ការ​បោះ​ជំរំ​យុវជន​ប្រឆាំង​អំពើ​ពុករលួយ

ក្រុម​យុវជន និង​សិស្ស​បោះជំរំ​ក្នុង​កម្ម​វិធី​ប្រឆាំងអំពើ​ពុក​រលួយ។​

ក្រុម​យុវជន​ មក​ពី​បណ្តា​ខេត្តក្រុង​ចំនួន​៨ បាន​ប្តេជ្ញាចិត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ បន្ទាប់​ពី​ចូលរួម​ការ​បោះ​ជំរំ​យុវជន​មួយ​រយៈ​ពេល​៥ថ្ងៃ ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។​

ក្រុម​យុវជន​ទាំង​នេះ​ចំណាយ​ពេល​ប្រមាណ​តែ​១៥​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ដំឡើងតង់​ទាំង​នេះ ​បន្ទាប់​ពីពួកគេ​ត្រូវ​បាន​បង្ហាញ​ពី​របៀប​ដំឡើង។​

ក្រៅ​ពី​ម្នីម្នារ​ដំឡើងតង់​យ៉ាង​ស្វាហាប់ ​ក្រុង​យុវជន​ទាំង​នេះ​ក៏​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​បំពេញ​បេសកកម្ម​ដ៏​មាន​លក្ខណៈ​ហ្មត់ចត់​និង​លំបាក​ជាង​នេះ​របស់​ពួក​គេ​មួយ​ទៀត​គឺ​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។​

ក្រុម​សិស្ស​ទាំង​នេះ​មក​ពី​ខេត្ត​ក្រុង​ចំនួន​៨​រួម​មាន​ខេត្ត​កោះកុង​ កែប​ កំពង់​ឆ្នាំង​ កំពង់ស្ពឺ ​កំពង់​ធំ ​កណ្តាល ​ស្ទឹង​ត្រែង ​និង​រាជធានី​ភ្នំពេញ។​

ពួកគេ​បាន​ចូល​ប្រឡូក​ក្នុង​សកម្មភាព​អប់រំ​ជាច្រើន​ដែល​មាន​គោល​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ពួកគេ​អំពី​ផល​ប៉ះពាល់​នៃ​អំពើ​ពុករលួយ​ទៅ​លើ​ខ្លួន​ពួកគេ​ផ្ទាល់ ​ទៅលើ​គ្រួសារ​ និង​សង្គម​របស់​ពួក​គេ​ទាំងមូល។​

ក្រុម​សិស្ស​ទាំង​នេះ​ក៏​ត្រូវ​បាន​បង្ហាញ​ពី​របៀប​ដោះស្រាយ​ទប់ទល់​នឹង​អំពើ​ពុករលួយ​មួយ​ចំនួន ​នៅពេល​ដែល​ពួកគេ​ជួប​ប្រទះ​អំពើ​ទាំង​នោះ។​

ជា សុខងីម វ័យ​១៦​ឆ្នាំ​គឺ​ជាសិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​បាក់​ទូក​ក្នុង​រាជធានី​ភ្នំពេញ។

សុខងីមនិយាយថា៖ «ពី​មុន ​ខ្ញុំ​អត់​ទាន់​យល់​ច្បាស់​ទេ​ ថា​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ ​ពេលទៅ​ជួប​អំពើ​ពុករលួយ​ ដូចជា​ពេល​ជិះម៉ូតូ​តាម​ផ្លូវ​សុខៗ ប៉ូលិស​ហៅ​ខ្ញុំ​ ឬ​ក៏​ខ្ញុំ​ខុស​អី​ គាត់​អត់​ចេញ​វិក្ក័យ​បត្រ​ឲ្យ​ខ្ញុំ​ទេ។ ​តែ​ក្រោយ​ពី​ខ្ញុំ​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​បោះ​ជំរំហ្នឹង​ ខ្ញុំដឹង​ថា​ ត្រូវ​ធ្វើ​យ៉ាង​ម៉ិច យល់​ច្បាស់​ថា​ អាហ្នឹង​ជា​អំពើ​ពុករលួយ។​ ពេល​យើង​ដឹង​ថា​ អាហ្នឹង​ខុស​ ឬ​ត្រូវ ​អញ្ចឹង​គេ​អត់​អាច​ព្រមាន​យើង ​ឬ​ជម្រិត​យក​ប្រាក់​យើង​ដោយ​ខុស​ច្បាប់​បាន​ទេ»។​

