ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការពារ​សិទ្ធិមនុស្ស​បារម្ភ​ពី​កំណើន​ការ​គាប​សង្កត់​ឆ្លងដែន​និង​ទាមទារ​ឲ្យ​អាមេរិក​ឆ្លើយតប


រូបឯកសារ៖ ជនជាតិភាគតិចវីហ្គ័រ​ (Uyghur) ធ្វើបាតុកម្ម​ប្រឆាំងចិន​នៅ​ស្ថានកុងស៊ុល​ចិន​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ ជនជាតិភាគតិចវីហ្គ័រ​ (Uyghur) ធ្វើបាតុកម្ម​ប្រឆាំងចិន​នៅ​ស្ថានកុងស៊ុល​ចិន​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

ក្រុម​សកម្មជនការពារ​សិទ្ធិ​មនុស្ស​និង​អ្នក​សារ​ព័ត៌មាន​បាន​សម្តែង​ការព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​នៃការ​គាប​សង្កត់​ឆ្លង​ដែនលើ​សហគមន៍​នៅ​ក្រៅ​ប្រទេស ​ដោយ​រដ្ឋាភិបាល​មួយ​ចំនួននៅ​លើ​ពិភព​លោក​។ ហើយ​តាម​រយៈ​សវនាការ​មួយ​រៀបចំ​ដោយ​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស Tom Lantos ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃព្រហស្សតិ៍ ទី ​១៥ ​ខែកុម្ភៈ​ ពួកគេ​បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​បន្ថែម​ដើម្បី​ការពារ​សុវត្ថិភាព។

សកម្មភាព​នៃ​ការគាបសង្កត់​ឆ្លង​ដែន​ទាំង​នេះ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ចំនួន​ ៣៨ ​នៅ​ប្រទេស​ចំនួន ​៩១ ​ហើយ​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​ដែលជា​សម្ព័ន្ធមិត្តសហរដ្ឋ​អាមេរិក ​និង​បច្ចាមិត្តផងដែរ។​ ​ក្នុង​ចំណោម​នេះ​ប្រទេស​កុម្មុយនិស្ត​ចិន​បាន​ប្រព្រឹត្ត​ល្មើស​ច្រើន​ជាង​គេ​។ ​ប្រទេស​តួកគី​ ​អេហ្ស៊ីប ​រ្វាន់ដា​ រុស្ស៊ី អារ៉ាប៊ី សាអ៊ូឌីត ​និង​អ៊ីរ៉ង់​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ ១០ ​ដែល​ប្រើ​ការគាប​សង្កត់​នេះ​ច្រើន​ជាង​គេ។ នេះ​បើតាម​ការចងក្រង​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

​អ្នកស្រី ​Nicole Bibbins Sedaca អនុ​ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ Freedom House​ បាន​ថ្លែង​ប្រាប់​សវនាការ​ថា៖ «​តាម​រយៈ​ការគាបសង្កត់​នេះ​ បណ្តា​រដ្ឋ​ទាំង​នោះ​ព្យាយាម​អនុវត្ត​នៅ​ក្រៅ​ប្រទេស​ឲ្យ​ដូច​នឹង​ការរឹតត្បិត​ដែល​ពួកគេ​អនុវត្ត​នៅ​ក្នុង​ប្រទេស​ដែរ។ នេះ​គឺ​ជា​ការគំរាម​កំហែង​សិទ្ធិ​របស់​បុគ្គល​ទាំងនោះ​និង​សហគមន៍​ពួកគេ​ ប៉ុន្តែ​វា​ក៏​ជា​ការគំរាម​កំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក​ផងដែរ។ វា​គឺជា​បាតុភូត​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ឆ្លើយ​តប​រួម​គ្នា​ពី​សហរដ្ឋ​អាមេរិក ​និង​រដ្ឋាភិបាល​ដទៃទៀត»។​

