ក្រុមអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់បានប្រកាសបង្ហាញមេដឹកនាំថ្មីរបស់ខ្លួនកាលពីពីរសប្តាហ៍មុន ភ្លាមៗបន្ទាប់ពីវីដេអូមួយមានប្រភពចេញពីក្រុមនេះ ត្រូវបានបង្ហោះតាមអ៊ីនធឺណិត។ វីដេអូនោះនិយាយថា ការវាយប្រហារដោយសហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់ រួមទាំងសមាជិកក្រុមនោះពីរនាក់ផ្សេងទៀត។ ក៏ប៉ុន្តែអ្នកវិភាគនិយាយថា ក្រុមនោះធ្លាប់មានភាពរឹងមាំគួរឲ្យកត់សម្គាល់កាលពីអតីតកាល ហើយពេលខ្លះការយល់ឃើញអំពីក្រុមអាល់កៃដាក្នុងប្រទេសយេម៉ែនមានការផ្លាស់ប្តូរ ដោយសារតែក្រុមនោះក៏ជាសត្រូវរបស់ក្រុមមួយទៀតដែលជាសត្រូវរបស់ខ្លួន។
អ្នកនាំពាក្យរបស់ក្រុមអាល់កៃដាបានអានសេចក្តីថ្លែងការណ៍មួយនៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនានេះ ដោយនិយាយថា Nasser al-Wuhayshi បានស្លាប់ហើយ និងថាអតីតមេដឹកនាំអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់ Qasim al-Raymi បានឡើងកាន់តំណែងជាមេបញ្ជាការនៅពេលនេះ ។
លោក Musa Shteiwi គឺជានាយកនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យនៃប្រទេសហ្ស៊កដានី។
«ការបាត់បង់មេដឹកនាំណាមួយ គឺជាការបាត់បង់ដ៏សំខាន់។ ក៏ប៉ុន្តែពួកអាល់កៃដា ពីពេលមួយទៅពេលមួយ កាន់តែមានភាពរឹងមាំ ហើយពួកគេមានមនុស្សផ្សេងទៀតដែលអាចជំនួសមេដឹកនាំចាស់នោះបាន។ ហើយក្រុមអាល់កៃដានេះ មិនដែលបញ្ឈប់វត្តមានរបស់ខ្លួននៅក្នុងប្រទេសណាមួយដោយគ្រាន់តែមេដឹកនាំរបស់ពួកគេត្រូវបានសម្លាប់នោះឡើយ។ ផ្ទុយទៅវិញ វាពិតណាស់ ការស្លាប់នេះ គឺជាការប៉ះពាល់យ៉ាងខ្លាំងមួយសម្រាប់ពួកគេ»។
មេដឹកនាំដែលគេរាយការណ៍ថា បានស្លាប់នោះ គឺជាជនសកម្មប្រយុទ្ធរបស់ក្រុមអាល់កៃដាអស់ជាយូរមកហើយ ដែលពីដើមឡើយធ្លាប់នៅជាមួយ អូសាម៉ាប៊ិន ឡាដិន (Osama bin Laden) ហើយបានដឹកនាំក្រុមអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់ ក្នុងអំឡុងពេលវាយប្រហារជាច្រើនលើកដែលបានឆក់យកជីវិតមនុស្សអស់រាប់រយនាក់ ដែលរួមមានទាំងការបាញ់ប្រហារដ៏ប្រល័យមួយលើកាសែត Charlie Hebdo ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសផងដែរ។ បុរសដែលចូលមកដឹកនាំថ្មីនេះ មានប្រវត្តិស្រដៀងគ្នាទៅនឹងអ្នកដែលស្លាប់ដែរ ហើយអ្នកទាំងពីរនាក់នេះ គឺជាផ្នែកមួយនៃការវាយលុកដោះលែងអ្នកទោសកាលពីឆ្នាំ២០០៦ ក្នុងទីក្រុងសាណា (Sanaa) រដ្ឋធានីនៃប្រទេសយេម៉ែន ដែលនៅពេលនោះ សមាជិកអាល់កៃដាចំនួន២៣នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគារនយោបាយប្រកបដោយសន្តិសុខយ៉ាងតឹងរឹងបំផុត។