សិស្ស​ខ្លះ​បាន​សារភាព​ថា ​ខ្លួន​ធ្លាប់​សូក​ប៉ាន់​គ្រូ​ដើម្បី​បាន​លួច​បើក​មើល​ឯកសារ​នៅ​ពេល​ប្រឡង។​ ប៉ុន្តែ​ពួកគេ​និយាយ​ថា​ ក្រោយ​ពី​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​បោះ​ជំរំ​នេះ​ ពួក​គេ​បាន​ប្តេជ្ញា​ចិត្ត​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទៀត​ទេ​ ហើយ​ថែម​ទាំង​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំអំពើ​ទាំង​នោះ​ទៀត​ផង។​

លាង លីហៀង ​វ័យ​១៨​ឆ្នាំ​គឺ​ជា​សិស្ស​ថ្នាក់​ទី​១២​មកពី​ខេត្ត​កំពង់​ស្ពឺ។​

លាង លីហៀង​និយាយថា​៖ «បើ​ក្រឡេក​ទៅក្រោយ​វិញ​ ខ្ញុំ​មាន​អារម្មណ៍​ថា ​សោក​ស្តាយ​ដែរ ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហ្នឹង។​ អំពើ​ពុករលួយ​ហ្នឹង​ បើ​យើង​ប្រព្រឹត្ត​អញ្ចឹង ​ឬ​ប្រាប់​ប្អូន​ថា ​យើង​ត្រូវ​ធ្វើ​អញ្ចេះ ​អញ្ចុះ​ទៅ ​ឬ​ឲ្យ​លុយ​គ្រូ​បន្តិច​បន្តួច​ទៅ​វា​ស្រួល​ អញ្ចឹង អំពើ​ពុករលួយ​ហ្នឹង​កាន់​តែ​បន្ត​ទៀត ​ពី​មួយ​ទៅ​មួយ ​អត់​មាន​ថ្ងៃ​ចប់​ទេ។ ​អញ្ចឹង យើង​ត្រូវ​តែ​បញ្ឈប់​វា»។​

Your browser doesn’t support HTML5

ការ​បោះជំរំ​យុវជន​ប្រឆាំង​អំពើ​ពុករលួយ


នៅក្នុង​អំឡុង​ពេល​បោះ​ជំរំរយៈ​ពេល​៥ថ្ងៃ​នៅ​ទីនេះ​ ​លើ​កំពូល​ភ្នំហាន់​ជ័យ​នៃ​ខេត្ត​កំពង់​ចាម​ ក្រុម​សិស្ស​ និស្សិត​ទាំង​នេះ​ក៏​ត្រូវ​បាន​បង្រៀន​អំពី​គោល​គំនិត​នៃ​តម្លាភាព​និង​សុច្ចរិត​ភាព ​ហើយ​នឹង​របៀប​ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ផង​ដែរ។​

លោក​ប៉ិច ពិសី​គឺ​ជា​នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​ដែល​បាន​រៀបចំ​កម្មវិធី​បោះ​ជំរំ​នេះ។​

