ប្រធានាធិបតី​ចិន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន

លោក​ប្រធានាធិបតី​ចិន Xi Jinping និង​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ពិនិត្យ​ជួរ​ទាហាន កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ជា «ព្រឹត្តិការណ៍​ដ៏​សំខាន់» មួយ ស្រប​ពេល​ដែល​លោក​មាន​បំណង​បង្កើន​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ជាមួយ​នឹង​ការ​សន្យា​នូវ​គម្រោង​វិនិយោគ​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក Xi Jinping បាន​ធ្វើ​ដំណើរ​ដល់​ទីក្រុង​ម៉ានីល សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ដំបូង​របស់​ប្រធានាធិបតី​ចិន​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​រយៈពេល ១៣ ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ទទួល​ស្វាគមន៍​លោក Xi Jinping នៅ​វិមាន​ប្រធានាធិបតី​ដោយ​និយាយ​ថា៖ «សម្រាប់​ប្រទេស​ហ្វីលីពីន ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ គឺ​វា​លើស​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​ទៅ​ទៀត»។

លោក Xi Jinping បាន​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​លោក​និយាយ​ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ផ្លាស់ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ»។

ប្រទេស​ចិន​បាន​សន្យា​ផ្ដល់​ថវិកា​វិនិយោគ និង​កម្ចី​ចំនួន ២៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ហ្វីលីពីន ដើម្បី​ប្រជែង​ជាមួយ​នឹង​ភាព​នាំ​មុខ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​តំបន់​ប៉ាស៊ីហ្វិក។

ប៉ុន្តែ មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping អ្នក​តវ៉ា​រាប់​រយ​នាក់​បាន​តវ៉ា​នៅ​ឯ​ស្ថានទូត​ចិន ដើម្បី​ប្រឆាំង​នឹង​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន។

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​បន្ទរ​ថា៖ «ប្រទេស​ហ្វីលីពីន​មិនមែន​ជា​ប្រទេស​សម្រាប់​លក់​នោះ​ទេ»។ អ្នក​ខ្លះ​ទៀត​ស្រែក​បន្ទរ​ថា៖ «ចិន​ចេញ​ពី​ដែន​ទឹក​របស់​ហ្វីលីពីន​ទៅ» ដែល​នេះ​ចង់​សំដៅ​ដល់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