ពួក​ឧទ្ទាម​យ៉េមែន​កាន់កាប់​អាគារ​ប្រធានាធិបតី

ពួកឧទ្ទាម​ Houthi និកាយ​ស៊ីអ៊ីត នៅប្រទេស​​យ៉េមែន​ បាន​ជួបជុំគ្នា​ក្នុង​ខណៈពេល​ពួកគេ​រារាំង​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​ ក្នុង​ទីក្រុង​ Sana'a ក្នុង​ប្រទេស​យ៉េមែន​ កាល​ពីថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ២០១៥។

ពួក​ឧទ្ទាម​ Houthi នៅ​ក្នុង​ប្រទេស​យ៉េមែន (Yemen) បាន​កាន់កាប់អាគារ​ប្រធានាធិបតី​មាន​កំផែង​ព័ទ្ធ​ជុំវិញ​ហើយ​បាន​វាយ​ប្រហារ​ទៅ​លើ​គេហដ្ឋាន​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង Sana'a ក្នុង​ការ​វាយ​ប្រហារ​ថ្មីៗ​បំផុត​ដោយ​យក​ពួក​មេដឹកនាំ​ប្រទេស​នេះជា​ទីដៅ។

ពួក​ជីវពល​កាន់សាសនាឥស្លាម​និកាយ​ Shia​ ទាំង​នេះ​បាន​ប៉ះទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ​ ដោយ​បាន​រំលោភ​បំពាន​លើ​កិច្ចព្រម​ព្រៀង​ឈប់បាញ់គ្នា​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើងកាល​ពីថ្ងៃ​ច័ន្ទ ​នៅ​ក្រោយ​ពេល​មនុស្ស​៩​នាក់ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​រដ្ឋធានី។​

លោក​អគ្គលេខាធិការ​អ.ស.ប.​ បានគីមូន​ បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​ហើយ​បាន​ទាមទារ​ថា ​អំណាច​ពេញ​លេញ​របស់​រដ្ឋាភិបាលត្រូវ​តែ​ធ្វើ​ឲ្យ​មាន​ទ្បើង​វិញ។​

នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​ លោក​ Abdel Malik Al Houthi ​មេដឹកនាំ​ពួក​ឧទ្ទាម​បាន​និយាយថា​ ក្រុម​លោក​ស្វះស្វែង​ឲ្យ​មាន​ការ​បញ្ចប់«អំពើ​ពុក​រលួយ​និង​របបផ្តាច់ការ»នៅ​ក្នុង​ប្រទេស​នេះ។

កង​កម្លាំង​ Houthi ​ដែល​បានអំពាវនាវ​ឲ្យ​មាន​សិទ្ធិ​ច្រើន​ជាង​មុន​សម្រាប់​ពួក​ស៊ីអ៊ីត (Shi'ite) ​នៅ​ក្នុង​ប្រទេស​យ៉េមែន (Yemen) ​បានចូល​កាន់​កាប់​រដ្ឋធានី​កាល​ពី​ខែ​កញ្ញា៕