ការ​លួច​ឯកសារ​សម្ងាត់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ត្រូវ​តែ​មាន​ការ​ដាក់​ទោសទណ្ឌ

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីងពីង​(ខាងលើ) និយាយថា ការ​លួច​ឯកសារ​សម្ងាត់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ត្រូវ​តែ​មាន​ការ​ដាក់​ទោសទណ្ឌ។

ប្រធានា​ធិបតី​ស៊ី ​ជីង​ពីង​នៃ​ប្រទេស​ចិន ​ដែល​ចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ចនៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារនេះ​និយាយ​ថា ​រដ្ឋា​ភិបាល​របស់​លោក​បាន​គិតគូរ​យ៉ាង​ខ្លាំង​ពី​សន្តិសុខ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ​ហើយ​ពួក​ឧក្រិដ្ឋ​ជន​លួចចូល​ក្នុង​ប្រព័ន្ធកុំព្យូទ័រ ​រួមមាន ​ពួក​អ្នក​លួចឯកសារ​សម្ងាត់​ពាណិជ្ជកម្ម​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​ស្រប​ទៅ​តាម​ច្បាប់​ និង​អនុសញ្ញា​អន្តរជាតិ។

នៅ​ក្នុង​អត្ថាធិប្បាយលាយលក្ខណ៍​អក្សរ​នៅ​ព្រឹក​អង្គារ​នេះ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មក​ពី​កាសែត Wall Street Journal ​លោក​ប្រធានា​ធិបតី​ស៊ី​និយាយ​ថា​ ចិន​ក៏​ជា​ជន​រងគ្រោះ​នៃ​ការ​លួច​ចូល​ក្នុងប្រព័ន្ធ​កុំព្យូទ័រ ​ហើយ​បាន​បដិសេធ​ពី​តួនាទី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​លួច​ទិន្នន័យ​ពាណិជ្ជកម្ម​នេះ។

​លោកស៊ី​បាន​សរសេរ​ថា «​រដ្ឋាភិបាលចិន​មិន​បាន​ទាក់​ទិន​នឹង​ការ​លួច​ឯកសារ​សម្ងាត់​ពាណិជ្ជកម្ម​ក្នុង​ទម្រង់​ណាមួយ​ ឬ​លើក​ទឹក​ចិត្ត ឬ​គាំទ្រ​ក្រុម​ហ៊ុន​ចិន​ឲ្យ​ពាក់​ព័ន្ធ​ក្នុង​សកម្មភាពបែប​នេះ​ក្នុង​វិធី​ណាមួយ​ទេ‍»។

​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​លោកស្រី Susan Riceទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ ​បាន​ព្រមានចិន​ថា ចារកម្ម​លួច​ឯកសារ​សម្ងាត់​ដែល​រៀប​ចំ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជា​ការ​រារាំង​ដ៏ខ្លាំង​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន ​ហើយ​លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា ចារកម្ម​បែប​នេះ​ត្រូវ​តែ​ឈប់។

​ប្រធានាធិបតី​ស៊ី​បាន​ប្រាប់​កាសែត Wall Street Journal ថា ​លោក​បាន​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​ហើយ​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធកុំព្យូទ័រ​នេះ។

លោក ក៏​បាន​ពិភាក្សា​ប្រជុំ​កោះ​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​គេ​ស្គាល់​នៅ​ក្នុង​ប្រទេស​ចិន​ថា ​កោះណាន់សា ហើយ​ប្រទេស​ផ្សេង​ទៀត​ហៅ​ថា ​ប្រជុំ​កោះ Spratly។

លោក​ស៊ី​បាន​អះអាង​ថា ​ប្រជុំ​កោះ​ដែល​ទាម​ទារមួយ​ផ្នែក​ដោយ​ប្រទេស​ហ្វីលីពីន ​វៀត​ណាម ​ម៉ាឡេស៊ី ប៊្រុយណេ ​និង​កោះ​តៃ​វ៉ាន់ ​ជាទឹកដី​របស់​ចិនតាំង​ពី​សម័យ​បុរាណ​មក៕