ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច ១៦០ នាក់ ស្លាប់និង​ជាង ៤០០ នាក់​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ព្រះ​វិហារ​គ្រិស្ត​សាសនា និង​សណ្ឋាគារ​នៅ​ស្រីលង្កា


មន្ត្រីសន្តិសុខស្រីលង្កាកំពុងពិនិត្យស្ថានភាពក្នុងព្រះវិហារ St Sebastian ដែលត្រូវបានរងការបំផ្លិចបំផ្លាញដោយសារការផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្សជាច្រើននាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍​នេះ​ជា​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាស៊ី​ភាគ​ខាង​ត្បូង​មួយ​នេះ​ ចាប់​តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​កាល​ពី​មួយ​ទសវត្ស​កន្លង​ទៅ​នេះ។

រដ្ឋាភិបាល​ស្រីលង្កា​បាន​ដាក់​បម្រាម​គោចរ​ដែល​ចូល​ជា​ធរមាន​ភ្លាមៗ បន្ទាប់ពី​មាន​ការ​ផ្ទុះ​គ្រាប់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ នៅ​ព្រះ​វិហារ​គ្រិស្ត​សាសនា និង​សណ្ឋាគារ​មួយ​ចំនួន នៅ​ថ្ងៃ​អាទិត្យ​នេះ ចំ​ថ្ងៃ​បុណ្យ Easter ដែល​ជា​បុណ្យ​រំឭក​ថ្ងៃ​ដែល​គេ​ជឿ​ថា​ព្រះ​យេស៊ូ​គ្រិស្ត​រស់​ឡើង​វិញ។

រដ្ឋាភិបាល​ស្រីលង្កា​បាន​បញ្ជាក់​ថា ខ្លួន​ក៏​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត និង​កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត​សំខាន់ៗ​ផង​ដែរ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត និង​ពាក្យ​ចចាមអារ៉ាម។

ការ​ផ្ទុះ ៦ ដង ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​នៅ​ឯ​ព្រះ​វិហារ​គ្រិស្ត​សាសនា ៣ កន្លែង និង​សណ្ឋាគារ ៣ កន្លែង។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា តាំង​ពី​មាន​ការ​ផ្ទុះ ៦ ដង​នេះ​មក គឺ​មាន​ការ​ផ្ទុះ ២ ដង​ទៀត ដោយ​យ៉ាង​ហោច​ណាស់​ការ​ផ្ទុះ​មួយ​នៃ​ការ​ផ្ទុះ​ថ្មី​នេះ​បាន​កើត​ឡើង​នៅ​ឯ​សណ្ឋាគារ​មួយ​កន្លែង​ នៅ​ជិត​រដ្ឋធានី​កូឡុំបូ។ ទីភ្នាក់ងារ​ព័ត៌មាន AFP មិន​បាន​បញ្ជាក់​អំពី​ទីតាំង​នៃ​ការ​ផ្ទុះ​លើក​ទី ៨ នោះ​ទេ។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៦០ នាក់ បាន​ស្លាប់ និង​ជាង ៤០០ នាក់​រង​របួស នៅ​ក្នុង​ការ​ផ្ទុះ​ទាំង​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ស្រីលង្កា។

ទីភ្នាក់ងារ​ព័ត៌មាន Associated Press បាន​ស្រង់​សម្ដី​របស់​មន្ត្រី​សន្តិសុខ​ម្នាក់ ដែល​បាន​និយាយ​ថា ការ​ផ្ទុះ​ពីរ​គ្រាប់​ប្រហែល​ជា​ធ្វើ​ឡើង​ដោយ​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត។

អាជ្ញាធរ​បាន​និយាយ​ថា ព្រះ​វិហារ​គ្រិស្ត​សាសនា Saint Anthony's និង​សណ្ឋាគារ​ទាំង ៣ កន្លែង​ដែល​រង​ការ​វាយ​ប្រហារ​ដោយសារ​ការ​ផ្ទុះ​ដំបូងៗ​គឺ​នៅ​ក្នុង​ទីក្រុង​កូឡុំបូ ហើយ​ព្រះ​វិហារ​ពីរ​កន្លែង​ទៀត​គឺ​ព្រះ​វិហារ Saint Sebastian's នៅ​ក្នុង​ទីក្រុង Negombo និង​ព្រះ​វិហារ Zion នៅ​ក្នុង​ទីក្រុង Batticaloa។

គេ​មិន​ទាន់​ឃើញ​មាន​ក្រុម​ណា​មួយ​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ​អំពី​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ៕

ស្បែក​ជើង​នៃ​ជន​រងគ្រោះ​ត្រូវ​គេ​ឃើញ​នៅ​ព្រះ​វិហារ​ Kochchikade ក្រោយ​ការ​ផ្ទុះ​នៅទី​ក្រុង​កូឡុំបូ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩។
ស្បែក​ជើង​នៃ​ជន​រងគ្រោះ​ត្រូវ​គេ​ឃើញ​នៅ​ព្រះ​វិហារ​ Kochchikade ក្រោយ​ការ​ផ្ទុះ​នៅទី​ក្រុង​កូឡុំបូ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩។

XS
SM
MD
LG