ក្នុង​ចំណោម​សាក្សី​ដែល​ផ្តល់​សក្ខីកម្មនិង​បាន​រងគ្រោះ​ដោយ​សារ​ការគំរាម​កំហែង​ដោយ​ផ្ទាល់​មានអ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន ​The Cambodia Daily​ អ្នកសារព័ត៌មាន​តួកគី​ ​សកម្មជន​ប្រជាធិបតេយ្យ​មក​ពី​ទីក្រុង​ហុងកុង ​និង​សកម្មជន​វីហ្គ័រ​កាន់​សាសនា​ឥស្លាម​ក្នុង​ប្រទេស​ចិន។​

លោក ​តាំង ​សារ៉ាដា ប្រធាន​ខាង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន ​The ​Cambodia Daily ជា​ភាសា​ខ្មែរ​ បាន​ថ្លែង​ប្រាប់​អង្គសវនាការ​ថា​ លោក​ត្រូវ​បាន​អ្នកគាំទ្ររដ្ឋាភិបាល​ធ្វើ​សកម្មភាព​ជា​បន្ត​បន្ទាប់​គំរាម​តាម​បណ្តាញ​សង្គម​ចង់​សម្លាប់​និង​ធ្វើបាប​សមាជិក​ក្រុម​គ្រួសារ កាលពី​ពាក់​កណ្តាល​ឆ្នាំ​ ២០២៣​ ដោយសារ​តែ​ការផ្សាយ​ព័ត៌មាន​ស៊ើបអង្កេត​លើ​អំពើ​ពុករលួយ​និង​ការមិន​គោរព​នីតិរដ្ឋ​នៅ​កម្ពុជា។

លោកថ្លែងថា៖ «សកម្មភាព​ជា​យុទ្ធនាការ​របស់​ពួកគេ​នេះ​បាន​កើនឡើង​រហូតដល់​គំរាម​សម្លាប់​ខ្ញុំ​និង​សុវត្ថិភាព​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​នៅ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក»។

អ្នកស្រី ​Elfidar Iltebir ​ប្រធាន​សមាគម​វីហ្គ័រ​អាមេរិកាំង​ (Uyghur American Association) ថ្លែង​ថា​ទោះបី​ជា​មក​ឆ្ងាយ​ពីស្រុក​កំណើត​ក្តី ក៏​ពួកសកម្មជន​នៅមាន​អារម្មណ៍​ថា ​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​«ដាក់​គុក​ចិត្ត​គំនិត​និង​ព្រលឹង»​របស់​ពួកគេ​ទាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ដោយសារ​តែ​សកម្មភាព​តាម​យាយី​ដោយ​ផ្ទាល់​និង​តាម​បណ្តាញ​សង្គម។

រីឯ​កញ្ញា ​Frances Hui ​ដែល​ជា​អ្នកសម្រប​សម្រួល​គោលនយោបាយ​និង​ការតស៊ូ​មតិ​របស់​មូលនិធិ​

គណៈកម្មាធិការ​ដើម្បី​សេរីភាព​នៅ​ហុងកុង ​(The Committee for Freedom in Hong Kong Foundation)​ បាន​រៀបរាប់​ពី​បទពិសោធន៍ដែល​នាងត្រូវ​បាន​គេ​គំរាម​សម្លាប់​និង​ត្រូវ​អាជ្ញាធរ​ក្រុង​ហុងកុង​តាម​រកចាប់​ខ្លួន ​ដោយសារ​ពាក់​ព័ន្ធ​នឹង​ការរៀបចំ​បាតុកម្ម​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង។

រូបឯកសារ៖ ស្ថានីយ៍ប៉ូលិសចិន​មួយ​ត្រូវបាន​គេរាយការណ៍ថា​ធ្វើប្រតិបត្តិការណ៍​ដោយ​ខុសច្បាប់​នៅ​ទីក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ស្ថានីយ៍ប៉ូលិសចិន​មួយ​ត្រូវបាន​គេរាយការណ៍ថា​ធ្វើប្រតិបត្តិការណ៍​ដោយ​ខុសច្បាប់​នៅ​ទីក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

