របាយការណ៍ថ្មីមួយបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារការបំពុលបរិស្ថាន មានចំនួនច្រើនជាងបីដង បើប្រៀបធៀបទៅនឹងចំនួនមនុស្សស្លាប់ដោយសារជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់បូកបញ្ចូលគ្នា។ ការស្លាប់ដោយសារការបំពុលបរិស្ថាន នេះនាំមុខគេ។ ក៏ប៉ុន្តែ ទោះជាមានការរកឃើញយ៉ាងនេះក្តី ប្រទេសជាច្រើន នៅក្នុងពិភពលោក មិនបានយកចិត្តទុកដាក់លើបញ្ហានេះទេ។
របាយការណ៍ថ្មីមួយបានឲ្យដឹងថា ខ្យល់និងទឹកកខ្វក់ ការពុលដោយសារធាតុសំណ និងការបំពុលខ្យល់អាកាសនៅកន្លែងធ្វើការ បានសម្លាប់មនុស្សប្រហែល ៨ លាន ៣សែន នាក់ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៧។
ចំនួនស្លាប់ខាងលើនេះ គឺច្រើនជាង អ្នកស្លាប់ដោយសារការជក់បារីទៅទៀត ហើយក៏ច្រើនជាងអ្នកស្លាប់ដោយសារការសេពគ្រឿងស្រវឹង និងគ្រឿងញៀន ការបរិភោគអាហារមិនល្អ ជម្ងឺឆ្លងធំៗ និងសង្គ្រាមផងដែរ។
ក៏ប៉ុន្តែ ប្រទេសជាច្រើននៅក្នុងពិភពលោក មិនបានយកចិត្តទុកដាក់លើបញ្ហានៃការស្លាប់ដោយសារការបំពុលបរិស្ថាននេះទេ។
ការលើកឡើងខាងលើនេះ គឺយោងទៅតាមរបាយការណ៍របស់សម្ព័ន្ធសកលស្តីពីសុខភាពនិងការបំពុលបរិស្ថាន (Global Alliance on Health and Pollution)។ សម្ព័ន្ធភាពនេះ ត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវ ក្រសួងសុខាភិបាលជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ។
នាយិកាប្រតិបត្តិនៃសម្ព័ន្ធសកលស្តីពីសុខភាពនិងការបំពុលបរិស្ថាន អ្នកស្រី Rachael Kupka បានថ្លែងថា៖
«របាយការណ៍បានបង្ហាញថា ជាការពិតទៅវិបត្តិសុខភាពសកលនៅតែមិនទាន់ត្រូវបានគេយកចិត្តទុកដាក់ឲ្យបានដិតដល់ នៅតែមិនទាន់បានដោះស្រាយនៅឡើយ និងនៅខ្វះធនធានជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងនោះ»។
របាយការណ៍នោះបានលើកឡើងថា ការបំពុលបរិស្ថានដោយសារការខ្វះអនាម័យ និងការចម្អិនម្ហូបដែលធ្វើឲ្យមានផ្សែងច្រើន បានធ្លាក់ចុះ ប៉ុន្តែការបំពុលដោយសាររោងចក្រ រថយន្ត និងជាតិគីមីពុលផ្សេងៗ កំពុងតែកើនឡើង។
អ្នកស្រី Rachael Kupka បានថ្លែងថា ការវិនិយោគអន្តរជាតិ បានផ្តោតទៅលើការបំពុលបរិស្ថាន ដែលមកពីការខ្វះអនាម័យ និងផ្សែងចម្អិនម្ហូបអាហារ។
«ផ្នែកអនាម័យទឹក ដូចដែលខ្ញុំបាននិយាយពីខាងដើម ត្រូវបានគេធ្វើវិនិយោគច្រើនលើវា។ ដូច្នេះចំនួនមនុស្សស្លាប់ដោយសារបញ្ហាទឹក បានថយចុះ រីឯបញ្ហាផ្សេងទៀត ដែលទាក់ទងនឹងការបំពុលបរិស្ថានដោយសាររោងចក្រ រថយន្ត និងជាតិគីមីពុលផ្សេងៗ មិនត្រូវបានគេធ្វើវិនិយោគច្រើន និងយកចិត្តទុកដាក់ច្រើនដូចនោះឡើយ»។
ប្រទេសឥណ្ឌា និងចិនមានចំនួនមនុស្សស្លាប់សរុបដែលទាក់ទងនឹងការបំពុលបរិស្ថានច្រើនជាងគេបំផុត បន្ទាប់មកគឺប្រទេសនីហ្សេរីយ៉ា ឥណ្ឌូណេស៊ី និងប៉ាគីស្ថាន។ សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី ៧ ។
អ្នកស្រី Kupka បានថ្លែងទៀតថា៖
«មានប្រទេសមកពីស្ទើរតែគ្រប់តំបន់នៃពិភពលោកដែលស្ថិតនៅក្នុងចំណោមប្រទេស ១០ លើគេ។ យើងពិតជារងផលប៉ះពាល់ទាំងអស់គ្នា មិនថាយើងនៅទីណានោះទេ»។
ចំនួនមនុស្សស្លាប់ច្រើនជាងគេនៅទូទាំងពិភពលោក គឺដោយសារការបំពុលខ្យល់អាកាស ដែលមានចំនួន ៤០%។
អ្នកស្រី Kupka បានថ្លែងទៀតថា ដំណឹងល្អនោះគឺថា ការគ្រប់គ្រងការបំពុលខ្យល់អាកាសគឺមានហើយ ដែលវាអាចជួយកាត់បន្ថយផលប៉ះពាល់បាន។
អ្នកស្រី Kupka បានបន្ថែមទៀតថា៖
«មានវិធានការមានប្រសិទ្ធិភាពដែលមិនសូវចំណាយថវិកាច្រើន ដែលប្រទេស សហគមន៍ និងទីក្រុងនានាអាចអនុវត្តបាន ដើម្បីកាត់បន្ថយជំងឺដែលបណ្តាលមកពីការបំពុលបរិស្ថាន»។
អាជ្ញាធរ អាចអនុម័តនិងពង្រឹងការគ្រប់គ្រងការបញ្ចេញឧស្ម័នពីយានយន្ត និងពីបំពង់បញ្ចេញផ្សែងទៀត តម្រូវឱ្យកម្មករពាក់ឧបករណ៍ការពារខ្លួន និងតម្រូវឲ្យមានវិធានការផ្សេងៗទៀតដែលមានជាស្រេចហើយនោះ នៅក្នុងប្រទេសជាច្រើនទៀត។
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់