ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ជំនាញ​អនុបណ្ឌិត​ជាច្រើន​នៅ​អាមេរិក​រក​ប្រាក់​មិន​បាន​ទេ


រូបឯកសារ៖ និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ពាក់​ក្រណាត់​សម្គាល់​ឆ្នាំ​បញ្ចប់​ការសិក្សា​របស់ខ្លួន នៅ​សាកលវិទ្យាល័យ​ Southern California កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ពាក់​ក្រណាត់​សម្គាល់​ឆ្នាំ​បញ្ចប់​ការសិក្សា​របស់ខ្លួន នៅ​សាកលវិទ្យាល័យ​ Southern California កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ជំនាញ​ថ្នាក់​អនុបណ្ឌិតនៅ​សហរដ្ឋ​អាមេរិក​ស្ទើរ​តែ​ពាក់​កណ្ដាល​រក​ប្រាក់​មិន​បាន​ច្រើន​ទេ ហើយ​មិន​រួច​ថ្លៃ​សោហ៊ុយ​ចំណាយ​លើ​ការ​សិក្សា​យក​សញ្ញាបត្រថ្នាក់​អនុបណ្ឌិត​នេះ​ទេ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ​ទៅ​លើ​ឱកាស​ស្មើគ្នា ដែល​ជា​អង្គការ​ស្រាវជ្រាវ​ទៅ​លើ​សេដ្ឋកិច្ច។

ការ​សិក្សា​នេះ​បង្ហាញ​ថា កម្មវិធី​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​ជាច្រើន​មិន​បង្កើន​ចំណូល​មួយ​ជីវិត​ឱ្យ​គ្រប់គ្រាន់​ដើម្បី​រៀន​វា​នោះ​ទេ។

ខណៈ​ពេល​ដែល ២៣ ភាគរយ​នៃ​កម្មវិធី​បរិញ្ញាបត្រមិន​ផ្តល់​ផល​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ ​ឬ​ផ្តល់​ផល​អវិជ្ជមាន​មក​វិញ សម្រាប់​សញ្ញាបត្រ​សិក្សា​រយៈពេល​ពីរឆ្នាំ​និង​ និង​ថ្នាក់​អនុបណ្ឌិត​វិញ​ចំនួន​អវិជ្ជមាន​នេះ​មាន​រហូត​ដល់​៤៣ភាគរយនៃ​ការ​មិនអាច​ផ្តល់ប្រាក់​ចំណេញ​មក​វិញ​នោះ។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​ដោយ​លោក Preston Cooper ដែល​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ FREOPP ។

លោក Cooper បាន​វាយតម្លៃទៅ​លើ​ផល​ចំណេញ​មកវិញពី​ការ​សិក្សា​យក​សញ្ញាបត្រ​និង​កម្មវិធី​វិញ្ញាបនបត្រ​ចំនួន ៥៣.០០០ ​ដើម្បី​កំណត់​ថា តើ​ប្រាក់​ចំណូល​ពេញ​មួយ​ជីវិត​របស់​សិស្ស​មាន​លើស​ពី​តម្លៃ​កម្មវិធី និង​ហានិភ័យ​នៃ​ការ​មិន​បញ្ចប់​ការ​សិក្សា​របស់​ពួកគេ​ដែរ​ឬ​ទេ។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​លោក​រកឃើញ​ថា ជំនាញ​សិក្សា​របស់​និស្សិត​ម្នាក់​គឺ​ជា​សូចនាករ​ចម្បង​នៃចំណូល​បាន​មក​វិញ​នៅ​ថ្នាក់​ឧត្តម​និង​ថ្នាក់​ក្រោយ​ឧត្តមសិក្សា។

ជំនាញ​បរិញ្ញាបត្រ​ខាងវិស្វកម្ម វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​គិលានុបដ្ឋាក​រក​ចំណូល​មក​វិញ​បាន​ច្រើន ខណៈ​កម្មវិធី​ក្នុង​វិស័យ​អប់រំ វិចិត្រសិល្បៈ ចិត្តសាស្ត្រ និង​ភាសា​អង់គ្លេស​រក​ចំណូល​បាន​មក​វិញ​តិច។ ​

ថ្នាក់​ក្រោយ​ឧត្តមសិក្សា​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​និង​ច្បាប់​ច្រើន​តែ​រក​ចំណូល​មក​វិញ​បាន​ច្រើន។ ប៉ុន្តែ​បើ​យោង​តាម​លោក Cooper កម្មវិធី​ថ្នាក់​អនុបណ្ឌិត​ជាច្រើន​រួម​បញ្ចូល​ទាំង​ថ្នាក់​គ្រប់គ្រង​អាជីវកម្ម​ MBA ផង​នោះ ជារឿយៗ​រក​ចំណូល​មក​វិញ​បាន​ទាប។

ថ្វីត្បិត​តែ​បុគ្គលិក​ដែល​មាន​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​រកចំណូល​បាន ១៦ភាគរយ​ច្រើន​ជាង​អ្នក​ដែល​មាន​ត្រឹម​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ក៏​ដោយ​ ក៏​លោក Cooper និយាយ​ថា តួលេខ​នេះ​មិន​បាន​រាប់​បញ្ចូល​និស្សិត​ដែល​មាន​«សក្ដានុពល​ប្រាក់​ចំណូលខ្ពស់​ជាង​ពី​មុន​ស្រាប់‍»នោះ ទេ។

លោក Cooper សរសេរ​ថា៖ «និស្សិត MBA ដែល​មាន​សក្ដានុពល​ប្រាក់​ចំណូល​ខ្ពស់​ជាង ជារឿយៗ​ជ្រើសរើស​យក​មុខវិជ្ជា​ថ្នាក់​បរិញ្ញាបត្រដែល​អាច​រក​ចំណូល​បាន​ខ្ពស់​ដូចជា​ជំនាញ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច។ ដូច្នេះ​ជំនាញ​ថ្នាក់​អនុបណ្ឌិត​ MBA បន្ថែម​តម្លៃ​តិចតួច​ប៉ុណ្ណោះបន្ថែម​ពី​លើ​នោះ‍»។

ការ​សិក្សា​នេះ​ក៏​បាន​ចង្អុល​បង្ហាញ​ថា ប្រាក់​ខែ​ចាប់ផ្ដើម​ខ្ពស់​គឺ​ជា​សូចនាករ​នៃ​ប្រាក់​ចំណូល​មក​វិញ​ខ្ពស់។ សញ្ញាបត្រ​ដែល​មាន​ប្រាក់​ខែ​ចាប់ផ្ដើម​ដំបូង​ពី ​៥៧.០០០ ​ដុល្លារ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ឆ្នាំ​ ផ្ដល់​ប្រាក់​ចំណូល​សរុប​ពេញ​មួយ​ជីវិត​ខ្ពស់​បំផុត។

ប៉ុន្តែ​ប្រាក់​ចំណូល​បាន​មក​វិញ​ពី​សញ្ញាបត្រ​មួយ​មាន​ទំហំ​ខុសៗគ្នា​អាស្រ័យ​ទៅ​លើ​គ្រឹះស្ថាន​អប់រំ​ផង​ដែរ។

លោក Cooper សរសេរ​ថា៖ «និស្សិត​ដែល​ចាប់​អារម្មណ៍​ជំនាញ​សិក្សា​ដែល​អាច​រក​ចំណូល​មធ្យម​បាន​ទាប​ នៅ​តែ​អាច​រក​សាលា​មួយ​ចំនួន​ដែល​អាច​ប្ដូរ​ជំនាញ​សិក្សា​ទាំង​នោះ​ទៅ​ជា​ការងារ​ដែល​រក​ចំណូល​បាន​ខ្ពស់​បាន​ដែរ‍»។

គុណភាព​នៃ​គ្រឹះស្ថាន​អប់រំ​មួយ​ក៏​សំខាន់​ណាស់​ដែរ។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​លោក William Tierney សាស្ត្រាចារ្យ​កិត្តិយស​នៃ​ថ្នាក់​ការ​អប់រំ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ Southern California។

លោក Tierney ថ្លែង​ប្រាប់ VOA ថា៖ «មុខជំនាញMBA ពី​សាកលវិទ្យាល័យ Harvard គឺ​ទំនង​ជា​អាច​រក​ការងារ​ល្អ​មួយ​បាន។ ចំណែក​ឯ​ជំនាញ MBA ដូចគ្នា​ពី​សាកលវិទ្យាល័យ Phoenix ដែល​មាន​លំដាប់​ទាប​ជាង​សាកលវិទ្យាល័យ Harvard ប្រហែល​ជា​មាន​លទ្ធភាពរក​ការងារ​ល្អ​បាន​តិច​ជាង​នេះ»។

ប៉ុន្តែ​និស្សិត​រៀន​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​គឺ​មិនមែន​ដោយសារ​ហេតុផល​ប្រាក់​ចំណូល​រក​បាន​មក​វិញ​តែ​មួយ​មុខ​នោះ​ទេ។ ​

