ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ភាពវឹកវរ​នៅក្នុង​ប្រទេស​យ៉េមែន​ផ្តល់​ផលប្រយោជន៍​ដល់​ពួក​អាល់កៃដា


ក្រុម​អ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​សែង​អ្នក​តវ៉ា​ម្នាក់​ដែល​​របួស​ពេល​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​ជា​មួយ​ប៉ូលីសនៅ​ទី​ក្រុង​តែស (Taiz) នា​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​យេមែន​ ថ្ងៃ​ទី​២៩​ឧសភា ​ឆ្នាំ​២០១១​។​
ក្រុម​អ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​សែង​អ្នក​តវ៉ា​ម្នាក់​ដែល​​របួស​ពេល​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​ជា​មួយ​ប៉ូលីសនៅ​ទី​ក្រុង​តែស (Taiz) នា​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​យេមែន​ ថ្ងៃ​ទី​២៩​ឧសភា ​ឆ្នាំ​២០១១​។​

ក្រុមមន្រ្តី​ស៊ើបការណ៍សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ជឿជាក់​ថា ​ឥឡូវ​នេះ ​ពួក​អាល់កៃដា​ (Al-Qaida) នៅក្នុង​ឧបទ្វីប​អារ៉ាប់ ​គឺជា​ការគំរាម​កំហែង​ផ្នែក​ភេរវកម្ម​ដ៏​សំខាន់​ជាងគេ​បំផុត​ចំពោះ​សហរដ្ឋ​អាមេរិក​ហើយ​ក្រុម​អ្នកវិភាគ​និយាយ​ថា​ អង្គការ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស ​យ៉េមែន (Yemen) ​កំពុង​ទទួលបាន​ផលប្រយោជន៍​ពី​អំពើ​ហិង្សា​និង​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​នេះ។

ពួក​អាល់កៃដា​នៅក្នុង​ឧបទ្វីប​អារ៉ាប់​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០០៩ ​ដោយ​ការរួមបញ្ចូលគ្នានូវ​សាខា​ទាំងឡាយនៃ​ក្រុម​ភេរវករនៅ​ក្នុង​ប្រទេស​ សាអូឌី អារ៉ាប៊ី (Saudi Arabia) ​និង​ប្រទេស ​យ៉េមែន (Yemen) ​ហើយ​ស្ទើរតែ​ភ្លាមៗនោះពួកគេ​បានចាប់ផ្តើម​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ការវាយ​ប្រហារសហរដ្ឋ​អាមេរិក។

នៅក្នុង​ខែធ្នូ​នៃ​ឆ្នាំ​នោះ​ក្រុម​នេះ​បាន​និយាយ​ថា​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ប៉ុនប៉ង​ដាក់​គ្រាប់​បែក​មួយ​នៅលើ​យន្តហោះ​ពាណិជ្ជកម្ម​មួយ​ឆ្ពោះ​ទៅកាន់​ទីក្រុង​ឌីទ្រយ (Detroit) ​នៅថ្ងៃ​បុណ្យណូអែល។

នៅក្នុង​ខែ​តុលា​ឆ្នាំ​២០១០​គម្រោង​ដាក់​គ្រាប់បែក​មួយ​ត្រូវ​បាន​គេរកឃើញ​នៅ​ពេល​ដែល​កញ្ចប់​ដែល​ផ្ទុកទៅ​ដោយ​រំសេវ​ផ្ទុះ​ចំនួន​ពីរត្រូវ​បាន​រកឃើញ​នៅលើ​យន្តហោះ​ដឹកទំនិញ​ដែល​ហោះហើរ​ឆ្ពោះ​ទៅកាន់​សហរដ្ឋ​អាមេរិក។ ​កញ្ចប់​ទាំងពីរ​នេះ​ត្រូវបាន​ផ្ញើចេញ​ពី​ប្រទេស​យ៉េមែន។

អ្នកវិភាគ ​ខាថឺរីន ​ហ្សីមមឺមែន ​(Katherine Zimmerman) ​មានជំនាញ​ឯកទេស​ពី​រឿង​ប្រទេស​ យ៉េមែន​នៃ​វិទ្យាស្ថានសហគ្រាស​អាមេរិកាំង​បាន​និយាយ​ថា​ស្ថានភាព​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក​គឺចេញ​មក​ពី​អ្វី​ដែល​ពួក​អាល់កៃដា​នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់​ទទួលបាន​ពី​ភាពវឹកវរ​នាពេល​បច្ចុប្បន្ន​នេះ។

«កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​បាន​ផ្លាស់​ចេញ​ពី​តំបន់​កាន់កាប់របស់​ពួក​អាល់កៃដា​នៅក្នុង​ប្រទេស​ យ៉េមែនទៅ​កាន់​រដ្ឋធានី​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​របប​នេះ​ដូចជា​វិមាន​ប្រធានាធិបតី​និង​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ដទៃ​ទៀត។​ អ្វី​ដែល​កងកម្លាំង​នេះ​បាន​ធ្វើ​បាន​បង្កើន​នូវ​ទំហំ​ប្រតិបត្តិការ​ ដែល​ពួកអាល់កៃដាមាន​នៅក្នុង​ប្រទេស​យ៉េមែន»។

លោក​គ្រីស្តូហ្វ័រ ប៊ូសេក (Christopher Boucek) ​នៃមូលនិធិ​ទេយ្យទាន​ ខានឺជី (Carnegie Endowment) ​សម្រាប់​សន្តិភាព​អន្តរជាតិ​ផ្តោត​ទៅលើ​បញ្ហា​ភេរវកម្ម​និង​ស្ថិរភាព​នៅក្នុង​ប្រទេស យ៉េមែន​និយាយ​ថា​បុគ្គល​នីមួយៗ​និង​ក្រុមតូចៗរបស់​ពួកអាល់កៃដា​នៅក្នុង​ប្រទេស​យ៉េមែន​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​មកលើ​សហរដ្ឋ​អាមេរិក។

«អស្ថិរភាព​នៅក្នុង​ប្រទេស ​យ៉េមែន ​គឺ​មិនមែន​ជា​រឿង​មួយ​ដែល​នៅ​ឆ្ងាយ​នោះ​ទេ។ ​វា​ប៉ះពាល់​ដល់​សន្តិសុខ​នៅ​ក្នុង​ស្រុក​របស់​សហរដ្ឋ​អាមេរិក។​ អស្ថិរភាព​និង​អសន្តិសុខ​នៅក្នុង​ប្រទេស​យ៉េមែន​ គឺជា​បញ្ហា​សន្តិសុខ​ក្នុង​ស្រុក​មួយ​របស់សហរដ្ឋ​អាមេរិក»។

អតីត​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ យ៉េមែន ​លោក​ អែដម៉ុនដ៍ ហ៊ុល (Edmund Hull) ដែល​បាន​ធ្វើជា​អ្នក​សម្រប​សម្រួល​ស្តីទីសម្រាប់​ការប្រឆាំង​ភេរវកម្ម ​ប្រចាំ​នៅក្នុង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និយាយ​ថា​ពួក​អាល់កៃដានៅក្នុង​ឧបទ្វីប​អារ៉ាប់ ​អាចនឹង​ចាប់ផ្តើម​ធ្វើការ​វាយប្រហារ​មួយ​ទៀត​ទៅលើ​សហរដ្ឋ​អាមេរិក។

«ហើយ​ពួកគេ​បាន​និយាយ​ថា​ទោះបី​ជា​នៅក្នុង​ការព្យាយាម​ក្តី​ក៏​ពួកគេ​ទទួល​ជោគជ័យ​ខ្លះ​ហើយ​ ប្រសិនបើ​ពួកគេ​អាច​ធ្វើ​ឱ្យ​យើង​បន្ថែម​បន្ទុក​ទៅលើ​បញ្ហាសន្តិសុខទៀត។​ដូច្នេះ​ពួកគេ​អាច​ឈ្នះ​ ទោះបី​ជា​ពួក​គេ​មិន​មាន​ជោគជ័យ​មួយរយ​ភាគ​រយ​ក្តី»។

ក្រុម​ភេរវករ​បាន​បោះពុម្ព​ទស្សនាវដ្តី​ជា​ភាសា​អង់គ្លេស​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ការ​ណែនាំរបៀបធ្វើគ្រាប់​បែក​ហើយ​បាន​ស្វែងរក​ជ្រើសរើស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដើម្បី​ប្រព្រឹត្តភេរវកម្ម។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​លោកស្រី ​ហ៊ីលឡារី ​គ្លីនតុន ​(Hillary Clinton) ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ខ្ពស់​មិន​ប្រក្រតី​មួយ​ទៅ​កាន់​ប្រទេសយ៉េមែន​នៅដើមឆ្នាំ​នេះ​បាន​មាន​ប្រសាសន៍​ថា​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា (Obama) ​«បានធ្វើការ​ថ្លឹងថ្លែង​ម្តង​ទៀត» ទៅលើ​កម្មវិធី​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដូច្នេះ​ជំនួយ​នេះ​លែង​ផ្អៀង​ទៅរក​បញ្ហា​ភេរវកម្ម​និង​សន្តិសុខទៀត​ហើយ។

លោកស្រី ​គ្លីនតុន ​បាន​មាន​ប្រសាសន៍​ថា ​ស្ទើរតែ​ជិត​ពាក់​កណ្តាល​នៃ​កម្មវិធី​ជំនួយ​ចំនួន​៣​រយលាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ​ គឺក្នុង​គោលបំណង​ជួយ​ប្រទេស ​យ៉េមែន ​ដើម្បី​ដោះស្រាយ​នឹង​ការ​ធ្លាក់ចុះ​នៃ​ធនធាន​ប្រេង​ និង​ការ​ខ្វះខាត​ទឹក​យ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួល​ដោយ ឌី ខាំបូលី

XS
SM
MD
LG