លោក​ប៉ិច ពិសីនិយាយថា៖ «កាល​ណា​យុវជន​មាន​ការ​យល់​ដឹង​អំពី​អ្វី​ទៅ​ជា​សុច្ចរិត​ភាព ​អ្វី​ទៅ​ជា​តម្លាភាព​ និង​អ្វី​ទៅ​ជា​ផល​ប៉ះពាល់​នៃ​អំពើ​ពុករលួយ​ ពួកគាត់​នឹង​អាច​ក្រោក​ឈរ​ឡើង​ប្រឆាំងអំពើ​ពុករលួយ។ ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​គឺ​ដើម្បី​បង្កើន​នូវ​ការ​ទាមទារ​ពី​សំណាក់​យុវជន ​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​នៅក្នុងកិច្ច​ការ​នេះ។​ អំពើ​ពុករលួយ​អាច​កាត់​បន្ថយ​បាន​ លុះត្រា​មាន​ការ​ទាមទារ​ពី​ប្រជា​ពលរដ្ឋ។​ ហេតុ​ដូច្នេះ​ហើយ​យើង​ធ្វើ​ការ​ងារ​ជា​ច្រើន​ដើម្បី​ធ្វើ​យ៉ាង​ម៉ិច​ឲ្យ​ប្រជា​ពលរដ្ឋ​យល់​អំពី​ផល​ប៉ះពាល់​នៃ​អំពើ​ពុករលួយ​ទៅលើ​ជីវភាព​របស់​គាត់ ​ជីវិត​របស់​គាត់ ​ហើយ​គាត់​នឹង​អាច នៅ​ថ្ងៃ​ណាមួយ​ ត្រៀម​ខ្លួន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​នោះ»។​

នៅ​ពេល​យប់ ​ក្រៅ​ពី​រាំ​សប្បាយ​ទៅ​តាម​ចង្វាក់​ភ្លេង​ និង​ល្បែង​កម្សាន្ត​ផ្សេងៗ​នោះ ​ក្រុម​យុវជន​ទាំង​នេះ​ក៏​បាន​សច្ចា​នៅ​ចំពោះ​មុខ​គប់​ភ្លើង​ដែរ​ថា ​នឹង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ់​ពុករលួយ​នេះ។​

ដោយ​ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ទាំង​នេះ​ អ្នក​ស្រី​ចិន ច័ន្ទ​មុនី ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​និយាយ​ថា៖​ «ដូច​យើង​ដឹង​ហើយ​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ការ​ងារ​ស្មុគស្មាញ​ដែល​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់»។​

​អ្នក​រៀបចំ​កម្មវិធី​ និង​ក្រុម​សិស្ស​និស្សិត​ទាំង​នេះ​យល់​ស្រប​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​ការ​ពេល​វេលា​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង។​

ហើយ​អ្នក​ខ្លះ​ជឿ​ថា ​វា​ត្រូវ​ចាប់​ផ្តើម​ពី​ខ្លួន​ឯង​ផ្ទាល់។​

ស្រុង ឈីវម៉ី វ័យ​១៦​ឆ្នាំ​គឺ​ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ឧដុង្គ​ ​ខេត្ត​កំពង់​ស្ពឺ។​

ស្រុង ឈីវម៉ី​និយាយថា៖​ «បើ​ខ្លួន​ឯង​និយាយ​ថា «ទេ»ចំពោះ​អំពើ​ពុករលួយ​ គ្មាន​អំពើ​ពុករលួយ​ជ្រាប​ចូល​ក្នុង​ខ្លួន​ទេ។ ​អញ្ចឹង ​ពេល​យើង​ដឹង​ច្បាស់​អំពី​អំពើ​ពុករលួយ ​យើង​អាច​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​យើង​អំពី​អត្ថន័យ​នៃ​អំពើ​ពុករលួយ​ ហើយ​ឲ្យ​គេ​ឈប់​ប្រព្រឹត្ត ​ហើយ​បង្កើត​ជា​បណ្តាញ​យុវជន​ដើម្បីធ្វើ​ឲ្យ​សហគមន៍​យើង​គ្មាន​អំពើ​ពុករលួយ»។