ប្រធានាធិបតី​អ៊ុយក្រែន​ អំពាវនាវ​ដល់​សភាអាមេរិក​​​ឲ្យ​បង្កើត​តំបន់​គ្មានការ​ហោះ​ហើរ​​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​សុំ​ជំនួយ​យោធា​បន្ថែម​ទៀត

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​សុន្ទរកថា​តាមអនឡាញទៅ​កាន់​សភា​សហរដ្ឋ​អាមេរិក​នៅ​វិមានរដ្ឋសភា ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ២០២២។ (Reuters)

ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​ថ្លែង​សុន្ទករថានៅ​ចំពោះ​មុខ​សភា​សហរដ្ឋ​អាមេរិកតាម​ប្រព័ន្ធ​វីដេអូ​ដោយ​បាន​អរគុណ​ដល់​សហរដ្ឋ​អាមេរិកនិងលោក​ប្រធានាធិបតី Joe Biden ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​អ៊ុយក្រែន​ហើយបាន​អំពាវនាវ​ឲ្យមាន​ការ​ដាក់ទណ្ឌកម្ម​កាន់តែខ្លាំង​ថែម​ទៀត​ទៅ​លើ​មន្ត្រីរុស្ស៊ី​មួយ​ចំនួន​និង​ផ្តល់​ជំនួយ​យោធា​បន្ថែម​ដល់​អ៊ុយក្រែន។

សមាជិក​សភា​អាមេរិក បាន​អបអរ​សាទរ​មេដឹកនាំអ៊ុយក្រែន​រូប​នេះ​ដែល​បាន​ថ្លែង​សុន្ទករថា​ប្រកប​ដោយ​ការរំជួល​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្រោយ​រយៈពេល៣សប្តាហ៍​នៃ​ការតស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លាន ពាន​ដែល​គ្មាន​ហេតុផលរបស់​រុស្ស៊ី។

លោកZelenskyy ក៏​បាន​បង្ហាញ​វីដេអូ​ពី​ការបំផ្លាញ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ដោយ​កងកម្លាំង​ឈ្លានពាន​រុស្ស៊ី​ហើយ​បាន​រម្លឹក​ដល់​សមាជិកសភាអាមេរិកាំង​ពី​មូលហេតុ​នៃ​ជម្លោះ​ដែល​បាន​កើត​មាន​ឡើង​នោះ។

លោកZelenskyy បាន​ថ្លែង​ថា «យើង​ធ្វើ​ការប្រយុទ្ធ​ដើម្បី​តម្លៃ​នៃអឺរ៉ុប​និង​ពិភព​លោក​ហើយ​ការធ្វើ​ពលីកម្មនៃ​ជីវិត​របស់​យើង​គឺសម្រាប់អានាគត។ អាស្រ័យ​ដូច​នេះ​ហើយ ការជួយ​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង​មិនមែន​សម្រាប់​តែ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​សម្រាប់​អឺរ៉ុប​និង​ពិភពលោក​ទាំងមូល​ផង​ដែរ​ដើម្បីរក្សា​ទឹកដី​នេះឲ្យ​នៅ​ស្ថិតស្ថេ​គង់វង្សដើម្បីផ្តល់​យុត្តិធម៌នៅ​ក្នុង​ប្រវត្តិសាស្ត្រ»។

ប្រធានាធិបតី​អ៊ុយក្រែន​លោកZelenskyyជា​ថ្មី​ម្តង​ទៀត បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​បង្កើត​តំបន់​គ្មាន​ការហោះ​ហើរនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី។

ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​លោក Biden បាន​ច្រាន​ចោល​នូវ​សំណើ​របស់​ប្រធានាធិបតី​អ៊ុយ ក្រែន​ដើម្បី​បង្កើត​នូវ​តំបន់​ដែល​គ្មាន​ការហោះហើរ​លើ​អ៊ុយក្រែន ពីព្រោះ វា​អាច​នាំ​ឲ្យ​មាន​ការប្រ ឈម​មុខ​ដោយផ្ទាល់​ជាមួយ​រុស្ស៊ី​នោះ សមាជិក​សភា​អាមេរិក​លើក​ឡើង​ថា មាន​ជម្រើស​ផ្សេង​ទៀត​ក្រៅពី​នឹង​ដែល​អាមេរិកអាច​ធ្វើ​បាន។

សមាជិក​ព្រឹទ្ធសភាខាង​គណបក្ស​សាធារណរដ្ឋ​លោ Rob Portman បាន​ថ្លែង​ថា «មាន​ប្រព័ន្ធ​ប្រឆាំង យន្តហោះ ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​មីស៊ីលនៅ​ក្នុង​តំបន់​ដែល​មាន​ប្រសិទ្ធភាព ដូច​ជា S-300 ជាដើម។ អ៊ុយក្រែន មានប្រព័ន្ធទាំង​នោះ​រួច​ហើយ ហើយ​ដឹង​ពី​របៀប​ប្រើ​ប្រាស់​វា​ផង​ដែរ។ គេ​ត្រូវការ​អាវុធ​បន្ថែម​ដើម្បី​ប្រើ​ប្រាស់​ជា​មួយ​ប្រព័ន្ធ​របស់​គេ​នោះ។ និយាយ​ម្យ៉ាង​ទៀត​គឺ​ថា គេ​ត្រូវការ​កាំជ្រួច​មី ស៊ីល​បន្ថែម គ្រឿង​សព្វាវុធ​បន្ថែម​ហើយ​គេ​ត្រូវការ​គ្រប់​យ៉ាង​ទាំង​អស់។ ប៉ុន្តែ​នៅ​ចំពោះ​មុខបន្ទាន់​នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ត្រូវ​មាន​ភាព​ឆ្នៃប្រឌិត​និង​រកវិធី​យ៉ាង​ណា​ដើម្បី​បញ្ជូន​នូវ​អាវុធ​យុទ្ធ ភ័ណ្ឌ​ទាំង​នោះ​ទៅ​ឲ្យអ៊ុយក្រែន»។

សមាជិក​សភា​អាមេរិក​ក៏​បាន​ឆ្លើយតប​ដោយ​វិជ្ជមាន​ផង​ដែរ​ទៅ​នឹង​សំណើរបស់លោកZelenskyy ដើម្បីបង្កើន​ការដាក់​ទណ្ឌកម្មនិង​ហាមឃាត់​ការនាំ​ចូលទំនិញ​ផ្សេង​ៗ​របស់​រុស្ស៊ី៕