យោធា​ដែល​ស្មោះស្ម័គ្រ​ជាមួយ​ប្រធានាធិបតី​យេម៉ែន​ទប់ទល់​ជាមួយ​ក្រុម​ឧទ្ទាម

យោធា​ដែល​ស្មោះស្ម័គ្រ​នឹង​ប្រធានាធិបតី​យេម៉ែន​ Abd-Rabbuu Mansour Hadi ឈរ​ជើង​នៅ​ក្រោយ​ទួល​មួយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ក្រុង Aden កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។

ក្រុម​ទាហានស្មោះស្ម័គ្រ​ជាមួយប្រធានាធិបតី​យេម៉ែន Abd-Rabbu Mansour Hadi បាន​ទប់ទល់​ការ​ការ​វាយ​ប្រហារ​ទៅ​មុខ​របស់​ក្រុម​ឧទ្ទាម​ Shi'ite Houthi ដែល​បាន​បញ្ជូន​កម្លាំង​របស់​ខ្លួន​ទៅ​កាន់​ក្រុង​ Aden នា​ប៉ែក​ខាង​ត្បូង​ប្រទេស​ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​ប្រភព​ក្រុម​ជីវពល​និង​ប្រភព​សន្តិសុខ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

ក្រុម​មន្ត្រី​សន្តិសុខ​បាន​និយាយ​ថា​ក្រុម​ឧទ្ទាម​បាន​បញ្ជូន​យុទ្ធជន​រាប់​ពាន់នាក់​ទៅ​កាន់​ប៉ែក​ខាង​ត្បូង​ប្រទេស​ហើយ​បាន​ប្រយុទ្ធ​នៅ​ពេល​ដែល​ថ្ងៃ​ជិត​រះ​កាល​ពី​ថ្ងៃច័ន្ទ​ជាមួយ​កុលសម្ព័ន្ធ​ Sunni ក្នុង​មូលដ្ឋាន ​នៅ​ពេល​ដែល​ពួក​គេ​បាន​ទៅ​ដល់​ជិត​ក្រុង​ Aden ដែល​នៅ​ទីនោះ​លោក Hadi បាន​ទៅ​ជ្រកកោន​នៅ​ក្រោយ​ពេល​ដែល​លោក​រត់​គេច​ខ្លួន​ចេញ​ពី​រដ្ឋធានី​ Sana'a កាលពី​ខែ​មុន។​

កាល​ពី​ថ្ងៃ​ច័ន្ទដែរ​ លោក​ Riyadh Yasin រដ្ឋមន្ត្រី​ការបរទេស​ថ្មី​នៃ​ប្រទេស​យេម៉ែន​ បាន​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ឈូង​សមុទ្រ​ Perse ឱ្យ​បញ្ជូន​ក្រុម​ទាហា​ន​ទៅ​កាន់​ប្រទេស​យេម៉ែន​ដើម្បី​ទប់ទល់​នឹង​ការ​រីក​ដុះដាល​របស់​ក្រុម​ជីវពល​ Houthi។

ថ្លែង​ពី​ក្រុង​ Aden លោក Yasin បាន​សុំ​ដល់​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ Perse ឱ្យ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​នៅ​មុន​ពេល​ក្រុម Houthis ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​វាយ​យក​បាន​ដែនដី​ច្រើន​ថែម​ទៀត៕