នៅក្នុងសមាជគណបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលបានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិនលោក Xi Jinping បានសរសើរការលេចឡើងរបស់ប្រទេសចិនជាមហាអំណាចពិភពលោក និងបានទាមទារឱ្យមានការឯកភាពគ្នានៅជុំវិញការដឹកនាំរបស់លោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងសុន្ទរកថាបើកដែលថ្លែងទៅកាន់ប្រតិភូ ២.៣០០ នាក់ដែលបានចូលរួមនៅក្នុងសមាជនេះនៅក្នុងសាល Great Hall of the People លោក Xi បានជំរុញ និងការពារគោលនយោបាយជាច្រើនរបស់លោក ដែលក្នុងនោះរួមមានទាំងគោលនយោបាយគ្មានជំងឺកូវីដ និងវិធានការប្រឆាំងនឹងអំពើពុករលួយផងដែរ។
លោក Xi បាននិយាយថា៖ «ឯកភាពគឺជាកម្លាំង ហើយជ័យជម្នះគឺតម្រូវឱ្យមានការឯកភាពគ្នា»។
លោក Xi ថ្លែងដូច្នេះ បន្ទាប់ពីលោកបានដើរឡើងលើវេទិកានៃសមាជនេះដែលមានការទទួលស្វាគមន៍ពីសំណាក់អ្នកចូលរួមដែលត្រូវបានសម្រាំងជ្រើសរើស ដែលអ្នកទាំងនោះនឹងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្សសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខនៅក្នុងអំឡុងសមាជរយៈពេលមួយសប្ដាហ៍នេះ។
លោក Xi បានបន្ថែមថា៖ «ឥទ្ធិពល ការលេចឡើង និងអំណាចនៅលើឆាកអន្តរជាតិរបស់ប្រទេសចិននៅក្នុងការតម្រង់ទិសពិភពលោកបានកើនឡើងគួរឱ្យកត់សម្គាល់»។
នៅក្នុង «របាយការណ៍ការងារ» របស់លោករយៈពេល ៥ ឆ្នាំចុងក្រោយនេះ លោក Xi ក៏បានផ្ដោតផងដែរលើបញ្ហាសន្តិសុខនិងអធិបតេយ្យភាពដ៏រសើបបំផុតចំនួនពីររបស់ប្រទេសចិនទាក់ទិននឹងបញ្ហាទីក្រុងហុងកុងនិងបញ្ហាកោះតៃវ៉ាន់។
លោកបានសរសើរការផ្លាស់ប្ដូររបស់ទីក្រុងហុងកុងពី «ភាពចលាចលទៅជាអភិបាលកិច្ច» និងបានសន្យាថានឹង «មិនលះបង់ចោលជាដាច់ខាតនូវការប្រើប្រាស់កម្លាំង» ទាក់ទិននឹងរឿងកោះតៃវ៉ាន់៕
លោក Xi Jinping សរសើរការលេចឡើងរបស់ចិននៅក្នុងសមាជគណបក្សកុម្មុយនីស្តចិន

ប្រធានាធិបតីចិនលោក Xi Jinping (កណ្តាល) រួមជាមួយមេដឹកនាំបក្សកុម្មុយនីស្តចិន ក្នុងពេលចូលរួមពិធីបើកសមាជគណបក្សកុម្មុយនីស្តចិនលើកទី ២០ នៅក្នុងសាល Great Hall of the People នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ (Li Xueren/Xinhua via AP)
ទីក្រុងប៉េកាំង —