មេដឹកនាំ​នៅជុំវិញពិភពលោក​​ប្រតិកម្មលើករណី​ផ្ទុះ​គ្រាប់បែកជា​ច្រើនកន្លែងនៅ​ប្រទេស​ស្រីលង្កា

កងកម្លាំង​សន្តិសុខ​ស្រីលង្កា​ដើរ​កាត់​កម្ទេចកម្ទី​បែកបាក់ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ក្នុង​ព្រះវិហារ St Sebastian's Church នៅ​ក្នុង​ក្រុង Negombo កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

មេដឹកនាំ​ពិ​ភព​លោក​និង​សាសនា ​បាន​ថ្កោលទោស​ការផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​ថ្ងៃ​បុណ្យ ​Easter នៅ​ឯ​វិហា​គ្រិស្ត​សាសនា និង​សណ្ឋាគារ​ក្នុង​ប្រទេស​ស្រីលង្កា​ដែល​បាន​សម្លាប់​មនុស្ស​ជាង ​២០០ នាក់។

ជន​បរទេស​មួយ​ចំនួន​រួមមាន ​ចក្រភព​អង់គ្លេស ​ហូឡង់ ​និង​ពលរដ្ឋ​អាមេរិកាំង ​ត្រូវ​បាន​គេ​ជឿ​ថា ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់។

នាយករដ្ឋ​មន្ត្រី​ចក្រ​ភព​អង់គ្លេស​លោកស្រី Theresa May បាន​និយាយថា ​ការ​វាយ​ប្រហារ​នេះ​ជា «ការ​រន្ធត់​បំផុត»។

លោក​ស្រី​នាយករដ្ឋ​មន្ត្រី​បាន​បញ្ជូ​ន​សារ​តាម Twitter ថា៖ «អំពើ​ហិង្សា​ប្រឆាំង​នឹង​វិហារ​គ្រិស្ត​សាសនា ​និង​សណ្ខាគារ​ក្នុង​ប្រទេសស្រីលង្កា ​ជា​ការ​រន្ធត់​យ៉ាង​ពិត​ប្រាកដ ​ហើយ​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ដល់​អ្នក​ដែល​រងផល​ប៉ះ​ពាល់​ដោយ​សារ​សោកនាដកម្ម​នៅពេល​នេះ។​យើង​ត្រូវតែរួបរួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​គ្មាន​នរណា​ម្នាក់ត្រូវ​អនុវត្ត​នូវ​ជំនឿ​របស់​ខ្លួន​ដោយភាព​ភ័យ​ខ្លាចនោះទេ»។

វិហារ​គ្រិស្តសាសនាក្នុង​ក្រុង Jerusalem បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា៖ «យើង​សូម​បួងសួង​ដល់​ព្រលឹងជន​រងគ្រោះ ហើយ​និងសុំ​ឲ្យ​អ្នក​ត្រូវ​របួស​បាន​ឆាប់​ជា​សះស្បើយ ​ហើយ​នឹង​សុំ​ឲ្យ​ព្រះ​ជា​ម្ចាស់​ជួយ​ញ៉ាំង​ទឹក​ចិត្ត​ពួក​ភេរវជន​បញ្ឈប់​ការ​កាប់​សម្លាប់​ និង​ការ​បំភិត​បំភ័យ»។

ក្នុង​សុន្ទរកថា​ថ្ងៃ​បុណ្យ Easter តាម​ប្រពៃណី​នៅឯ​វ៉ាទីកង់ ​សម្តេច​ប៉ាប Francis ​បាន​ចូលរួម​រំលែក​ទុក្ខ​សម្រាប់​ហេតុការណ៍​នេះ។

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​កើត​មាន​ឡើង​បន្ទាប់​ពីអ្នក​កាន់សាសនា​ឥស្លាម​រាប់​សិប​នាក់​បាន​ត្រូវ​គេ​សម្លាប់​នៅ​ក្នុងការ​បាញ់​ប្រ​ហារ​នៅឯ​វិហារ​ឥស្លាម​ ២ ​កន្លែង​ក្នុង​ទីក្រុង Christchurch នៃ​នូវែលសេឡង់។ លោកស្រី​នាយក​រដ្ឋ​មន្ត្រី Jacinda Ardern និយាយថា ​ការ​វាយ​ប្រហារ​បែប​នេះ​ជា​វិនាសកម្ម​មួយ៕