កាលពីថ្ងៃចន្ទ ភាគហ៊ុននៅក្នុងពិភពលោកបានចុះថ្លៃនៅក្នុងការប្រឈមមុខនឹងវិបត្តិបំណុលរបស់ប្រទេសក្រិក ទោះណាជារដ្ឋាភិបាលក្រុងអាតែន បានបិទធនាគារនិងបានកាត់បន្ថយជាច្រើនដល់ការដកប្រាក់តាមម៉ាស៊ីនបើកប្រាក់នៅតាមចិញ្ចើមផ្លូវក៏ដោយ។
ភាគហ៊ុននៅក្នុងទ្វីបអាស៊ី ប្រទេសអាល្លឺម៉ង់និងប្រទេសបារាំងបានចុះថ្លៃប្រមាណ៣ភាគរយឬច្រើនជាងនេះ នៅខណៈដែលភាគហ៊ុននៅក្នុងការផ្សារលក់ដូរភាគហ៊ុនក្នុងបូរី ញ៉ូវយ៉កបានធ្លាក់ចុះថ្លៃជាងមួយភាគរយនៅគិតត្រឹមពេលពាក់កណ្តាលថ្ងៃចន្ទ។
ផ្សារលក់ដូរភាគហ៊ុននៅក្នុងក្រុងអាតែន បានបិទទ្វារ៦ថ្ងៃនៅពេលដែលប្រទេសក្រិកប្រឈមមុខនឹងថ្ងៃផុតកំណត់នៃកិច្ចព្រមព្រៀងជួយសង្គ្រោះសេដ្ឋកិច្ចជាមួយពួកម្ចាស់បំណុលអន្តរជាតិនៅថ្ងៃអង្គារនេះ។ ប្រទេសក្រិកកំពុងស្វះស្វែងឱ្យមានប្រាក់កម្ចីថ្មីចំនួន៨ពាន់លានដុល្លារ ក៏ប៉ុន្តែបានរឹងទទឹងនឹងវិធានការរិតត្បិតចំណាយថ្មីៗដែលទាមទារឱ្យមានដោយពួកម្ចាស់ឥណទានហើយប្រទេសក្រិកអាចមានបញ្ហាដោយសារមិនអាចបង់ប្រាក់សំណង១.៨០០លានដុល្លារឱ្យអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដែលខ្លួនត្រូវបង់នៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃចន្ទ ប័ណ្ណខ្ចីប្រាក់ក្រិកបានចុះថ្លៃជាមួយអត្រាការប្រាក់ឡើងជាង១២ភាគរយដល់៣៣ភាគរយនៅពេលដែលពួកអ្នកបណ្តាក់ទុនថ្លឹងថ្លែងថា តើប្រទេសក្រិកនឹងចាកចេញពីប្លុកប្រទេសប្រើប្រាក់អឺរ៉ូដែលមានប្រទេសជាតិ១៩ជាសមាជិក ឬមួយនឹងក្លាយទៅជាប្រទេសទីមួយដែលទទួលរងការបណ្តេញចេញពីតំបន់នោះដោយប្រទេសជិតខាងនៃតំបន់ប្រើប្រាក់អឺរ៉ូ បន្ទាប់ពីប្រទេសនេះមានប្រវត្តិ១៦ឆ្នាំមកហើយនៅក្នុងប្លុកនេះ៕