ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែននៅថ្ងៃចន្ទនេះ បានអះអាងទទួលខុសត្រូវលើការវាយប្រហារលើកប៉ាល់មួយគ្រឿ ងដែលមានដោតទង់ជាតិប្រទេសបេលីដែលធ្វើដំណើរកាត់តាមច្រកសមុទ្រ Bab el-Mandeb។
ក្រុមហ៊ូធីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កប៉ាល់នោះមានឈ្មោះថា Rubymar ដែលជាកប៉ាល់ដឹកទំនិញដ៏ធំមួយដែលក្រុមហ៊ុនតាមដានការធ្វើដំណើររបស់កប៉ាល់នេះបានបញ្ជាក់ថានៅពេលនោះ កំពុងធ្វើដំណើរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមទៅប្រទេសប៊ុលហ្គារី។
អង្គការប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រចក្រភពអង់គ្លេស (UK Maritime Trade Operations (UKMTO) បានលើកឡើងនៅថ្ងៃចន្ទនេះថា អាជ្ញាធរយោធាបានរាយការណ៍ថា ក្រុមនាវិកបានបោះ បង់ចោលកប៉ាល់នោះ។ កប៉ាល់នោះត្រូវបានវាយប្រហារក្នុងឧប្បត្តិហេតុមួយដែលត្រូវបានរាយ ការណ៍កាលពីថ្ងៃអាទិត្យថាបា នកើតឡើងនៅចម្ងាយប្រមាណ ៦៥ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Al Kukha នៃប្រទេសយេម៉ែន។
អង្គការ UKMTO បានបញ្ជាក់ដូច្នេះថា៖ «[ឥឡូវនេះ] កប៉ាល់នេះចតនៅស្ងៀម ហើយក្រុមនាវិកមានសុវត្ថិភាព»។
ក្រុមហ៊ូធីបានធ្វើការវាយប្រហារជាច្រើនតាំងពីខែវិច្ឆិកាឆ្នាំមុនមកដោយប្រើដ្រូន មីស៊ីល និងទូកដើម្បីវាយប្រហារលើកប៉ាល់នានានៅសមុទ្រក្រហម។ ក្រុមឧទ្ទាមផ្សេងៗដែលគាំទ្រដោយអ៊ីរ៉ង់បានបញ្ជាក់ថា ពួកគេធ្វើការវាយប្រហារទាំងនេះដើម្បីរួមសាមគ្គីជាមួយនឹងជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា (Gaza)។
កងកម្លាំងសហរដ្ឋអាមេរិកនិងកងកម្លាំងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារសងសឹកទៅវិញនៅ ក្នុងប្រទេសយេម៉ែន ហើយស្របពេលនោះដែរធ្វើការបាញ់ទម្លាក់ដ្រូននិងមីស៊ីលរបស់ក្រុមហ៊ូធីដើម្បីការពារផ្លូវដឹកជញ្ជូនដ៏សំខាន់នេះនៅសមុទ្រក្រហម។
យោធាសហរដ្ឋអាមេរិកបានប្រកាសអំពីការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយនិយាយថា ការវាយប្រហារ ៥ ដងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនបានត្រូវចំមីស៊ីលស្វ័យនាំផ្លូវចល័តបាញ់នាវាមួយចំនួននិងដ្រូនដែលអាចហោះក្រោមទឹកនិងលើផ្ទៃទឹកបាន៕