ក្រុមសហគ្រិនវ័យក្មេងខាងបច្ចេកវិទ្យា កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន បានចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានាដែលពួកគេបានឆ្លងកាត់ ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
ការបង្កើតសហគ្រាសថ្មីតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅកាត់ថា Startup គឺអាជីវកម្មដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យ ចាប់ផ្ដើមផ្ដល់ការយកចិត្តទុកដាក់ ដោយសារវាជាអាជីវកម្មបែបច្នៃប្រឌិត និងចំណាយដើមទុនតិចតួច ហើយអាចទទួលបានទុនវិនិយោគពីក្រៅប្រទេស។
ការបង្កើតក្រុមហ៊ុនថ្មីតាមប្រព័ន្ធអ៊ីនធឺណិត ចាប់ផ្ដើមទទួលបានប្រជាប្រិយភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ជា ឡង់ដា ជាស្ថាបនិកនៃក្រុមហ៊ុនលក់សំបុត្រមធ្យោបាយធ្វើដំណើរតាមអ៊ីនធឺណិតឈ្មោះ BookMeBus បានលើកឡើងនៅក្នុងការពិភាក្សាដែលធ្វើឡើងកាលពីថ្ងៃទី ២៣ ខែមេសា នៅទីស្នាក់ការកណ្ដាលរបស់អង្គការមូលនិធិអាស៊ីក្នុងរាជធានីភ្នំពេញ ថា អ្នកមានបំណងបង្កើតជំនួញតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវមានផែនការ និងគំនិតនៃការធ្វើជំនួញច្បាស់លាស់ ហើយក៏ត្រូវផ្លាស់ប្ដូរទម្លាប់ក្នុងការចាយវាយរបស់ខ្លួន នៅពេលសម្រេចចិត្តបង្កើតអាជីវកម្មដោយខ្លួនឯង។
លោកនិយាយថា ការបង្កើតអាជីវកម្មគឺជាការប្រថុយប្រថានមួយ តែវាក៏ជាពេលដែលអាចបង្កើនបទពិសោធន៍ ក្នុងការកសាងបណ្ដាញ និងការបង្កើនជំនាញថ្មីៗ។ លោកបន្តថា លោកបានត្រៀមខ្លួនជាស្រេចថា នឹងវិលមកធ្វើការងាររបស់លោកវិញ ប្រសិនបើការធ្វើជំនួញរបស់លោកមិនទទួលបានជោគជ័យនោះ។
«ប្រហែលជានៅពេលខ្ញុំត្រឡប់មកធ្វើការវិញ ប្រាក់ខែរបស់ខ្ញុំនឹងច្រើនជាងអ្វីដែលខ្ញុំធ្លាប់ទទួលបានពីមុនមក ដោយសារតែខ្ញុំមានជំនាញច្រើន។ ខ្ញុំស្គាល់ និងជួបមនុស្សជាច្រើន ដូចជាគំនិតរបស់ខ្ញុំកាន់តែទូលាយជាងមុន។ ដូច្នេះខ្ញុំមិនគិតថា ខ្ញុំនឹងចាញ់នោះទេ។ ដូច្នេះ នេះគឺគ្រាន់តែជាអត្ថប្រយោជន៍ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ហើយចាប់ផ្ដើមជំនួញ ពីរបីឆ្នាំ ដោយការកំណត់ទិសដៅ និងគោលបំណងដូចជានៅក្នុងរយៈពេល មួយឆ្នាំ ឬពីរឆ្នាំ យើងត្រូវបញ្ជាក់ឲ្យច្បាស់ថា គំនិតធ្វើជំនួញនោះ អាចធ្វើបាន។ បើមិនអញ្ចឹងទេ វិលត្រឡប់ទៅធ្វើការវិញ រួចហើយ រកគំនិតមួយទៀត និងត្រឡប់មកធ្វើម្ដងទៀត។ វាមិនដែលយឺតពេលនោះទេ»។
