មេដឹកនាំនានានៅទូទាំងទ្វីបអាស៊ី និងកន្លែងផ្សេងទៀតបានបង្ហាញសុទិដ្ឋិនិយមចំពោះអនាគតមួយ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបិទបញ្ចប់នៅថ្ងៃអង្គារនេះនៅក្នុងប្រទេសសិង្ហបុរី។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In ដែលសំណើការទូតរបស់លោកចំពោះប្រទេសកូរ៉េខាងជើងបានត្រួសត្រាយផ្លូវឲ្យមានកិច្ចប្រជុំរវាងលោក Trump និងលោក Kim Jong Un នេះឡើង បានបង្ហាញក្ដីសង្ឃឹមនៅក្នុង «ការធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរទាំងស្រុង និងមានសន្តិភាព» នៅលើឧបទ្វីបកូរ៉េ។
នៅក្នុងទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់អ្នកសារព័ត៌មាននានាថា វាគឺជាក្ដីសង្ឃឹមរបស់ប្រទេសចិនដែលថា ការពិភាក្សារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងនៅទីបំផុតអាចឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពមួយដែលបានបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េ។
ចំណែកឯនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe វិញ បានប្រាប់អ្នកសារព័ត៌មាននៅពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ប្រទេសកូរ៉េខាងជើង «នឹងមានអនាគតដ៏ត្រចះត្រចង់ ប្រសិនបើប្រទេសនេះដើរនៅលើផ្លូវត្រូវ»។ នៅក្នុងសេចក្ដីប្រកាសជាលាយលក្ខណ៍អក្សរមួយដែលបានចេញផ្សាយប៉ុន្មានម៉ោងក្រោយមក លោក Shinzo Abe បាននិយាយថា ការសន្យារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅក្នុងការលុបចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺជាជំហានវិជ្ជមានដំបូងមួយនៅក្នុងដំណោះស្រាយដ៏ទូលំទូលាយមួយ។
រីឯនៅក្នុងប្រទេសរុស្ស៊ីវិញ អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងមូស្គូត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយអនុវត្តកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី៕