កាលពី ៧០ ឆ្នាំមុន ក្នុងខែឧសភា តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចថា ការបែងចែកកុមារនៅក្នុងសាលារៀនតាមពូជសាសន៍ គឺមិនស្របតាមរដ្ឋធម្មនុញ្ញ។ ការសម្រេចចិត្តនេះដែលកើតចេញពីរឿងក្តីតុលាការឈ្មោះថា Brown v. Board of Education មានតែនៅលើក្រដាស ឯថ្នាក់រៀនភាគច្រើននៅអាមេរិកនៅតែបន្តបែងចែកពូជសាសន៍។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន AP។
សូមបញ្ជាក់ថា Brown v. Board of Education គឺជាការសម្រេចរបស់តុលាការកំពូលអាមេរិកនៅឆ្នាំ១៩៥៤ ឱ្យលោក Oliver Brown ជនជាតិស្បែកខ្មៅឈ្នះក្រុមប្រឹក្សាសិក្សាធិការក្នុងបណ្តឹងប្រឆាំងការបែងចែកពូជសាសន៍ក្នុងសាលារៀន។
ប៉ុន្តែអស់ជាច្រើនទសវត្សរ៍មកហើយ សាលារៀននៅអាមេរិកមានការបែងចែកតាមជាតិសាសន៍ឡើងវិញ។ សហរដ្ឋអាមេរិកនៅពេលនេះកាន់តែមានប្រជាជនចម្រុះជាតិសាសន៍ ហើយនៅតាមសាលារៀន សិស្សបានឃើញមុខមិត្តរួមថ្នាក់ដែលមកពីជាតិសាសន៍កំណើតផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ សិស្សជនជាតិស្បែកខ្មៅ និងជនជាតិ Hispanic ដែលនិយាយភាសាអេស្ប៉ាញប្រហែល ៤ នាក់ក្នុងចំណោម ១០ នាក់បានចូលរៀននៅសាលាដែលស្ទើរតែគ្រប់មិត្តរួមថ្នាក់របស់ពួកគេគឺជាសិស្សជនជាតិភាគតិចផ្សេងទៀត។
ការបែងចែកយ៉ាងតឹងរ៉ឹងតាមពូជសាសន៍ត្រូវបានផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចសង្គម៖ សាលារៀនដែលសិស្សជនជាតិភាគតិចមានច្រើនជាង ៩០%ទំនងជាមានលំនាំ៥ដងឋិតនៅក្នុងតំបន់ដែលមានចំណូលទាប ជាជាងនៅតំបន់ផ្សេងទៀត។ នោះហើយជាលទ្ធផលនាំឱ្យមានផលវិបាកក្នុងការសិក្សា៖ សិស្សដែលចូលរៀននៅសាលានៅតំបន់ក្រីក្រខ្លាំង ដោយមិនគិតពីហិរញ្ញវត្ថុរបស់គ្រួសារពួកគេទទួលបានលទ្ធផលសិក្សាអន់ជាង។
កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយ ឬកែប្រែការបែងចែកពូជសាសន៍ដែលកំពុងកើនឡើងនៅសាលារៀននៅអាមេរិកបានជាប់គាំង។ ការសម្រេចរបស់តុលាការបានសាបរលាបបន្តិចម្តងៗ ទៅតាមក្តីស្រមៃដូចក្នុងករណីនៃការសម្រេចក្តី Brown v. Board ដោយបន្សល់ទុកលទ្ធភាពតិចទៅៗឱ្យរដ្ឋបាលតាមមូលដ្ឋានស្រុកនានាដើម្បីអាចធ្វើសមាហរណកម្មសាលារៀនត្រឹមដើមទសវត្សរ៍ឆ្នាំ ២០០០។
និន្នាការសីលធម៌សាកល ក្នុងករណីនេះ ហាក់ដូចជាមិនងាកទៅរកយុត្តិធម៌ទេ។
