ទីក្រុង Wuhan ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងដំបូង និងមានការឆ្លងរាលដាលខ្លាំងនៃមេរោគកូរ៉ូណាថ្មី ឬ COVID-19 បានរាយការណ៍ជាលើកទីមួយថា មិនមានករណីឆ្លងថ្មីនៃមេរោគនេះកាលពីថ្ងៃពុធម្សិលមិញទេ។
ទីក្រុង Wuhan ត្រូវបានជាប់គាំងអស់រយៈពេលប្រហែល ២ ខែ នៅពេលដែលអាជ្ញាធរព្យាយាមបញ្ឈប់ការឆ្លងរាលដាលនៃមេរោគនេះ ហើយនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ការឆ្លងថ្មីៗបានធ្លាក់ចុះ។
ទោះជាយ៉ាងនេះក្ដី នៅតាមកន្លែងផ្សេងទៀតក្នុងប្រទេសចិន ដោយសារអាជ្ញាធរខាងសុខាភិបាលបានរាយការណ៍ថាមានករណីឆ្លងមេរោគនេះថ្មីចំនួន ៣៤ ករណីទៀតនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងចំណោមមនុស្សដែលមកពីកន្លែងផ្សេង គេនៅតែមានការព្រួយបារម្ភជាបន្តអំពីករណីឆ្លងពីខាងក្រៅដូចនេះ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ដំណើរវិវឌ្ឍរបស់ប្រទេសចិនកន្លងមក។
ប្រទេសចិនគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតដោយសារមេរោគកូរ៉ូណាថ្មីតាំងពីមេរោគនេះបានផ្ទុះឡើងដំបូងនៅចុងខែធ្នូឆ្នាំមុនមក ដោយកន្លងមកមានអ្នកឆ្លងមេរោគនេះនៅក្នុងប្រទេសប្រហែល ៨ ម៉ឺន ១ ពាន់នាក់ និងអ្នកស្លាប់ប្រហែល ៣ ពាន់ ២ រយនាក់។ អ្នកជំងឺភាគច្រើនដោយសារមេរោគនេះបានជះសះស្បើយ។
មេរោគនេះបានឆ្លងរាលដាលដល់ប្រទេសចំនួន ១៦៦ នៅទូទាំងពិភពលោក ដោយមានអ្នកឆ្លងជាង ២ សែន ៨ ពាន់នាក់ និងអ្នកស្លាប់យ៉ាងតិច ៨ ពាន់ ៦ រយនាក់។ នេះបើយោងតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក៕