កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីចិន Xi Jinping បានថ្លែងសុន្ទរកថានៅក្នុងសភានៃប្រទេសអង់គ្លេសនៅក្នុងឱកាសដំណើរទស្សនកិច្ចមួយ ដែលរដ្ឋាភិបាលអង់គ្លេសហៅថា ជាឱកាសមួយសម្រាប់ឲ្យប្រទេសទាំងពីរនេះបង្កើនពាណិជ្ជកម្ម និងវិនិយោគនៅពេលដែលក្រុមអ្នកការពារសិទ្ធិមនុស្សសុំឲ្យមានសំណួរអំពីប្រវត្តិសិទ្ធិមនុស្សនៅប្រទេសចិន។
កាលពីព្រឹកថ្ងៃអង្គារ ព្រះមហាក្សត្រី Elizabeth បានទទួលលោក Xi នៅឯរាជវាំង Buckingham នៅក្នុងពិធីស្វាគមន៍អធិកអធមមួយ។ ទស្សនកិច្ចបួនថ្ងៃរបស់លោកក៏មានរួមបញ្ចូលដែរនូវកិច្ចចរចានៅថ្ងៃពុធស្អែកជាមួយលោកនាយករដ្ឋមន្ត្រី David Cameron ការពិសារអាហារពេលយប់នៅឯផ្ទះសម្រាកកាយក្នុងស្រុកស្រែរបស់លោក Cameron និងដំណើរទស្សនកិច្ចនៅតាមអង្គភាពធុរកិច្ចមួយចំនួននៅអង់គ្លេស។
ការិយាល័យលោកនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា នៅក្នុងសប្តាហ៍នេះនឹងមានការសម្រេចបញ្ចប់អំពីកិច្ចព្រមព្រៀងនានាក្នុងទឹកប្រាក់ ៤៦ពាន់លានដុល្លារ ហើយថា ប្រទេសអង់គ្លេស និងប្រទេសចិននឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទាក់ទិននឹងការគំរាមកំហែងភេរវកម្ម និងភាពជ្រុលនិយម។
ក្រុមអ្នកការពារសិទ្ធិមនុស្សគ្រោងធ្វើបាតុកម្មនៅក្នុងឱកាសទស្សនកិច្ចរបស់លោក Xi ហើយបានអំពាវនាវដល់លោក Cameron ឱ្យលើកយកបញ្ហាសិទ្ធិមនុស្សទៅនិយាយជាមួយលោក Xi។ ស្ត្រីអ្នកនាំពាក្យរបស់លោក Cameron បានថ្លែងកាលពីថ្ងៃចន្ទថា «គ្មានបញ្ហាអ្វីមិនត្រូវលើកយកមកនិយាយទេ»៕