លោក Derek Black សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យ Southern California បាននិយាយថា៖ «សមាហរណកម្មសាលារៀនបានស្ថិតនៅត្រឹមតែជាគំនិតប៉ុណ្ណោះនៅអាមេរិកឥឡូវនេះ គឺលើសពីការចងចាំប៉ុណ្ណោះ។ តាមពិតទៅ វាជាគំនិតមួយដែលប្រជាជនអាមេរិកភាគច្រើនគិតថាជាគំនិតដ៏ល្អ តែប៉ុណ្ណោះ»។
គំនិតនោះមិនមែនគ្រាន់តែចង់ឱ្យសាលារៀនមានភាពចម្រុះទេ
ក្តីស្រមៃរបស់លោក Oliver Brown ដែលប្តឹងក្រុមប្រឹក្សាសិក្សាធិការគឺមិនមែនសាមញ្ញត្រឹមតែឱ្យមានចម្រុះជាតិសាសន៍នោះទេ គឺចង់ឱ្យមានសមភាព និងឱកាសផងដែរនៅក្នុងនោះ។
តាំងពីដើមមក ការផ្តល់មូលនិធិ និងការធ្វើសមាហរណកម្មមិនអាចបែងចែកគ្នាបានទេ។
អ្នកស្រី Ary Amerikaner អតីតមន្ត្រីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងជាស្ថាបនិកគំនិតផ្តួចផ្តើម Brown's Promise មានន័យថាពាក្យសន្យារបស់លោក Brown បាននិយាយថា៖ «ការបែងចែកឱ្យសាលារៀន និងតំបន់របស់ជនជាតិស្បែកសបានធនធានច្រើនជាង គឺវាជារឿងមិនត្រឹមត្រូវ។ ប៉ុន្តែវាជាការណ៍ពិត។ ហើយវាធ្វើឱ្យខូចឱកាសសម្រាប់និស្សិតជនជាតិភាគតិចមិនមែនស្បែកស ហើយវាធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យនាពេលអនាគតរបស់យើង»។
យើងចងចាំថា ការសម្រេចក្តី Brown v. Board គឺជាចុងបញ្ចប់នៃការបែងចែកពូជសាសន៍នៅសាលារៀនក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែការនិយាយតែពីគុណតម្លៃមិនផ្លាស់ប្តូរការពិតបាននោះទេ។ ទោះបីជាការសម្រេចនេះត្រូវបានធ្វើឡើងតាំងឆ្នាំ ១៩៥៤ ក៏ដោយ ក៏ការអនុវត្តត្រូវបានពន្យារពេល និងការគេចវេសជាងមួយទសវត្សរ៍ មុនពេលសាលារៀនចាប់ផ្តើមអនុញ្ញាតឱ្យសិស្សស្បែកខ្មៅចូលរៀននៅសាលាស្បែកស។
ស្រុកមួយជាឧទាហរណ៍តំណាងឱ្យសង្គមទាំងមូល
និន្នាការនៃប្រវត្តិសាស្ត្រនេះបង្ហាញច្បាស់នៅក្នុងទីក្រុងដែលតុលាការបានសម្រេចប្រឆាំងសេវាឡានក្រុងសាលាបែងចែកពូជសាសន៍ឱ្យសិស្ស ឈ្នះ ក្រុមប្រឹក្សាសិក្សាធិការ គឺការសម្រចក្តីឈ្មោះ Swann v. Charlotte-Mecklenburg Board of Education។
នៅដំណាក់កាលកំពូលរបស់ខ្លួន សាលា Charlotte-Mecklenburg ត្រូវបានចាត់ទុកថា ជាសាលាគំរូខាងការធ្វើសមាហរណកម្មថ្នាក់រៀន និងបិទគម្លាតរវាងសិស្សស្បែកខ្មៅ និងស្បែកស ដែលមន្ត្រីអប់រំទូទាំងប្រទេសបានមកទស្សនាសង្កាត់នោះ។ ប៉ុន្តែសព្វថ្ងៃនេះជាង២០ឆ្នាំបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការលុបបំបាត់ការបែងចែកពូជសាសន៍ក្នុងសេវាឡានក្រុងដឹកសិស្សនោះ Charlotte-Mecklenburg គឺជាសង្កាត់សាលាដែលមានការបែកចែកជាតិសាសន៍បំផុតនៅក្នុងរដ្ឋ North Carolina។
