មេដឹកនាំពិភពលោកជាង១០០នាក់ កំពុងប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃចន្ទ ខណៈចាប់ផ្តើមការងារនៅក្នុងសន្និសីទអង្គការសហប្រជាជាតិអំពីអាកាសធាតុរយៈពេលពីរសប្តាហ៍។ គេរំពឹងថា ផ្នែកដែលផ្តោតការយកចិត្តទុកដាក់រួមមានការសន្យាកំហិតការបំភាយឧស្ម័នធ្វើឱ្យផែនដីឡើងកំដៅ និងការផ្តល់មូលនិធិដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនៅទីក្រុង Glasgow ប្រទេស ស្កុតលែន ត្រូវគេរំពឹងថា នឹងសង្កត់ធ្ងន់លើវិធានការបន្ទាន់ ដោយនិយាយថា មនុស្សលោកបានរង់ចាំយូរពេកហើយ។
គេរំពឹងថា លោក Johnson នឹងលើកឡើងថាបើយើងមិនយកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុពេលនេះវានឹងយឺតពេលសម្រាប់កូនចៅរបស់យើងដោះស្រាយបញ្ហានេះនៅថ្ងៃក្រោយ»។
លោក John Kerry បេសកជនសហរដ្ឋអាមេរិកផ្នែកអាកាសធាតុ បានប្រាប់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំកំពូលនៅថ្ងៃចន្ទថា គោលដៅសន្និសីទនេះ រួមមានការបង្កើន«មហិច្ឆតាសកលយ៉ាងសំខាន់»និងសម្រាប់ប្រទេសនានាប្តេជ្ញាធ្វើអ្វីដែលលោកហៅថា«សកម្មភាពមួយទសវត្សរ៍»ដើម្បីកំណត់ការឡើងកំដៅផែនដីត្រឹម១,៥អង្សាសេលើសពីកម្រិតមុនមានឧស្សាហកម្ម។
លោក Kerry ក៏បានលើកឡើងអំពីតម្រូវការដោះស្រាយផ្នែកហិរញ្ញវត្ថុទប់ទល់ការប្រែប្រួលអាកាសធាតុ ទាំងការផ្តល់មូលនិធិដែលបានសន្យា និងការជួយប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់ការខូចខាតដល់ប្រទេសទាំងនោះ។
កិច្ចប្រជុំកំពូលអំពីអាកាសធាតុធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំប្រទេសអ្នកមាន G-20 នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ដែលមេដឹកនាំទាំងនេះយល់ព្រមធ្វើការដើម្បីបញ្ឈប់ការបញ្ចេញកាបូននៅ«ប្រហែលពាក់កណ្តាលសតវត្សរ៍» ហើយបានសន្យាថា នឹងបញ្ចប់ហិរញ្ញប្បទានសម្រាប់រោងចក្រធ្យូងថ្មនៅបរទេសនៅចុងឆ្នាំនេះ ប៉ុន្តែពួកគេមិនអាចព្រមព្រៀងគ្នាអំពីដំណាក់កាលឈប់ប្រើធ្យូថ្មក្នុងស្រុក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសេរនៅលើ Twitter ថា «ខ្ញុំស្វាគមន៍ការប្តេជ្ញាចិត្តរបស់ប្រទេស #G20 អំពីដំណោះស្រាយជាសកលនេះ ក្តីសង្ឃឹមរបស់ខ្ញុំពីសន្និសីទទីក្រុងរ៉ូមនេះមិនបានបំពេញ ទេ ប៉ុន្តែយ៉ាងហោចណាស់ក្តីសង្ឃឹមទាំងនេះមិនត្រូវបានកប់ចោលទេ»។
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press Agence France-Presse និង Reuters។