តាំងពី​ឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០២២​ អង្គការ ​Freedom House ​បាន​ចងក្រង​សំណុំរឿង​ចំនួន ​៨៥៤ ​នៃ​ការគាប​សង្កត់​ដោយ​ផ្ទាល់​និង​លើ​រាងកាយ​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាលទាំង​ ៣៨ ​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។ រីឯ​ជនរងគ្រោះ​មាន​អ្នកសារព័ត៌មាន​ អ្នកស្រាវជ្រាវ អ្នកការពារ​សិទ្ធិមនុស្ស​ក្រុម​ជនជាតិ​ភាគតិច​និង​អ្នកកាន់​សាសនា​ក៏​ដូច​ជា​អ្នក​នយោបាយ​ប្រឆាំង​ផងដែរ។​ វិធី​ដែល​គេប្រើមាន​ច្រើន​ទម្រង់​ក្នុង​នោះរួម​មាន​ការតាម​ឃ្លាំមើល​និង​យាយី​រំខាន​ដោយ​ផ្ទាល់​និង​តាម​បណ្តាញ​សង្គម​ ការគំរាម​កំហែង​និង​វាយធ្វើ​បាប ការរើសអើង​ ការបង្ខំ​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​ ការដាក់​សម្ពាធ​លើ​សមាជិក​ក្រុម​គ្រួសារ​ឬ​ចាប់​ពួកគេ​ឃុំឃាំង​ ចាប់​ជម្រត់​ បង្ខំ​ឲ្យ​បាត់​ខ្លួននិង​ធ្វើឃាត។​

លោក ​James McGovern ​សហប្រធាន​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ Tom Lantos បាន​ថ្លែង​ថា ​អ្វី​ដែល​ជា ​«ដំណឹង​ល្អ» ​គឺ​សហរដ្ឋ​អាមេរិក​កំពុង​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។​ លោក​បាន​បន្ថែម​ថា​មន្ត្រី​នៅ​ប្រទេស​ខ្លះ​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ក្នុង​នោះ​រួមមាន​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​ក្នុង​ករណី​សម្លាប់​អ្នកកាសែត Washington Post។ ប៉ុន្តែ​ក៏​ចាំបាច់​ត្រូវ​មាន​ច្បាប់​បន្ថែម​ដើម្បី​ឲ្យ​ការអនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព។

​សវនាការ​ដែល​រៀបចំ​ឡើង​ដោយ​មាន​អ្នកចូលរួម​ផ្ទាល់​និង​តាម​អនឡាញ​នេះ​បាន​ទាក់ទាញ​អ្នក​ចូលរួម​ពេញ​នៅ​ក្នុង​សាល​ដែល​មាន​ចំណុះ​ជិត​ ១០០ ​នាក់ ​និង​ជា​ផ្នែក​មួយ​នៃ​ការប្រមូល​សក្ខីកម្ម​ដើម្បី​ជំរុញ​ការអនុម័ត ​«ច្បាប់​ស្តីពី​គោល​នយោបាយ​លើ​ការគាប​សង្កត់​ឆ្លង​ដែន» ​និង​ការឆ្លើយ​តប​របស់​សហរដ្ឋ​អាមេរិក។

លោក តាំង​ សារ៉ាដា បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ក្រោយ​ពី​សវនាការ​ថា ​លោក​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ថ្នាក់​ដឹកនាំ​កម្ពុជា ​ដែល​ធ្វើ​សកម្មភាព​ដើម្បី​ពង្រឹង​វត្តមាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក ​និង​ពិនិត្យ​មើល​លើ​ចរាចរណ៍​ប្រាក់​ដែល​ពួក​មន្ត្រី​ទាំង​នោះ​បញ្ចេញ​មក​អាមេរិក ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់គណបក្ស​កាន់​អំណាច។​ លោកក៏​ស្នើ​ឲ្យ​ពិនិត្យ​មើល​មន្ត្រី​អាមេរិកាំងដើម​កំណើត​ខ្មែរ​នៅ​ថ្នាក់​មូលដ្ឋាន​ ដែល​ចូល​រួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​អាមេរិក​ផងដែរ។