ចំណែកលោក សុខ សុភមង្គល ជាសហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Codingate បានផ្ដល់ពិសោធន៍អំពីការជ្រើសរើសដៃគូអាជីវកម្មដែលមានជំនាញ និងទស្សនៈវិស័យរួមមួយ ដើម្បីធ្វើឲ្យជំនួញជោគជ័យ។
លោកពន្យល់បន្តថា ការស្វែងយល់ពីភាពស្មោះត្រង់របស់ដៃគូជំនួញ ក៏ជាកត្តាសំខាន់ ហើយការដោះស្រាយបញ្ហាប្រឈមនានា គឺជាគន្លឹះសំខាន់មួយក្នុងការគ្រប់គ្រងស្ថានភាពក្រុមហ៊ុន ក្នុងពេលមានវិបត្តិ ឬជម្លោះណាមួយ។
«នេះគឺជារឿងដែលពិតជាសំខាន់ ដើម្បីជ្រើសរើសមនុស្សដែលអ្នកទុកចិត្ត ហើយម្យ៉ាងវិញទៀតនោះ នៅពេលអ្នកមិនទុកចិត្ត កុំលាក់ទុកក្នុងខ្លួនអ្នក។ យកបញ្ហានោះចេញមក ហើយពិភាក្សាគ្នាឲ្យច្បាស់ហើយបោះជំហានទៅមុខ ព្រោះមានបញ្ហាជាច្រើននៅក្នុងក្រុមហ៊ុន តែគេលាក់បញ្ហាទាំងនោះ ហើយមិនប្រឈមនឹងបញ្ហាទាំងនោះ នោះទេ»។
លោកបានបន្តថា៖
«អ្នកត្រូវតែចូលចិត្តនិយាយអ្វីដែលអ្នកមិនច្បាស់អំពីវាចេញមក ដោយសារតែរឿងនោះ ដូចអ្នកដែលបានដឹងហើយថា ចិត្តរបស់យើង ប្រសិនបើយើងមិនច្បាស់អំពីអ្វីមួយនោះ វាអាចនៅទ្រឹងមួយកន្លែង ហើយវានឹងបំផ្លាញភាពឆ្លាតវៃរបស់អ្នក ព្រោះអ្នកអាចនឹងត្រូវបានធ្វើឲ្យឈប់ទៅណាមិនរួចជាមួយបញ្ហានោះ ហើយវាតាមបន្លាចអ្នកពេញមួយថ្ងៃ»។
លោក អ៊ិន វិសាល ជាស្ថាបនិក និងនាយកបច្ចេកទេសនៃក្រុមហ៊ុន «ខ្មែរឡូត» ថ្លែងប្រាប់ VOA ក្រោយការពិភាក្សានោះថា ការបង្កើតអាជីវកម្មខាងបច្ចេកវិទ្យា មិនទាន់ជួបបញ្ហាប្រឈមខ្លាំងនៅឡើយនោះទេនៅប្រទេសកម្ពុជា។ តែលោកថា ក្រុមសហគ្រិនខាងបច្ចេកវិទ្យា និងរដ្ឋាភិបាល ត្រូវតែរកឱកាសដើម្បីជួបពិភាក្សាគ្នា ដើម្បីត្រៀមផែនការដោះស្រាយបញ្ហាដែលអាចកើតមាននាពេលខាងមុខ។
លោកបន្ថែមថា បញ្ហាដែលគួរឲ្យយកចិត្តទុកដាក់នោះ គឺការយកពន្ធលើក្រុមហ៊ុនខាងបច្ចេកវិទ្យា ឬ startup នេះ។