ខណៈពេលដែលមិនមានច្បាប់បែងចែកជាតិសាសន៍ និងប្រាក់ចំណូលក៏ដោយ ក៏ការបែងចែកជាតិសាសន៍នៅក្នុងសាលាជាច្រើនដែលជាការពិតជាក់ស្តែង។
ផែនការរថយន្តក្រុងទូលំទូលាយ និងស្មុគស្មាញដឹកសិស្សរបស់ក្រុង Charlotte បានដឹកសិស្សស្បែកខ្មៅ និងស្បែងសចូលទៅក្នុងសាលាដូចគ្នានោះ បានធ្វើឱ្យធនធានសម្រាប់កុមារស្បែកសបានដល់សិស្សស្បែកខ្មៅជាលើកដំបូង។ កម្មវិធីសមាហរណកម្មរបស់សង្កាត់នេះបានបញ្ចប់នៅពេលដែលគ្រួសារសិស្សស្បែកសប្តឹង បន្ទាប់ពីកូនរបស់ពួកគេមិនទទួលបានជម្រើសកំពូលក្នុងការដាក់ពាក្យចូលសាលារៀនដែលផ្អែកលើប្រព័ន្ធចាប់ឆ្នោតមួយដែលគិតពីកត្តាជាតិសាសន៍។
ផ្ទុយទៅវិញ សង្កាត់នេះបានបង្កើតដំណើរការថ្មីរបស់សាលាដែលចែងថា ភាពចម្រុះ«នឹងផ្អែកលើការសម្រេចចិត្តរបស់គ្រួសារ»។ វាបានធ្វើឱ្យក្រុមគ្រួសារនៃនៅសង្កាត់ Mecklenburg ដែលអ្នកខ្លះតែងតែមានជម្រើសល្អជាងអ្នកផ្សេងទៀតនោះ ត្រូវពឹងលើខ្លួនឯង។ នៅក្នុងឆ្នាំដំបូងនៃកម្មវិធីជម្រើសរបស់សង្កាត់នេះ គ្រួសារជនជាតិស្បែកខ្មៅទំនងជាព្យាយាមរកជម្រើសផ្សេងទៀត ដើម្បីជ្រើសរើសសាលារៀន។ ពួកគេក៏ទំនងជាមិនទទួលបានសាលារដ្ឋមានកម្មវិធីពិសេសដែលពួកគេចង់បាននោះដែរ។
ច្រើនទសវត្សរ៍បន្ទាប់មក សង្កាត់នេះបានបែងចែកតាមជាតិសាសន៍ឡើងវិញ។ ការជិះឡានក្រុងចម្រុះសាសន៍ជាច្រើនឆ្នាំបានធ្វើឱ្យបំបែកការបែងចែកជាតិសាសន៍ក្នុងសាលារៀន ប៉ុន្តែភាពខុសគ្នាជាមូលដ្ឋាន និងការបែកចែកលំនៅឋានគឺនៅមានដដែល។
ទីក្រុង Charlotte គឺជាកន្លែងមួយដែលមានការបែងចែករវាងភាពធូរធារ និងភាពក្រីក្រ ហើយបន្ទាត់ពូជសាសន៍បង្ហាញយ៉ាងច្បាស់ ហើយមនុស្សដែលរស់នៅទីនោះនិយាយថា ទីក្រុងមានពីរផ្នែកគឺ «តំបន់អ្នកមាននិងតំបន់អ្នកក្រីក្រ»។ តើមានអ្វី ក្រៅពីការពិចារណាច្បាស់លាស់អំពីលក្ខខណ្ឌទាំងនោះ ដែលអាចផ្តល់ក្តីសង្ឃឹមថា នឹងបន្ធូរបន្ថយបញ្ហានេះបាន?
ដំណោះស្រាយចំពោះសាលារៀនដែលមានការបែងចែកក្នុងបរិបទនេះ ជារឿយៗពឹងផ្អែកលើគ្រួសារនីមួយៗដើម្បីធ្វើការជ្រើសរើស ដែលកំណត់ដោយកាលៈទេសៈរបស់ពួកគេ។ សាលារៀនរដ្ឋពិសេស និងការផ្ទេរសិស្សរវាងសង្កាត់នានា ដែលជាគោលនយោបាយទូទៅពីរដែលអាចបង្កើតឱកាសផ្ទាល់ខ្លួនដ៏ល្អប្រសើរនោះ មានកំណត់ ហើយនឹងតែងតែចោលសិស្សខ្លះ។
តើធ្វើដូចម្តេចដើម្បីឆ្ពោះទៅមុខក្នុងប្រព័ន្ធដែលប្រឆាំងការផ្លាស់ប្តូរ?
