ក្រុមស្វែងរកមួយចំនួននៅសមុទ្រមេឌីទែរ៉ាណេអះអាងថា ខ្លួនបានកំណត់ទីតាំងបំណែកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីបដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ ខណៈពេលដែលយន្តហោះនោះទៅជិតដល់ទីក្រុងគែរ ក្នុងជើងហោះហើរពីទីក្រុងប៉ារីសមក។ មន្ត្រីកិ្រកនិយាយថា ខ្លួនទំនងជាបានរកឃើញបំណែកយន្តហោះនោះ។ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ ដើម្បីបញ្ជាក់ថាតើបំណែកយន្តហោះនោះពិតជាត្រូវបានរកឃើញឬយ៉ាងណា។ ប្រទេសអេហ្ស៊ីបនិយាយថា អំពើភេរវកម្មទំនងជាមូលហេតុដែលបណ្តាលឲ្យមានគ្រោះមហន្តរាយនេះ ជាជាងបណ្តាលមកពីកំហុសបច្ចេកទេស ប៉ុន្តែនៅមិនទាន់មានព័ត៌មានលម្អិតពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ។
យន្តហោះធន់តូចដែលផ្ទុកមនុស្សចំនួន៦៦នាក់នេះ បានបាត់ដំណឹងពីផ្កាយរណបកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីយន្តហោះនេះបានហោះចូលក្នុងដែនអាកាសរបស់អេហ្ស៊ីបបានបន្តិច នៅក្នុងជើងហោះហើររយៈពេល៤ម៉ោងពីប្រទេសបារាំង។
នៅក្នុងទីក្រុងគែរ លោក Sherif Fathy រដ្ឋមន្ត្រីអាកាសចរណ៍របស់អេហ្ស៊ីប បានមានប្រសាសន៍ថា ប្រទេសបារាំងអាចនឹងទទួលខុសត្រូវចំពោះបញ្ហាសន្តិសុខនានា ប្រសិនបើអំពើភេរវកម្មត្រូវបានគេរកឃើញថា គឺជាមូលហេតុនៃការធ្លាក់យន្តហោះនេះមែននោះ។ លោកក៏បានលើកឡើងដែរថា អំពើភេរវកម្មអាចជាមូលហេតុចម្បងដែលបណ្តាលឲ្យមានការធ្លាក់យន្តហោះនេះ ជាជាងបណ្តាលមកពីបញ្ហាបច្ចេកទេស៕