនុស្ស​មួយចំនួន​បាន​ចាត់​ទុកនាយ​ឧត្តមសេនីយ៍​យោធា​អ៊ុយក្រែន​រូប​នេះថា​ ជា​វីរបុរស​របស់​ប្រទេសក្នុង​ការ​ការពារ​អ៊ុយក្រែន។​ ​

បើ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ ក៏​លោក ​Zelenskyy និយាយ​ថា​ វា​ដល់​ពេលវេលា​ហើយ​ ក្នុង​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​យោធាអ៊ុយក្រែន។

លោក Zelenskyy បន្ថែម​ថា​ លោក​បាន​ស្នើ​សុំ​ដល់​នាយ​ឧត្តមសេនីយ៍​រូប​នេះ​ឱ្យ​ស្ថិត​នៅ​ក្នុង​ក្រុម​យោធា​ដដែល។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្ទាល់​ខ្លួន​ លោកនាយឧត្តមសេនីយ៍ Zaluzhnyi ​និយាយ​ថា​ លោកបាន​ជួប​សន្ទនា​ជា​សំខាន់​និង​ហ្មត់ចត់​ជាមួយ​លោក​ Zelenskyy​ ​ហើយ​ថា​ មាន​ការ​សម្រេចចិត្ត​ដើម្បី​ធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រនិង​យុទ្ធវិធី​ក្នុងសមរភូមិ​ប្រយុទ្ធ។​

លោក Zaluzhnyi ដែល​មាន​វ័យ​ ៥០ ​ឆ្នាំ មាន​ការ​ពេញ​ចិត្ត​ជាច្រើនក្នុង​ជួរ​កម្លាំង​ទ័ព​អ៊ុយក្រែន ហើយ​អ្នក​វិភាគនយោបាយ​មួយ​ចំនួនក្នុង​ប្រទេស​អ៊ុយក្រែនបាន​ព្យាករណ៍​ថា​ លោកអាច​ជា​មនុស្ស ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​លោក​ Zelenskyy ​ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​អ៊ុយក្រែន​ នៅ​ពេល​មាន​ការបោះឆ្នោតក្នុង​ប្រទេស​នេះ​ ក្រោយពេល​សង្គ្រាម​បញ្ចប់​។

ដោយ​ឡែក​លោក​ឧត្តមសេនីយ៍ឯក Syrskyi​ ដែល​ជា​អ្នក​ជំនួស​ថ្មី​វ័យ ​៥៨ ​ឆ្នាំ​ អាច​មាន​ការ​ប្រឈម​ច្រើន​ជា​មួយ​ក្រុម​កងទ័ព​។​ ​លោកធ្លាប់​បញ្ជាកងទ័ព​ជើងគោក​អ៊ុយក្រែន​ និង​មានស្នាដៃល្អក្នុង​ការពារ​រដ្ឋធានី​កៀវ​ក្នុង​ខែ​ទី ១ ​នៃសង្គ្រាម​ និង​ទទួល​បានជោគជ័យ​ក្នុង​ការ​វាយបក​ប្រឆាំងរុស្ស៊ីក្នុង​តំបន់ Kharkiv​ ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែនក្នុង​រដូវ​ស្លឹកឈើជ្រុះ​ក្នុង​ឆ្នាំ​២០២២​ផង​ដែរ។​

​ប៉ុន្តែ​កងទ័ព​អ៊ុយក្រែន​ខ្លះ​ថា លោកជា​មេបញ្ជាការ​អ៊ុយក្រែន​ម្នាក់​ ដែល​មាន​របៀប​ដឹកនាំ​តាម​បែប​អតីត​សហភាព​សូវៀត​ ​ដែល​ទុក​កម្លាំង​ក្នុង​សមរភូមិស្ថិត​ក្រោមវាយប្រហារ​ក្នុង​រយៈពេល​យូរ​ នៅ​ទីក្រុង​ Bakhmut ភាគខាង​កើត​ ដែល​នៅ​ពេល​នោះកងទ័ព​អ៊ុយក្រែន​គួរ​ត្រូវ​បានដក​ចេញ​ភ្លាមៗ៕​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Agence France-Presse និង​ Reuters។