លោក ​តាំង សារ៉ាដា​ បាន​បន្ថែម​ថា៖ «ដូច្នេះ​យើង​ចង់​ឲ្យ​រដ្ឋសភា​ក៏​ដូច​ជា​រដ្ឋាភិបាល​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ​ពិនិត្យ​មើល​មន្ត្រី​ទាំង​អស់​នោះ​ថា ​តើ​ខ្លួន​កំពុង​តែ​ផ្តល់​ភាព​ស្រប​ច្បាប់​កម្រិត​ណា​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មាន​វត្តមាន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក»។

លោក Chris Smith សហប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ Tom Lantos ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅក្រោយ​សវនាការបាន​បញ្ចប់​ថា ​ក្រោយ​ពី​បាន​ស្តាប់​សក្ខី​កម្ម​របស់​សកម្មជន​និង​ជនរងគ្រោះ​ដោយ​ផ្ទាល់ ​លោក​ប្តេជ្ញាចិត្ត​ជំរុញ​ច្បាប់​ស្តីពី​គោលនយោបាយ​លើ​ការគាប​សង្កត់​ឆ្លងដែន​នេះ​ឲ្យ​បាន​ចូល​ជា​ធរមាន​ដោយ​សារ​រូបភាព​នៃ​ការគាបសង្កត់​នេះ​មាន ​«គ្រោះថ្នាក់» ​ដល់​សកម្មជន​ទាំងនោះ។

លោកថ្លែងថា៖ «យើង​ត្រូវ​តែ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ។​ យើង​ត្រូវ​តែ​បញ្ឈប់​ការលូកដៃ​ដ៏​វែង​ចូល​មក​គាប​សង្កត់​ដែល​មិន​ត្រឹមតែ​ក្នុង​ប្រទេស​របស់​យើង​ទេ ​ប៉ុន្តែ​នៅ​ទីកន្លែង​ដទៃ​ផងដែរ»។​

សេចក្តីព្រាងច្បាប់​ស្តីពី​គោល​នយោបាយ​លើ​ការគាប​សង្កត់​ឆ្លង​ដែន ​“Transnational Repression Policy Act” ​(ឬ​ HR 3654​) ​ត្រូវ​បាន​ស្នើ​ឡើង​ជាថ្មី​ក្នុង​ខែ​ឧសភាឆ្នាំ​ ២០២៣ ដោយ​លោក Chris Smith នៃ​គណបក្ស​សាធារណរដ្ឋនិងលោក ​James McGovern ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ បន្ទាប់​ពី​ខកខាន​មិន​បាន​អនុម័ត​តាំងពី​ឆ្នាំ​ ២០១៤ ​មក​។ ​សេចក្តី​ព្រាងច្បាប់​នេះ​មាន​គោល​បំណង​ដោះស្រាយ​ការគាប​សង្កត់​ឆ្លងដែន ​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​បរទេស​ប្រឆាំង​នឹង​បុគ្គល​ឯកជន​និង​សម្រាប់​គោល​បំណង​មួយ​ចំនួន​ទៀត​ក្នុង​ការការពារ​សិទ្ធិ​សេរីភាព។

រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា ខ្លួន​មិន​បាន​រៀបចំ​ជា​បណ្តាញ​សម្រាប់​គាប​សង្កត់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទេ​គឺ​មាន​តែ​ចង់​ឲ្យ​ពួកគេ​គោរព​ច្បាប់​និង​ទទួល​បាន​សេចក្តី​សុខ​ប៉ុណ្ណោះ។​

លោក ​ប៉ែន បូណា ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​សារ​តេឡេក្រាម​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុនថា ​ការបញ្ចេញ​មតិ​របស់​អ្នកគាំទ្រ​របស់​រដ្ឋាភិបាល​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជា​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ក្នុង​ការការពារ​ថ្នាក់​ដឹកនាំ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា។

