ភ្នំពេញ —
ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមក គេសង្កេតឃើញថា យុវជនកម្ពុជាបានចូលរួមក្នុងកិច្ចការឃោសនា និងការបោះឆ្នោតមានសន្ទុះកាន់តែផុសផុលឡើងខុសពីអាណត្តិមុនៗ។ ការណ៍នេះមន្ត្រីជំនាញអះអាងថា ជាចំណុចរបត់នយោបាយដ៏វិជ្ជមានមួយក្នុងសង្គមកម្ពុជា។
ស្របពេលដែលយុវជនជាច្រើនបានចូលរួមក្នុងចលនាឃោសនានយោបាយ មានយុវជនច្រើនពាន់នាក់ផ្សេងទៀតកំពុងបម្រើការជាយុវជនស្មគ្រ័ចិត្តក្នុងអង្គការនានាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត និងណែនាំពលរដ្ឋមូលដ្ឋានឱ្យទៅបោះឆ្នោតជាដើម។
កញ្ញាឡេង ចាន់ណាវី អាយុ២៦ឆ្នាំជានិស្សិតសាកលវិទ្យាល័យម្នាក់ កំពុងស្ម័គ្រចិត្តធ្វើអ្នកសង្កេតការណ៍ឱ្យអង្គការខុមហ្វែលនៅមណ្ឌលបោះឆ្នោតមួយប្រចាំខេត្តកណ្តាល។ កញ្ញាថ្លែងពីមូលហេតុនៃការស្ម័គ្រចិត្តរបស់កញ្ញា។
កញ្ញានិយាយថា៖ «មកពីចង់ប្រឡូកក្នុងការងារហ្នឹង។ ខ្ញុំចង់ឱ្យការបោះឆ្នោតហ្នឹងដំណើរការទៅល្អ ចង់ឃើញថា តើវាមានភាពមិនប្រក្រតីអ្វីខ្លះ ចង់ឱ្យការបោះឆ្នោតហ្នឹងជាលទ្ធផលមួយសុក្រឹត្យ មិនមែនជាការកេងបន្លំ បោកបញ្ឆោតគ្នាដើម្បីបានលទ្ធផល»។
ខុមហ្វ្រែលមានយុវជនចំនួន៧ពាន់នាក់ ឬស្មើនឹង៧០ភាគរយនៃពលរដ្ឋប្រមាណ១០.០០០នាក់ដែលធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនៅតាមមណ្ឌលបោះឆ្នោតនានា។
រីឯយុវជនម្នាក់ទៀតគឺលោកអ៊ុក ប៉ៅ អាយុ២៣ឆ្នាំ ជាអ្នកស្ម័គ្រចិត្តចុះទៅអប់រំនិងជំរុញឱ្យពលរដ្ឋនៅតាមមូលដ្ឋានទៅបោះឆ្នោត ដែលជាផ្នែកមួយនៃគម្រោងរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (YCC)។
លោកនិយាយថា៖ «ខ្ញុំយល់ឃើញថា យុវជនជាកម្លាំងចលករមួយដើម្បីធ្វើឱ្យសង្គមជាតិមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ដូច្នេះទើបក្រុមពួកខ្ញុំសហការគ្នាចុះទៅជំរុញប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ។ ហើយការជ្រើសរើសថ្នាក់ដឹកនាំខុស វានាំឱ្យមានផលវិបាកអ្វីដល់សង្គមរបស់យើង។ ប៉ុន្តែតាំងពីក្រុមពួកខ្ញុំចុះទៅអប់រំពួកគាត់ ខ្ញុំឃើញថា ពួកគាត់មានការចាប់អារម្មណ៍និងយកចិត្តទុកដាក់ទៅលើការបោះឆ្នោតនេះច្រើន»។
បណ្តាញយុវជនស្ម័គ្រចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក៏បានប្រើប្រាស់យុវជនស្ម័គ្រចិត្តចំនួន៧២០នាក់ដែរសម្រាប់គម្រោងជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត ក្នុងខេត្តគោលដៅចំនួន៩។ នេះបើតាមលោកសុខ វុធីមន្ត្រីទំនាក់ទំនងរបស់អង្គការនេះ។
លោកជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដែលធ្វើការស្និទ្ធនឹងយុវជន បានសង្កេតឃើញថា យុវជនបានចូលរួមក្នុងចលនាបោះឆ្នោតផុសផុល ច្រើនជាងអាណត្តិមុនៗ ដែលលោកគិតថា នេះជាផ្នែកមួយដើម្បីលើកកម្ពស់ការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌នៅកម្ពុជា។
លោកនិយាយថា៖ «យុវជនដែលគាត់ទទួលបានចំណេះដឹងពីការបោះឆ្នោតហ្នឹង គាត់បានយកទៅផ្សព្វផ្សាយដល់មិត្តភ័ក្ត ឬក៏គ្រួសាររបស់គាត់ទៀត។ កន្លែងហ្នឹង ខ្ញុំគិតថា ក៏ជាតួនាទីសំខាន់ដែរ។ បើយើងសង្កេតមើលប៉ុន្មានថ្ងៃកន្លងទៅនេះ យើងឃើញថា យុវជនច្រើនមែនទែន សឹងតែគ្រប់គណបក្សនយោបាយ មានយុវជនចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលខុសពីការបោះឆ្នោតមុនៗ»។
