មេដឹកនាំ​លើ​ពិភពលោក​ចូលរួម​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ

សកម្មជន​បរិស្ថាន​បិទ​ចរាចរណ៍​ដែល​ជា​ផ្នែក​នៃ​បាតុកម្ម «បិទ​រដ្ឋធានី​វ៉ាស៊ីនតោន» ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​នយោបាយ​អាមេរិក​ឲ្យ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ចន្ទ​នេះ មេដឹកនាំ​នានា​មក​ពី​ជុំវិញ​ពិភពលោក​ជួបជុំ​គ្នា​នៅ​ក្នុង​ទីក្រុង New York ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ស្រប​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ជំរុញ​ឲ្យ​មាន​ការ​ចាត់វិធានការ​ពោរពេញ​ដោយ​មហិច្ឆតា​បន្ថែម​ទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​មក​ពី​ប្រទេស​ចំនួន​ប្រហែល ៦០ គ្រោង​នឹង​ថ្លែង​សុន្ទរកថា​អំពី​ប្រធានបទ​មួយ​ចំនួន​ដូចជា​ការ​ឈប់​ប្រើ​ធ្យូង​ថ្ម ហើយ​ងាក​ទៅ​ប្រើ​ថាមពល​កកើត​ឡើង​វិញ ការ​ការពារ និង​ការ​ឆ្លើយតប​ទៅ​នឹង​គ្រោះ​មហន្តរាយ និង​ថវិកា​សម្រាប់​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​ដើម។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ។ នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នឹង​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​កាន់​សាសនា​ភាគ​តិច ជា​ពិសេស​អ្នក​កាន់​គ្រិស្ត​សាសនា មុន​ពេល​លោក​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​មេដឹកនាំ​មក​ពី​ប្រទេស​ប៉ាគីស្ថាន ប៉ូឡូញ នូវែលសេឡង់ សិង្ហបុរី អេហ្ស៊ីប និង​កូរ៉េ​ខាង​ត្បូង។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres គ្រោង​នឹង​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​កិច្ច​ប្រជុំ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ និង​ដេញដោល​មេដឹកនាំ​នានា​ឲ្យ «បង្កើត​គម្រោង​ជាក់លាក់» មិន​មែន​ត្រឹមតែ «ថ្លែង​សុន្ទរកថា​ឲ្យ​បាន​តែ​ល្អ​មើល» នោះ​ទេ។

នៅ​មុន​កិច្ច​ប្រជុំ​នេះ​ចូល​មក​ដល់ អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​មួយ​របស់​អង្គការ​ឧតុ​និយម ដែល​បង្ហាញ​ថា មាន​ការ​កើន​ឡើង​នូវ​ការ​បំពុល​ឧស្ម័ន​កាបូន កម្រិត​ទឹក​សមុទ្រ​កើន​ឡើង សីតុណ្ហភាព​ពិភពលោក​ក្ដៅ​ជាង​មុន និង​ការ​រលាយ​ផ្ទាំង​ទឹកកក៕