អ្នកស្រី Amerikaner និង អ្នកស្រី Saba Bireda បានបង្កើតគំនិតផ្ដួចផ្ដើម Brown's Promise ការសន្យារបស់ Brown ក្នុងគោលបំណង បំបិទគម្លាតរវាង ការផ្តល់មូលនិធិ និងការធ្វើសមាហរណកម្ម ដោយប្រើប្រាស់ប្រព័ន្ធតុលាការរដ្ឋដើម្បីទទួលបានឧបករណ៍ដែលតុលាការកំពូលបានដកហូតពីសង្កាត់នានា។
យុទ្ធសាស្ត្ររបស់ពួកគេមានធ្វើមួយចំនួនកន្លងមកហើយ។ នៅរដ្ឋ Connecticut បណ្ដឹងឆ្នាំ ១៩៨៩ នៅក្នុងតុលាការរដ្ឋនេះ បានបណ្តាលឱ្យមានការបង្កើតកម្មវិធីផ្ទេរសិស្សរវាងសាលាក្នុងស្រុក ដែលអនុញ្ញាតឱ្យសិស្សនៅក្រុង Hartfordអាចផ្ទេរទៅសាលារៀនផ្សេងនៅជាយក្រុង និងសាសាសិក្សាពិសេស ដោយនេះបំបែកការប្រមូលផ្តុំភាពក្រីក្រ និងសាលារៀនបែងចែកជាតិសាសន៍។
អ្នកស្រី Bireda បាននិយាយថា៖ «ប្រទេសនេះត្រូវបង្ខំឱ្យទៅរកសមាហរណកម្ម ។ ហើយជាអកុសល ៧០ ឆ្នាំក្រោយមក យើងមានអារម្មណ៍ថា យើងនៅតែត្រូវការផ្លូវច្បាប់។ យើងត្រូវការការជំរុញពីតុលាការ»។
បណ្ដឹងថ្មីៗបន្ថែមទៀតបានកើតឡើងនៅរដ្ឋ New Jersey និងក្នុងរដ្ឋ Minnesota។ ក្នុងឆ្នាំ ២០១៥ លោក Alex Cruz-Guzman បានក្លាយជាដើមបណ្តឹងក្នុងបណ្តឹងដែលប្រឈមនឹងការបែងចែកជាតិសាសន៍នៅសាលារដ្ឋនៅក្រុង Minneapolis និងក្រុង St. Paul នៃ
រដ្ឋMinnesota។ លោក Cruz-Guzman បានធ្វើអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិកមកសហរដ្ឋអាមេរិក កាលពីនៅជាក្មេងជំទង់។ ក្នុងនាមជាឪពុកម្តាយម្នាក់ គាត់បានកត់សម្គាល់ឃើញថា សាលារៀនរបស់កូនៗរបស់គាត់មានសិស្សជាតិសាសន៍ Latino និយាយភាសាអេស្ប៉ាញ ស្ទើរតែទាំងស្រុង។ នៅពេលដែលគាត់ព្យាយាមដាក់ពួកគេនៅក្នុងសាលាចម្រុះជាតិសាសន៍ជាងនោះ ពួកគេត្រូវរង់ចាំយូរ។
សំណុំរឿងនេះបានឡើងតុលាការអស់រយៈពេលជិតមួយទសវត្សរ៍ ដែលហៀបនឹងសម្រេចបានដំណោះស្រាយ នៅក្នុងសភាទៅហើយ មុនពេលច្បាប់នោះខកខានមិនបានសម្រេច។
លោក Cruz-Guzman រំលឹកថា មានគេសួរលោកថា ហេតុអ្វីបានជាគាត់ចូលរួមក្នុងរឿងក្តីដែលទំនងជានឹងមិនដោះស្រាយទាន់ពេលវេលាដើម្បីផលប្រយោជន៍ដល់កូនរបស់គាត់ដែលបានជួបការលំបាករៀនភាសាអង់គ្លេសអស់រយៈពេលជាយូរនៅក្នុងសាលា មានសិស្ស Latino និយាយភាសាអេស្ប៉ាញភាគច្រើន។ សម្រាប់លោក Cruz-Guzman ចំណុចសំខាន់នៃរឿងក្តីនេះគឺដើម្បីកុមារដែលជីវិតរបស់ពួកគេអាចផ្លាស់ប្តូរនាពេលអនាគត។
គាត់និយាយថា៖ «វាមិនមែនតែសម្រាប់កូនៗរបស់ខ្ញុំទេ។ ចៅៗរបស់ខ្ញុំនឹងទទួលបានអត្ថប្រយោជន៍នេះ។ មនុស្សច្រើនជំនាន់ក្រោយនឹងទទួលបានអត្ថប្រយោជន៍នេះ»។គេនៅត្រូវចាំមើលសិនថា តើសំណុំរឿងផ្លូវច្បាប់ទាំងនោះអាចឈានដល់កម្រិតណា។ ដំណោះស្រាយជាក់ស្តែងគឺមិនល្អឥតខ្ចោះទេ។ ប៉ុន្តែការធ្វើសមាហរណកម្មសាលារៀនគឺជាអ្វីដែលសហរដ្ឋអាមេរិកបានសាកល្បងពីមុនមក ហើយក្នុងអំឡុងដែលគេបានសាកល្បងនេះ វិធានការពិតជាបានដំណើរការ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