ប៉ុន្តែលោកជាង សុខាថ្លែងថា ការចូលរួមរបស់យុវជននៅតែមានកម្រិតនៅឡើយ ជាពិសេសអ្នកដែលរស់នៅតាមទីជនបទ ដោយសារកង្វះព័ត៌មាន ធនធាន និងការអប់រំ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខមហ្វ្រែល)ក៏យល់ដូចគ្នាដែរថា ការចូលរួមក្នុងសកម្មភាពបោះឆ្នោតរបស់យុវជននៅមានកម្រិតទាបនៅឡើយ។
លោកនិយាយថា៖ «យុវជនគួរតែបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ និងដឹងព័ត៌មានមុនឪពុកម្តាយគាត់។ ប៉ុន្តែជាក់ស្តែង តាមការស្រាវជ្រាវរបស់យើង យុវជនភាគច្រើនទទួលបានព័ត៌មានពីឪពុកម្តាយវិញទេ។ លើកលែងតែដូចជាខុមហ្វ្រែលយើងទៅទាក់ទងគាត់ពិសេស ទើបគាត់ចូលរួមច្រើន។ ប៉ុន្តែប្រសិនបើគ្មានទំនាក់ទំនងពិសេស ទៅទាក់ទងទេ គាត់ចាប់អារម្មណ៍រឿងនយោបាយតិចណាស់ជាពិសេសយុវជននៅតាមជនបទ»។
បើតាមការស្រាវជ្រាវរបស់អង្គការខុមហ្វ្រែលនៅឆ្នាំ២០១២ឲ្យដឹងថា យុវជនភាគច្រើនពុំមានចំណាប់អារម្មណ៍ក្នុងការបោះឆ្នោតទេ ហើយពួកគេជាច្រើនមិនបានទៅចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោត ឬមិនចែករំលែកព័ត៌មានអំពីការបោះឆ្នោតនោះទេ។
របាយការណ៍នេះបន្ថែមថា អ្នកបោះឆ្នោតវ័យជំទង់ អាយុចន្លោះពី១៨ទៅ៣០ឆ្នាំ ដែលបានទៅបោះឆ្នោតមានចំនួនត្រឹមតែ៤៩ភាគរយប៉ុណ្ណោះនៃចំនួនយុវជនសរុបដែលមានឈ្មោះបោះឆ្នោតជាង៣,៥លាននាក់ ដែលចំនួននេះគឺទាបខ្លាំងជាងអត្រាអ្នកបោះឆ្នោតដែលមានអាយុលើសពី៣០ឆ្នាំ។
តាមការកត់សម្គាល់របស់លោកគល់ បញ្ញាឲ្យដឹងថា បញ្ហានេះដោយសារ ប្រព័ន្ធអប់រំនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទទាំងនេះតិចតួចប៉ុណ្ណោះ។ មួយវិញទៀត កត្តាកង្វះព័ត៌មាននិងធនធានក៏ជាកំហិតសម្រាប់ការចូលរួមរបស់ក្រុមយុវជនវ័យក្មេងដែរ។
ទោះបីជាយ៉ាងណា យុវជនភាគច្រើន ដែលវីអូអេខេមរភាសាបានជួបសម្ភាសន៍ បានថ្លែងថា ពួកគេមិនបានចូលរួមសកម្មភាពលើកទឹកចិត្តអ្នកបោះឆ្នោត ឬមិនជួយផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត ឬមិនមានទំនោររកការជួយផ្នែកសង្កេតការណ៍បោះឆ្នោតនោះទេ ប៉ុន្តែពួកគេមួយចំនួនអះអាងថា ពួកគេបានចូលរួមការដង្ហែក្បួនឃោសនារបស់គណបក្សនិងសន្យាថា ពួកគេនឹងទៅបោះឆ្នោត។
លោកគឹម សេង យុវជនអាយុ២៥ឆ្នាំ មកពីខេត្តកណ្តាលកំពុងសំចតម៉ូតូ ឈរលក់នំនៅក្បែររបងសាលាមួយកន្លែងនៅភ្នំពេញ។
លោកនិយាយថា៖ «ខ្ញុំអត់បានទេ ដោយសារខ្ញុំរវល់រកស៊ី។ ប៉ុន្តែខ្ញុំបានសង្កេតមើលគណបក្សណាល្អៗ ហើយខ្ញុំនឹងទៅបោះឆ្នោតរើសគណបក្សមួយដែលសមរម្យនៅថ្ងៃខាងមុខ»។
ការបោះឆ្នោតសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ដែលមានគណបក្សនយោបាយចំនួន៨ចូលរួមប្រកួតប្រជែង។
មានយុវជនជាង១,៥លាននាក់ក្នុងចំណោមអ្នកបោះឆ្នោតសរុបចំនួនជាង៩,៦លាននាក់ ជាអ្នកបោះឆ្នោតដំបូង។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប៉ុន្តែលោកជាង សុខារំពឹងថា យុវជនទាំងនោះ ដែលមានចំនួនដ៏ច្រើន នឹងមិនទៅបោះឆ្នោតទេ ដោយសារកំណើនពលករចំណាកស្រុកដែលមានចំនួនប្រហែល៦សែននាក់និងដែលភាគច្រើនជាយុវជន។ រីឯយុវជនយ៉ាងតិច១លាននាក់ផ្សេងទៀតកំពុងធ្វើការជាកម្មករនៅទីប្រជុំជនក្នុងប្រទេស។ ពួកគេទាំងនោះភាគច្រើនទំនងនឹងមិនត្រឡប់ទៅស្រុកកំណើតវិញដើម្បីបោះឆ្នោតនោះទេ ដោយសារកង្វះចំណាប់អារម្មណ៍ ខ្វះមធ្យោបាយធ្វើដំណើរ ខ្វះធនធាន និងខ្វះព័ត៌មានអំពីការបោះឆ្នោត៕