លោក Shteiwi និយាយថា សហរដ្ឋអាមេរិកថ្មីៗនេះបានពន្យឺតពេលវេលានៃការវាយប្រហាររបស់ខ្លួនលើក្រុមអាល់កៃដា ដោយសារតែខ្លួនកំពុងតែផ្តោតគោលដៅលើក្រុមមួយដែលគេហៅថា «រដ្ឋអ៊ីស្លាម»។ លោកបន្ថែមថា ការវាយប្រហារតាមអាកាសប្រហែលគ្រាន់តែជាសារមួយដល់ប្រទេសសម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីតដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែនតែប៉ុណ្ណោះ។
«សហរដ្ឋអាមេរិក មិនបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះក្រុមអាល់កៃដាទេ ហើយភាពចលាចលក្នុងប្រទេសយេម៉ែនក៏មិនគួរជាហេតុនាំឲ្យមានការគាំទ្រក្រុមអាល់កៃដា ឬការប្រើប្រាស់ក្រុមអាល់កៃដា ដើម្បីធ្វើជាការវាយប្រហារក្នុងប្រទេសយេម៉ែនដែរ»។
ក៏ប៉ុន្តែ នៅខណៈដែលសង្គ្រាមនៅតែអូសបន្លាយ ហើយការវាយប្រហារតាមអាកាសរបស់ក្រុមសម្ព័ន្ធមិត្តដែលមានរយៈពេលបីខែមកហើយមិនមានភាពជោគជ័យក្នុងការបង្ខំក្រុមឧទ្ទាម Houthi ឲ្យចូលតុចរចារនោះ លោក Labib Kamhawi អ្នកវិភាគនយោបាយ និយាយថា ស្ថានភាពនៃការចងសម្ព័ន្ធមិត្តនេះកំពុងតែជួបភាពអស់សង្ឃឹមកាន់តែខ្លាំង។ ក្រុមឧទ្ទាម Houthis ធ្លាប់បានស្បថថា ខ្លួនជាសត្រូវរបស់ក្រុមអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់។
«អារ៉ាប៊ីសាអូឌីត នឹងមិនអាចយកឈ្នះក្រុមនៅយេម៉ែន ឬក្រុម Houthis ដោយការវាយប្រហារតាមអាកាសឡើយ ហើយពួកគេក៏មិនអាចយកជ័យជម្នះក្នុងសង្គ្រាមនោះដោយការប្រយុទ្ធនៅលើដីដែរ។ ដូច្នេះ នេះជាភាពរប៉ាត់រប៉ាយសម្រាប់ពួកគេ។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគេសម្រេចចិត្តដោះស្រាយបញ្ហានេះដោយរបៀបនេះទេ។ ក៏ប៉ុន្តែ នៅទីបញ្ចប់ ខ្ញុំគិតថា អារ៉ាប៊ីសាអូឌីតនឹងត្រូវជាប់នៅក្នុងអ្វីមួយដែលខ្លួនគេមិនអាចយកឈ្នះបាន»។
លោកបន្ថែមថា ក្រុមជ្រុលនិយម ដូចជាពួកអាល់កៃដានេះ គឺជាអ្នកដែលទទួលបានលាភសក្ការៈធំជាងគេនៃការធ្វើសង្គ្រាមក្នុងប្រទេសយេម៉ែន ដោយមានការរីកលូតលាស់នៅពេលអំពើហិង្សាកាន់តែខ្លាំង ហើយពួកគេក៏កំពុងតែជ្រើសរើសសមាជិកថ្មីបន្ថែមទៀតចេញពីអ្នកដែលកំពុងរងគ្រោះ៕
ប្រែសម្រួលដោយ នៀម ឆេង