លោកថ្លែងថា៖ «នៅ​ពេល​ដែល​អ្នកគាំទ្រ​ទាំង​នោះ​គាត់​មើលឃើញ​អ្នក​ណា​ម្នាក់​ដែល​ប្រមាថ​មើល​ងាយ​អ្នក​ដឹកនាំ​គាត់​ហួស​ហេតុ​ពេក ដែល​ទទួល​យក​អត់​បាន ​គាត់​ក៏​ឆ្លើយ​តប​ត​ទៅវិញ​តាម​បណ្តាញ​សង្គមហ្នឹង​ទៅ ​មាន​ទៅ ប្រើ​ហិង្សា​អ្វី​ឯ​ណា?​ ហើយ​ដល់​ពេល​គេ​ឆ្លើយ​តប​ទៅវិញ​ គាត់​ចាត់​ទុក​ថា​នេះ​ជា​ការគំរាម​កំហែង​ ត្រង់​គាត់​មាក់ងាយ​គេ​ ប្រមាថ​គេ​គ្រប់​បែប​យ៉ាង​គាត់​អត់​ធ្វើ​ដឹង​ធ្វើ​ឮ​ ដល់​គេ​ឆ្លើយ​ទៅវិញ​គាត់​ថា​គេ​គំរាម​កំហែង។ នេះ​គឺ​ជា​ទម្លាប់​របស់​ពួកគាត់»។

​លោក ​ប៉ែន​ បូណា​ ចាត់​ទុក​ថា​ករណី​របស់​លោក​ តាំង សារ៉ាដា ​នៃ​សារព័ត៌មាន The Cambodia Daily ​គ្មានការចាត់​តាំង​ឲ្យ​គំរាម​កំហែង​ទេ។

លោក​ថ្លែងថា៖ «Cambodia Daily ​របស់​គាត់​ផ្សាយ​ព័ត៌មាន​ញុះញង់​បំផ្លើស​បំភ្លៃ​វាយ​ប្រហារ​លាប​ពណ៍​រាជ​រដ្ឋាភិបាល​គ្រប់​បែប​យ៉ាង ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់​ដឹកនាំ​គ្រប់​បែបយ៉ាង។ អ៊ីចឹង​ក៏​មាន​អ្នកគាំទ្រ​រាជ​រដ្ឋាភិបាល​មួយ​ចំនួន ​គេ​មិន​ទទួល​យក​បាន​ គេ​ក៏​ឆ្លើយ​តប​ទៅវិញ​តាម​បណ្តាញ​សង្គម​ ហើយ​គាត់​ក៏​ចាត់​ទុក​ថា​ហ្នឹង​ជា​ការគំរាម​កំហែង​។ ចុះ​ខ្លួន​គាត់​ដែល​ប៉ះពាល់​ដល់​កិត្តិយស​គេ​ហើយ​អាង​តែ​ខ្លួន​គាត់​នៅ​ក្រៅ​ប្រទេស ​គាត់​អត់​ទទួល​ខុសត្រូវ​ ហ្នឹង​ម៉េច​វិញ... រួច​ខ្លួន​ឯង​មិន​ទទួល​ខុសត្រូវ​មក​ចោទ​រាជ​រដ្ឋាភិបាល​ថា​ មាន​បណ្តាញ​ធ្វើ​ទុក្ខ​បុកម្នេញ ​ទោះ​ជា​ទៅ​ដល់​ក្រៅ​ស្រុក​ហើយ​ក៏ដោយ​ ហ្នឹង​ជា​ពាក្យ​ចេញ​ពីមាត់​គាត់​មក​ប្រឌិត​ឡើង​ទាំង​អស់»។

