រដ្ឋាភិបាលនិរទេសខ្លួននៅក្រៅប្រទេសរបស់ប្រទេសយេម៉ែនបាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពរៀបចំឡើងដោយអ.ស.ប លុះត្រាតែពួកឧទ្ទាម Houthis ដកថយចេញពីដែនដី ដែលពួកគេកាន់កាប់ដោយគោរពតាមសេចក្តីសម្រេចចិត្តរបស់អ.ស.ប។
កាលពីពេលមុននេះលោកប្រធានាធិបតីយេម៉ែន Abdu Rabu Mansour បាននិយាយថា រដ្ឋាភិបាលលោកនឹងចូលរួមក្នុងកិច្ចចរចាក្នុងសប្តាហ៍នេះនៅក្នុងប្រទេសអូម៉ង់។ ក៏ប៉ុន្តែកាលពីកាលពីថ្ងៃអាទិត្យ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលលោកបានសម្រេចថា «មិនចូលរួមក្នុងការប្រជុំណាមួយជាមួយទេរហូតដល់ពេលណាពួកជីវពលទាំងនេះទទួលស្គាល់សេចក្តីសម្រេចចិត្តលេខ២២១៦ និងយល់ព្រមអនុវត្តតាមសេចក្តីសម្រេចចិត្តនេះដោយគ្មានលក្ខខណ្ឌ»។
សេចក្តីប្រកាសនេះមានឡើង បន្ទាប់ពីមានការប៉ុនប៉ងគ្មានជោគជ័យមួយចំនួនក្នុងការនាំយកបក្សពួកទាំងពីរក្រុមនេះមកកាន់កិច្ចចរចាសន្តិភាពដើម្បីដោះស្រាយជម្លោះនៅក្នុងប្រទេសក្រីក្របំផុតនេះនៃពិភពអារ៉ាប់។
លោកប្រធនាធិបតី Hadi បានរត់គេចខ្លួនចេញពីប្រទេសយេម៉ែនកាលពីពេលមុននេះក្នុងឆ្នាំនេះ ហើយរដ្ឋាភិបាលលោកបានធ្វើប្រតិបត្តិការពីប្រទេសអារ៉ាប៊ីសាអូឌីត។
បក្សពួកច្រើនក្រុមបានប្រយុទ្ធគ្នាដើម្បីត្រួតត្រាប្រទេសយេម៉ែនចាប់តាំងពីពេលដែលពួក Houthis បានរុលទៅមុខទៅកាន់រដ្ឋធានីសាណាកាលពីខែកញ្ញឆ្នាំទៅមិញ។ ការប្រយុទ្ធគ្នាបានបណ្តាលឲ្យពួកយុទ្ធជន និងជនស៊ីវិលជាង៤.៥០០នាក់ស្លាប់៕