ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសវាយប្រហារ​បន្ថែម​លើទីតាំងអាវុធរបស់ក្រុមហ៊ូធីនៅយេម៉ែន


យន្តហោះ​យោធាអាមេរិក​ចេញ​ប្រតិបត្តិការ​ពី​នាវា​ចម្បាំង USS Dwight D. Eisenhower នៅ​សមុទ្រក្រហម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ (Kaitlin Watt/U.S. Navy via AP)
យន្តហោះ​យោធាអាមេរិក​ចេញ​ប្រតិបត្តិការ​ពី​នាវា​ចម្បាំង USS Dwight D. Eisenhower នៅ​សមុទ្រក្រហម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ (Kaitlin Watt/U.S. Navy via AP)

យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស ដែល​មាន​ការ​គាំទ្រ​ពី​នាវាចម្បាំង​និង​នាវា​មុជ​ទឹក បាន​វាយ​ប្រហារ​ជា​ច្រើន​លើ​តំបន់​ដែល​ត្រួតត្រា​ដោយ​ក្រុម​ហ៊ូធី (Houthi) នៅ​ក្នុង​ប្រទេស​យេម៉ែន​កាលពី​យប់​ថ្ងៃ​ចន្ទ ក្នុង​បំណង​បង្អាក់​ដល់​សមត្ថភាព​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ។ ក្រុម​ហ៊ូធី​នេះ​មាន​បំណង​វាយ​ប្រហារ​បន្ថែម​ទៀត​លើ​ផ្លូវ​ដឹក​ជញ្ជូន​សំខាន់ៗ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

មន្ត្រី​ផ្នែក​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​បាន​ចំ​លើ​គោលដៅ​ជា​ច្រើន​នៅ​ទូទាំង​ទីតាំង​ចំនួន ៨ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កន្លែង​ស្តុកទុក​អាវុធ​ក្រោមដី​មួយ​កន្លែង ក៏​ដូចជា​កន្លែង​បាញ់​មីស៊ីល​និង​ទីតាំង​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ឈ្លប​តាមដាន​របស់​ក្រុម​ហ៊ូធី​ផងដែរ។

ទីតាំង​នៃ​ការ​វាយ​ប្រហារ​ទាំង​នេះ​ត្រូវបាន​ជ្រើសរើស​ដោយ​ឆន្ទៈ​ដើម្បី​ដៅ​គោលដៅ​វាយ​ប្រហារ​លើ​ប្រព័ន្ធ​អាវុធ​មិន​ឱ្យ​មាន​ការ​ស្លាប់​និង​រង​របួស​ច្រើន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​រូប។

មន្ត្រី​រូប​នេះ​បាន​វាយតម្លៃ​ថា កន្លែង​ស្ដុកទុក​អាវុធ​ក្រោមដី​នោះ​មាន «សព្វាវុធ​ធម្មតា​ដែល​មាន​លក្ខណៈ​ទំនើប» ជាង​សព្វាវុធ​នៅ​ក្នុង​ទីតាំង​ដែល​ត្រូវ​បាន​វាយ​ប្រហារ​ចំ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ជុំ​ដំបូង​កាលពី​ថ្ងៃ​ទី ១១ ខែ​មករា។

នេះ​គឺ​ជា​លើក​ទី ៨ ហើយ​ដែល​យោធា​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​លើ​គោលដៅ​ក្រុម​ហ៊ូធី​នៅ​ក្នុង​រយៈពេល ១០ ថ្ងៃ​ចុងក្រោយ​នេះ ប៉ុន្តែ​គឺ​ជា​លើក​ទី​ពីរ​ប៉ុណ្ណោះ​ដែល​សហរដ្ឋ​អាមេរិក​ទទួល​បាន​ជំនួយ​តាំងពី​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ចូលរួម​នៅ​ក្នុង​ការ​វាយ​ប្រហារ​ជុំ​ដំបូង​កាលពី​ដើម​ខែ​នេះ​មក។

មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​រូប​បាន​ប្រាប់​អ្នក​កាសែត​ថា ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ចន្ទ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ូធី ​«បាត់បង់​សមត្ថភាព​គួរសម» នៅ​ក្នុង​ការវាយ​ប្រហារ​ជាថ្មី៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG