ក្រុម​​​ឧទ្ទាម​​​យេម៉ែន​​ទទួល​​គម្រោង​​បទ​​ឈប់​​បាញ់​​គ្នា​​របស់​​អារ៉ាប៊ី ​សាអូឌីត

ប្រជាជន​បាន​ធ្វើ​ការ​រត់​គេច​​ បន្ទាប់​​ពី​​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​មក​លើផ្ទះ​​​របស់​អតីត​ប្រធានាធិបតី​ Ali Abdullah Saleh របស់​ប្រទេស​យេម៉ែន នៅ​ទី​ក្រុង​Sana'a នា​ថ្ងៃ​ទី១០​ ខែ​ឧសភា ឆ្នាំ​២០១៥។ ក្រុម​​ឧទ្ទាម​​យេម៉ែន​​ទទួល​​គម្រោង​​បទ​​ឈប់​​បាញ់​​គ្នា​​របស់​​អារ៉ាប៊ី ​សាអូឌីត។

ពួក​យុទ្ធជន Houthi នៅ​ក្នុង​ប្រទេស​យេម៉ែន​បាន​និយាយ​ថា​ ពួក​គេ​យល់​ព្រម​តាម​សំណើឈប់បាញ់​គ្នា​ខាង​មនុស្សធម៌​ប្រាំ​ថ្ងៃ​ស្នើ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែល​មាន​កំណត់​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ខាង​មុខនេះ។​

សេចក្តី​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ស្តីពី​ការ​យល់ព្រម​ដល់​កិច្ចឈប់បាញ់គ្នា​នេះ​មាន​ឡើង​តែប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កង​យន្តហោះ​ចម្បាំង​នៃ​ក្រុម​ចម្រុះដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត​បាន​ទម្លាក់​គ្រាប់បែក​លើ​ផ្ទះ​របស់​អតីត​

ប្រធានាធិបតី​ Ali Abdullah Saleh នៅ​ក្នុង​រដ្ឋធានី Sana'a។​គេ​មិន​ជឿ​ថា លោក​Saleh ឋិត​នៅ​ក្នុង​ផ្ទះ​នោះ​ទេនៅ​ពេល​មាន​ការ​វាយ​ប្រហារ​តាម​អាកាសនោះ។

កាល​ពីសប្តាហ៍​មុន​ ស.រ.អា និង​ប្រទេស​អារ៉ាប៊ី សាអូឌីត​បាន​ប្រកាស​អំពីការ​ចាប់​ផ្តើម​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ខាង​មនុស្សធម៌​ប្រាំ​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ​នៅ​ក្នុង​ប្រទេស​យែម៉ែន​ ដែល​នៅ​ទី​នោះ​ក្រុម​ចម្រុះដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត​ ធ្វើ​យុទ្ធនាការ​តាម​អាកាស​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ Houthi ដែល​កំពុង​ជម្រុល​ទៅ​មុខ។​ ជម្លោះ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​យេម៉ែន ត្រូវ​ការ​ការ​ផ្គត់ផ្គង់​ជាចាំ​បាច់។​

លោក Kerry បានសុំ​ដល់​អង្គភាព​ទាំង​អស់​ដែល​គាំទ្រ​ពួក Houthis ឲ្យលើក​ទឹក​ចិត្ត​ពួក​ឧទ្ទាម​ទទួល​យក​ការ​ផ្អាក​ការ​ប្រយុទ្ធគ្នា​នេះ។ ​ពួកឧទ្ទាម​និកាយShi'ite ទាំង​នេះ​ចង​សម្ព័ន្ធភាព​ជាមួយ​អតីត​ប្រធានាធិបតី​ Ali Abdullah Saleh ហើយ​គេមាន​ជំនឿ​ថា​ប្រទេស​អ៊ីរ៉ង់​បាន​គាំទ្រ​ពួក​ឧទ្ទាម​ទាំងនេះ​ដែរ៕