​តំណាង​សកម្មជន​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ដែល​ធ្វើសកម្មភាព​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ​សម្តែង​ការពេញ​ចិត្ត​ដែល​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា​អាមេរិកាំង​យកចិត្ត​ទុកដាក់​ចាត់​វិធានការ​ច្បាប់​លើ​ករណី​គំរាម​កំហែង​ឆ្លង​ប្រទេស​ ហើយក៏​លើក​ទឹក​ចិត្ត​ឲ្យ​សកម្មជន​ដទៃ​ទៀតប្រុងប្រយ័ត្ន​និង​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ពី​សកម្មភាព​ដែល​បង្ខិតបង្ខំ​និង​បំភិតបំភ័យ​លើ​ពួកគេ។

​លោក ​យ័ប​ គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ​ដែល​បាន​ចូលរួម​ស្តាប់​សវនាការ​យល់​ថា​បច្ចេកទេស​សម័យ​ទំនើប​ធ្វើ​ឲ្យ​ការគំរាម​កំហែង​ឆ្លង​ប្រទេស​អាច​ធ្វើ​បាន​ដោយ​ងាយស្រួល​ដោយ​ខុស​ពី​ពេល​អតីតកាល​ដែល​អ្នក​មក​ដល់​សហរដ្ឋ​អាមេរិក​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព។

លោក​ គឹមទឹង គាំទ្រ​ឲ្យ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​ដែល​គំរាម​កំហែង​ទាំងនោះ៖ «អ្នក​ដែល​គំរាម​អាច​មាន​ទោស​ទៅ​ថ្ងៃ​ក្រោយ​មិន​ថា​ជន​ជាតិ​ខ្មែរ​អាមេរិកាំង​នៅ​ទីនេះ​ ឬ​មួយ​ក៏​អ្នក​ហ្នឹង​ជា​រដ្ឋមន្ត្រី​នៅ​ស្រុក​ខ្មែរ​»។

លោក​ សម្បត្តិ រ៉េត​ អនុប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ ដែល​បាន​ចូលរួម​ស្តាប់​សវនាការ​ដែរ​បាន​ប្រាប់​វីអូអេ​ថា៖ «ដូច្នេះ​ខ្ញុំ​ជឿ​ថា​ប្រជាជន​ខ្មែរ​ដែល​រងទុក្ខ​វេទនា​ក្រោម​ការគាប​សង្កត់​ឆ្លង​ដែន​ គំរាម​ឆ្លង​ដែន​នេះ​នឹង​មាន​ខ្នង​បង្អែក ​ដែល​យើង​គិត​ថា ​វា​ជា​អាវុធ​មួយ​ ជា​អាវ​ក្រោះ​មួយ​ដើម្បី​ការពារ​យើង​ក្នុង​ការ​បញ្ចេញ​មតិ​មិន​សម្រាប់​តែ​ទៅ​លើ​គណបក្ស​នយោបាយ ​ឬ​ក៏​សង្គម​ស៊ីវិល​ ឬ​ក៏​សកម្ម​ជន​ទេ​។ ខ្ញុំ​ជឿ​ថា​ យើង​ទាំង​អស់​គ្នា​អាច​ទទួល​យក​បាន​ហើយ​សូម​ឲ្យ​បងប្អូន​ទាំង​អស់​គាំទ្រ​ច្បាប់​នេះ​និង​ជំរុញ​ច្បាប់​នេះ​ឲ្យ​ចេញ»។

​ក្នុង​ពេល​ដែល​សេចក្តីព្រាងច្បាប់​ស្តីពី​គោល​នយោបាយ​លើ​ការគាប​សង្កត់​ឆ្លង​ដែន​នៅ​មិន​ទាន់​អនុម័ត​នៅ​ឡើយ​ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​នេះ​យល់​ថា ​មាន​ច្បាប់​មួយ​ចំនួន​ទៀត​ដែល​សហរដ្ឋ​អាមេរិក​អាច​ប្រើប្រាស់​បាន​ដូច​ជា​ច្បាប់ Global Magnetski ​ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​ប្រើគ្រប់​មធ្យោបាយ​ក្នុង​ការដោះស្រាយ​ទាំង​ជាមួយ​នឹង​ប្រទេស​សម្ព័ន្ធមិត្ត​ក៏ដូច​ជា​ប្រទេស​អមិត្ត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG