ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើដំណើរទៅដល់ប្រទេសកាហ្សាក់ស្ថាននៅថ្ងៃពុធនេះ ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅបរទេសតាំងពីពេលមានវិបត្តិជំងឺកូវីដ១៩ មក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
យន្តហោះរបស់លោក Xi Jinping បានចុះចតនៅក្នុងរដ្ឋធានីអាស្ដាណានៃប្រទេសកាហ្សាក់ស្ថាន ហើយលោកត្រូវបានប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym Jomart Tokayev ទទួលស្វាគមន៍។
នៅក្នុងអំឡុងពេលជួបពិភាក្សាជាមួយនឹងលោក Tokayev លោក Xi Jinping បានសន្យាផ្ដល់ការគាំទ្រពេញទំហឹងលើអធិបតេយ្យភាពរបស់ប្រទេសកាហ្សាក់ស្ថាន នៅចំពេលដែលតំបន់អាស៊ីកណ្ដាលកំពុងរងការភ័យខ្លាចដោយសារការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។
លោក Xi Jinping បាននិយាយដូច្នេះថា៖ «មិនថាស្ថានការណ៍នៅលើពិភពលោកប្រែប្រួលយ៉ាងណានោះទេ យើងនឹងនៅតែបន្តគាំទ្រពេញទំហឹងលើប្រទេសកាហ្សាក់ស្ថាននៅក្នុងការការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកាហ្សាក់ស្ថាន។
លោក Tokayev បានសរសើរដំណើរទស្សនកិច្ចរបស់លោក Xi Jinping ថាជាការរួបរួមឡើងវិញនៃ «សារៈសំខាន់ជាប្រវត្តិសាស្ត្រ» ដោយលោកបាននិយាយថា ការសម្រេចចិត្តរបស់លោក Xi Jinping នៅក្នុងការធ្វើទស្សនកិច្ចមកកាន់ប្រទេសកាហ្សាក់ស្ថានដំបូងគេតាំងពីពេលមានវិបត្តិជំងឺកូវីដ១៩ មក គឺជាសញ្ញានៃ «ភាពទុកចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការ...កម្រិតខ្ពស់»។
តំបន់អាស៊ីកណ្ដាលគឺមានសារៈសំខាន់សម្រាប់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ប្រទេសចិន ដែលជាគម្រោងតភ្ជាប់ពាណិជ្ជកម្មនៅទូទាំងពិភពលោកតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា។
នៅក្នុងអំឡុងទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅកាន់តំបន់អាស៊ីកណ្ដាលនេះ លោក Xi Jinping ក៏គ្រោងនឹងចូលរួមផងដែរនៅក្នុងកិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងប្រទេសអ៊ូសបេគីស្ថាន ដែលនៅទីនោះលោកត្រូវបានគេរំពឹងថានឹងជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ជំនួបរវាងមេដឹកនាំទាំងពីរដែលគេរំពឹងថានឹងធ្វើឡើងនេះកើតមាននៅចំពេលដែលប្រទេសរុស្ស៊ីកំពុងរងគ្រោះធ្ងន់ធ្ងរនៅក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែកន្លងមក ប្រទេសចិនបានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះលោក Putin និងចំពោះមិត្តភាពរវាងប្រទេសទាំងពីរដែលចិនអះអាងថា «គ្មានដែនកំណត់»៕