«នៅពេលដែលអត់មានការបង្កើត Start-up ច្រើនទៅ វាអត់មាន ការបង្កើតការងារច្រើន អត់មានថា hi-techព្រោះរាល់ថ្ងៃ បញ្ហាស្រុកខ្មែរគឺឲ្យតែថា hi-tech employee [បុគ្គលិកខាងបច្ចេកវិទ្យា] គឺយកពីបរទេសមកអញ្ចឹង ហើយស្រុកខ្មែរគឺមាន ability [សមត្ថភាព] ដើម្បីធ្វើអញ្ចឹង។ អញ្ចឹងនៅពេលដែល Start-up កាន់តែច្រើន គឺ increase human resource [បង្កើនធនធានមនុស្ស] យើងកាន់តែខ្លាំង។ អញ្ចឹងបានន័យថា government [រដ្ឋាភិបាល] គួរតែបន្ថយបន្ថយពន្ធទៅលើ Start-up នៅក្នុងរយៈពេលបីឆ្នាំដំបូងអីអញ្ចឹងទៅណា៎។ ប៉ុន្តែ រាល់ថ្ងៃ វាអត់ទាន់ជា problem [បញ្ហា] ធំប៉ុន្មានទេ»។
ក្នុងកិច្ចពិភាក្សាគ្នានោះ លោក អ៊ិន វិសាល បានចែករំលែកបទពិសោធន៍ក្នុងការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនជាមួយដៃគូវិនិយោគ។ លោកបានផ្ដល់ជាយោបល់ថា អ្នកកសាងក្រុមហ៊ុន ត្រូវតែជាអ្នកកាន់កាប់ភាគហ៊ុន ច្រើនជាងដៃគូដែលបោះទុនជាមួយ។
លោកនិយាយថា អ្នកបង្កើតក្រុមហ៊ុនដោយគំនិតខ្លួនឯងផ្ទាល់ គួរផ្ដល់ឲ្យអ្នកដាក់ទុននូវភាគហ៊ុនក្រោម១០ភាគរយ។ លោកថា ធ្វើដូច្នេះ ស្ថាបនិកក្រុមហ៊ុន មានសិទ្ធិច្រើនក្នុងការសម្រេចចិត្ត។
លោកបានឲ្យដឹងទៀតថា ការធ្វើជំនួញ គឺជាការប្រឈមនឹងបរាជ័យផងដែរ ហើយអ្នកធ្វើជំនួញមិនគួរបោះបង់ចោលងាយៗនោះទេ។ លោកបន្តថាពួកគេត្រូវរកគំនិតថ្មីរួចអនុវត្តគំនិតនោះ ដើម្បីធ្វើឲ្យជំនួញទទួលបានជោគជ័យ។
Khmerload (ខ្មែរឡូត ) ដែលបានបង្កើតឡើងរយៈពេលប្រាំឆ្នាំមកហើយ និងផ្ដល់ព័ត៌មានកម្សាន្តនិងសង្គមដែលទាក់ទាញអ្នកមើលច្រើនដោយការយកលំនាំតាមគេហទំព័រ Buzzfeed របស់អាមេរិក បានក្លាយជាសហគ្រាសបង្កើតថ្មីឬ startup ខ្មែរដំបូង ដែលទទួលបានការវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុននេះ ទទួលបានវិនិយោគទុនចំនួន២០០.០០០ដុល្លារសហរដ្ឋអាមេរិកពីក្រុមហ៊ុន 500 Startups ដែលជាក្រុមហ៊ុនវិនិយោគលំដាប់សាកលមួយដែលវិនិយោគទៅលើក្រុមហ៊ុនថ្មីថ្មោង និងក្រុមហ៊ុន startup ទូទាំងពិភពលោក។ ក្រុមហ៊ុន 500 Startups មានមូលដ្ឋានក្នុងតំបន់បច្ចេកវិទ្យាដ៏ល្បីមួយឈ្មោះ Silicon Valley នៅទីក្រុង Mountain View រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
លោក ស្ទីវិន ផាត (Steven Path) ប្រធានសហព័ន្ធ ICT កម្ពុជា ដែលតំណាងឲ្យវិស័យឯកជនខាងបច្ចេកវិទ្យា ប្រាប់ VOA កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រទេសកម្ពុជាកំពុងនាំមុខគេក្នុងការបង្កើតអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត បើធៀបជាមួយប្រទេសឡាវ និងមីយ៉ាន់ម៉ា ឬប្រទេសភូមា។
លោកថា សហគ្រិនវ័យក្មេងដែលចង់បង្កើតអាជីវកម្មដោយខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិត នឹងអាចប្រឈមនឹងកង្វះខាតដើមទុន តែលោកថា វាមិនជាបញ្ហាចោទខ្លាំងនោះទេ នាពេលបច្ចុប្បន្ន ដោយសារមានក្រុមហ៊ុនឯកជននានាបានត្រៀមផ្ដល់ទុនដើម្បីចាប់ផ្ដើមការធ្វើជំនួញខាងបច្ចេកវិទ្យានេះ។
Your browser doesn’t support HTML5
លោកអះអាងថា ការប្រឈមខ្លាំងនោះគឺចំណេះដឹងផ្នែកកម្មវិធីខាងឌីជីថល សម្រាប់បង្កើត Apps ដែលជាកម្មវិធីក្នុងប្រព័ន្ធទូរស័ព្ទ និងកុំព្យូទ័រ ឬគេហទំព័រជាដើម។
«ប៉ុន្តែការប្រឈមនោះគឺ មនុស្សដែលតម្រូវឲ្យចេះបង្កើត Apps គេហទំព័រ ឬ Software [ផ្នែកទន់]កុំព្យូទ័រ។ ប្រជាជនខ្មែរពុំទាន់មានជំនាញច្រើនក្នុងកិច្ចការនេះទេ តែពួកគេកំពុងតែស្ថិតក្នុងដំណើរការសិក្សា។ ដូច្នេះបញ្ហាធនធានមនុស្សជារឿងប្រឈមមួយ»។
លោកបានលើកឡើងថា ក្នុងពេលដែលសហគ្រិនកម្ពុជា កំពុងពង្រីកអាជីវកម្មខាងបច្ចេកវិទ្យានេះ រដ្ឋាភិបាលគួរពិចារណាលើការលើកទឹកចិត្តនានា ដូចជាការបន្ថយពន្ធសម្រាប់អ្នកធ្វើអាជីវកម្មខាងបច្ចេកវិទ្យា។
យ៉ាងណាក៏ដោយ លោកនិយាយថា រដ្ឋាភិបាលជារឿយៗ បានទទួលយកការស្នើនានារបស់សហគ្រិនខាងបច្ចេកវិទ្យា ដើម្បីពង្រីកទីផ្សារបច្ចេកវិទ្យានេះ ឲ្យកាន់តែធំបន្ថែមទៀតនៅកម្ពុជា។ លោកបន្តថា ភាគីឯកជន និងរដ្ឋ នឹងធ្វើការរួមគ្នាដើម្បី ធ្វើឲ្យប្រាកដថាច្បាប់ ឬបទបញ្ញត្តិនានា ត្រូវបានបង្កើតឡើងប្រកបដោយភាពត្រឹមត្រូវដើម្បីរក្សាកំណើនក្នុងឧស្សាហកម្មបច្ចេកវិទ្យានេះ។
កាលពីចុងខែមីនា រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័ត Smart បានសម្ពោធមូលនិធិសម្រាប់ការបង្កើតអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ មូលនិធិរបស់ក្រុមហ៊ុន Smart នេះ បានរៀបចំថវិកាចំនួន ៥លានដុល្លារ អាមេរិក សម្រាប់ផ្ដល់ជូនអ្នកមានគំនិតថ្មី ក្នុងការបង្កើតក្រុមហ៊ុនដោយខ្លួនឯង។
តាមរយៈមូលនិធិនេះ បុគ្គលនីមួយៗដែលមានផែនការធ្វើជំនួញខាងបច្ចេកវិទ្យានេះ អាចទទួលបានមូលនិធិពី ២៥០០០ ដុល្លារអាមេរិក ដល់ ៥០០០០០ ដុល្លារអាមេរិក ផ្អែកទៅតាមតម្រូវការនៃដំណាក់កាលធ្វើជំនួញ និងប្រភេទឧស្សាហកម្ម៕