លោក Robert Kelchen ប្រធាន​ថ្នាក់ដឹកនាំ​ផ្នែក​អប់រំ​នៃ​សាកលវិទ្យាល័យ Tennessee ក្នុង​ទីក្រុង Knoxville ថ្លែង​ប្រាប់ VOA ថា៖ «ជំនាញ​មួយ​ចំនួន​អាច​នាំ​ឱ្យ​រក​បាន​ការងារ​ដែល​និស្សិត​ចូលចិត្ត ដូចជា​ការ​សម្ដែង​សិល្បៈ​ជាដើម‍»។

លោក Kelchen បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «ជំនាញ​ខ្លះ​អាច​ជួយឱ្យ​និស្សិត​ចូល​ក្នុង​បណ្ដាញ​សង្គម ឬ​ជួយ​និស្សិត​ឱ្យ​រៀន​អំពី​ប្រធានបទ​មួយ​ដែល​ពួកគេ​ចូលចិត្ត‍»។

លោក Cooper បាន​ថ្លែង​ថា VOA ថា​ វា​អាច​សមហេតុ​ផល​សម្រាប់​និស្សិត​ក្នុង​កម្មវិធី​សិក្សា​ដែល​អាច​រក​ចំណូល​មក​វិញ​បាន​ទាប​ក្នុង​ការ​ប្ដូរ​ជំនាញ​សិក្សា​ប្រសិន​បើ​ពួកគេ​នៅ​តែ​អាច​បញ្ចប់​ការ​សិក្សា​ទាន់​ពេល​វេលា។

លោក​បាន​រក​ឃើញ​ថា លទ្ធផលចុងក្រោយ​ខាងចំណាយអាក្រក់​បំផុតសម្រាប់​និស្សិត​គឺ​ កា​បោះបង់​ចោល​ការ​សិក្សា​«ដោយសារ​តែ​ពួកគេ​ត្រូវ​បង់​ថ្លៃ​សិក្សា​មួយ​ឆ្នាំ​ឬ​ច្រើន​ជាង​នេះ​ហើយ​មិនធ្វើ​ការងារមួយ​រយៈ»។ ​

អ្នក​តំណាងរាស្ត្រ​ដែល​ផ្ដល់​ថវិកា​ដល់​ការ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការធានា​ថា «ថ្នាក់​ឧត្តមសិក្សា​ផ្ដល់​នូវ​ប្រាក់​ចំណូល​និង​ការ​បង្កើន​ជីវភាព​សេដ្ឋកិច្ចមក​វិញ‍»។

ជិត​មួយ​ភាគ​បី​នៃ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ ដោយ​រួម​មាន​ទាំង​កញ្ចប់​ថវិកា Pell និង​ប្រាក់​កម្ចី​និស្សិត​ផង​ដែរ​ បង់​ថ្លៃ​សិក្សា​សម្រាប់​កម្មវិធី​ថ្នាក់​ឧត្តមសិក្សា​ដែល​មិន​បាន​ផ្ដល់​ដល់​និស្សិត​នូវ​ប្រាក់​ចំណូល​គ្រប់គ្រាន់​ទេ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ដដែល​នេះ។

ទស្សនៈ​របស់​លោក Cooper គឺ​ថា «សាលារៀន​មួយ​ចំនួន​គួរ​តែ​បិទ​កម្មវិធី​សិក្សា​ដែល​ផ្ដល់​ប្រាក់​ចំណូល​មក​វិញ​ទាប និង​បែងចែក​ធនធាន​ដល់​កម្មវិធី​សិក្សា​ដែល​ប្រាក់​ចំណូល​មក​វិញ​បាន​ច្រើន​ជាង»។

លោក Cooper បាន​ថ្លែង​ប្រាប់ VOA ថា៖ «ពិត​ជា​មាន​ការ​លើកឡើង​ថា ថ្នាក់​ឧត្តមសិក្សា​គឺ​តែងតែ​ផ្ដល់​ចំណូល​មកវិញ​ខ្ពស់ ហើយ​អ្នក​គួរ​តែ​ព្យាយាម​សិក្សា​យក​ជំនាញ​បន្ថែម​ដោយសារ​វា​ជួយ​ឱ្យ​អ្នក​រក​ចំណូល​បាន​ខ្ពស់។ ការ​លើកឡើង​នេះ​ត្រូវ​បាន​សង្កត់ធ្ងន់​ដោយ​សាកលវិទ្យាល័យ​នានា​ដែល​បាន​បំប៉ោង​សន្យា​ទាក់ទិន​នឹងសមិទ្ធផល​នៃ​កម្មវិធី​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​របស់​ខ្លួន ដែល​ជារឿយៗ​មិន​មាន​លទ្ធផល​ដូច​ការ​សន្យា​នោះ​ទេ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG