យន្តហោះគ្មានមនុស្សបើក (Drones) ដែលបានត្រូវបង្ហោះដោយពួកឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែនបានវាយប្រហារលើកន្លែងបូមយកប្រេងធំបំផុតនៃពិភពលោកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងវាលប្រេងធំមួយទៀតកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យមានអគ្គិភ័យធំមួយនៅកន្លែងផ្តល់ថាមពលសាកល។
គេមិនទាន់ដឹងច្បាស់លាស់នៅពេលប៉ុន្មានម៉ោងបន្ទាប់មក ថាតើមានមនុស្សប៉ុន្មាននាក់បានត្រូវរបួសនៅឯកន្លែងកែច្នៃប្រេង Abqaiq និងនៅវាលប្រេង Khurais ឬអំពីអ្វីដែលការវាយប្រហារនេះមានផលប៉ះពាល់លើការផលិតប្រេងទេ។ គេអាចមើលឃើញផ្សែងអគ្គិភ័យនេះពីអវកាសតាមរយៈផ្កាយវិទ្យាសាស្ត្រ។
ការវាយប្រហារដោយពួក Houthis គាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត មានឡើងនៅក្រោយការវាយប្រហារស្រដៀងគ្នាជាច្រើនសប្តាហ៍លើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ព្រះរាជាណាចក្រនេះ ក៏ប៉ុន្តែការវាយប្រហារកាលពីពេលមុនៗហាក់ដូចជាមិនបណ្តាលឱ្យមានការខូចខាតដូចការវាយប្រហារនៅលើកនេះទេ។
ការវាយប្រហារនេះទំនងជានឹងបង្កើនភាពតានតឹងថែមទៀតនៅក្នុងតំបន់ឈូងសមុទ្រពែក នៅពេលមានការប្រឈមរវាងស.រ.អា.និងប្រទេសអ៊ីរ៉ង់អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយពួកប្រទេសមហាអំណាចក្នុងពិភពលោក។
ដំណឹងដំបូងអំពីការវាយប្រហារនេះមានឡើងនៅក្នុងវីដេអូតាមបណ្តាញអ៊ីនធឺណិត ដែលបង្ហាញឱ្យឃើញអគ្គិភ័យធំៗនៅឯ Abqaiq ឋិតនៅចម្ងាយប្រមាណ៣៣០គ.ម. ទិសឦសានរាជធានីរីយ៉ាដ។
គេអាចឮស្នូរការបាញ់កាំភ្លើងយន្តនៅក្នុងវីដេអូមួយចំនួនជាមួយសំឡេងប្រកូកហៅលើកទីមួយឱ្យពួកអ្នកកាន់សាសនា សូត្រធ៌មកាលពីថ្ងៃសៅរ៍ដែលនាំឱ្យគេដឹងថា កងកម្លាំងសន្តិសុខបានខិតខំព្យាយាមបាញ់ទម្លាក់ Drones ទាំងនេះក្នុងពេលងងឹតមុនថ្ងៃរះ៕