ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Michelle Bachelet ថា ​ការប្រែប្រួល​អាកាសធាតុ​គឺ ​មូលហេតុ​នៃ​ការគំរាម​កំហែង​ជា​សកល​លើ​សិទ្ធិមនុស្ស


ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លោកស្រី Michelle Bachelet​ ចូលរួម​ក្នុងកិច្ចប្រជុំមួយស្តីពីក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​អង្គការសហប្រជាជាតិ នៅ​ក្រុងហ្សឺណែវ ប្រទេស​ស្វីស កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លោកស្រី Michelle Bachelet​ ចូលរួម​ក្នុងកិច្ចប្រជុំមួយស្តីពីក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​អង្គការសហប្រជាជាតិ នៅ​ក្រុងហ្សឺណែវ ប្រទេស​ស្វីស កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

លោកស្រី Bachelet បាន​ព្រមាន​ពី​ការកើនឡើង​នៃ​ជម្លោះ​ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ​ដោយ​លោកស្រី​បាន​គូស​បញ្ជាក់​ថា ៤០ភាគរយ​នៃ​សង្រ្គាម​ស៊ីវិល​ជាង​៦ទសវត្ស​កន្លង​មក​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​សឹក​រិចរិលបរិស្ថាន។

ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លោកស្រី Michelle Bachelet​ បាន​ចេញ​ការព្រមាន​ដ៏​សំខាន់​មួយ​ថា​ ការប្រែប្រួល​អាកាសធាតុ​គឺ​ជា ​មូលហេតុ​បង្ក​ឲ្យ​មាន​ការកើនឡើង​ការគំរាមកំហែង​កាន់​តែ​ខ្លាំង​ទៅលើ​សិទ្ធិមនុស្ស​ ស្របពេល​ដែល​មាន​ការថយចុះ​នៃ​ធនធាននានា​ ដោយសារ​ការឡើងកម្តៅ​សកលលោក​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះទុរភិក្ស​ បញ្ហាចំណាកស្រុក​ និង​ជម្លោះ​កាន់​តែខ្លាំងឡើង។

ភ្ជាប់​ទៅ​នឹង​សុន្ទរកថា​បើកកិច្ចប្រជុំ​លើកទី៤២ ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ តំណាងអង្គការសហ​ប្រជាជាតិ​នៃ​ដែនកោះ Bahamas បាន​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​ប្រវត្តិសាស្ត្រ ដូចជា​ព្យុះសង្ឃរា Dorian ដែល​កំពុង​ក្លាយ​ជាគ្រោះ​មហន្តរាយ​ថ្មីមួយ។ លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ Michelle Bachelet​ បាន​យល់​ស្រប​នឹង​ការវាយតម្លៃ​នេះ​ និង​បាន​ថ្លែង​ថា ​ការប្រែប្រួល​អាកាស​ធាតុពិត​ជា​កំពុង​ប៉ះពាល់​គ្រប់កន្លែង​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក។

លោកស្រី​បាន​ថ្លែង​បន្ត​ថា ​គ្រោះអាសន្ន​អាកាសធាតុ​កំពុង​បង្ក​ឲ្យ​មាន​គ្រោះទុរភិក្ស​កាន់​តែខ្លាំង​នៅ​ទូទាំង​សកលលោក។ ដោយ​និយាយ​សំដៅ​ទៅ​ដល់​តួលេខ​របស់​អង្គការ​សុខភាពពិភពលោក WHO លោកស្រី​បាន​ថ្លែង​ថា​ ការប្រែប្រួល​អាកាស​ធាតុត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​បណ្តាល​ឲ្យ​កើន​ចំនួន​មនុស្ស​ស្លាប់​ប្រមាណ​ ២៥០.០០០​នាក់​បន្ថែម​ទៀត​ជា​រៀងរាល់ឆ្នាំ ​នៅចន្លោះ​ពី​ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០​ ដោយសារ​កង្វះ​អាហាររូបត្ថម្ភ​ ជំងឺគ្រុនចាញ់​ និង​ជំងឺផ្សេងៗ​ទៀត។

លោកស្រី Bachelet បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ពិភពលោក​មិន​ដែល​ធ្លាប់​មាន​ការគំរាមកំហែង​សិទ្ធិមនុស្ស​ដូចនេះ​ពី​មុន​មក​ទេ។ គ្មាន​ប្រទេសណាមួយ​ ស្ថាប័ន​ណាមួយ​ ឬ​អ្នក​ធ្វើ​គោលនយោបាយណា​មួយ​ អាច​ជៀស​ផុត​ពី​បញ្ហា​នេះ​បាន​ទេ។ សេដ្ឋកិច្ច​ ស្ថាប័ន​ នយោបាយ​ សង្គម​និង​វប្បធម៌​របស់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ សិទ្ធិ​របស់​ពលរដ្ឋ​ទាំងអស់ និង​វប្បធម៌​របស់​មនុស្ស​គ្រាប់​ជំនាន់​នឹង​ប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ‍​នេះ»។

លោកស្រី Bachelet បាន​ព្រមាន​ពី​ការកើនឡើង​នៃ​ជម្លោះ​ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ​ដោយ​លោកស្រី​បាន​គូស​បញ្ជាក់​ថា ៤០ភាគរយ​នៃ​សង្រ្គាម​ស៊ីវិល​ជាង​៦ទសវត្ស​កន្លង​មក​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​សឹក​រិចរិលបរិស្ថាន។ លោកស្រី​បាន​បង្ហាញ​ក្តី​កង្វល់​ជាពិសេស​ ចំពោះ​ប្រទេសនានា​នៅ​តំបន់ Sahel ដែល​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​ងាយរងគ្រោះ​បំផុត​ ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

លោកស្រី Bachelet បាន​ថ្លែង​បន្ត​ទៀត​ថា៖‍ «ការរិចរិលដី​សម្រាប់​បង្កបង្កើន​ផល​នៅ​ទូទាំង​តំបន់ ​Sahel កំពុង​ប្រឈម​នឹង​ការខ្វះ​ខាត​ធនធាន​យ៉ាងខ្លាំង​ ដែល​បណ្តាល​ឲ្យ​មាន​ការប៉ះទង្គិច​គ្នា​ជាញឹកញាប់​រវាង​អ្នក​ចិញ្ចឹមសត្វ​និងអ្នកកសិកម្ម ដែល​បង្ក​ជា​ភាពតានតឹង​ក្នុង​ចំណោម​ជនជាតិ​ភាគតិច។ ភាពយឺតយ៉ាវ​នៅក្នុង​ការអភិវឌ្ឍ​ និង​ការកើនឡើង​នូវ​ភាពក្រីក្រកំពុង​ធ្វើ​ឲ្យ​ពួកយុវជន​ទទួល​រង​នូវការកេងប្រវ័ញ្ច​ពី​សំណាក់​ក្រុមជ្រុលនិយម​ និង​ក្រុមភេរវកម្ម​ និង​កំពុង​បញ្ឆេះ​ឲ្យ​មាន​អំពើ​ហិង្សា‍»។

លោកស្រី Bachelet បាន​បង្ហាញ​ពី​ទស្សនៈ​ទុទិដ្ឋិនិយម​ជាទូទៅ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នា​ពេល​ថ្មីៗ​នេះ​នៅ​ទូទាំង​ពិភពលោក។ លោកស្រី​បាន​កត់សម្គាល់​ឃើញ​ថា​សេរីភាព​ជា​មូលដ្ឋាន​ និង​ការការពារ​អ្នកទន់ខ្សោយ​ និង​ជនងាយ​រងគ្រោះ​បំផុត​ត្រូវ​បាន​បំផ្លាញ​នៅ​គ្រប់​តំបន់​ទាំងអស់។

លោកស្រី​បាន​ថ្លែង​ថា​ សូម្បី​តែ​ប្រទេសមាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​ដូចជា​សហរដ្ឋអាមេរិក​ ក៏​នៅ​តែ​មាន​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ដែរ។ លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​ថ្លែងបន្ត​ទៀត​ថា លោកស្រី​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ ដែល​សហរដ្ឋអាមេរិក​ ដែល​ជា​អ្នកបង្កើត​កម្មវិធី​ទទួល​យក​ជន​ចំណាកស្រុក​ ប៉ុន្តែ​ឥឡូវ​នេះ​បែរ​ជា​កំពុង​អនុវត្ត​គោលនយោបាយ​កាត់​បន្ថយ​ការការពារ​គ្រួសារ​ជនចំណាកស្រុក​យ៉ាង​គំហុក។ លោកស្រី​បាន​បង្ហាញ​ក្តីកង្វល់​ជាពិសេស​អំពី​គោលនយោបាយ​របស់រ​ដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ​ដែល​បំបែក​កុមារ​ចំណាកស្រុក​ចេញ​ពី​ឳពុកម្តាយ​របស់​ពួកគេ​ ដែល​លោកស្រី​ថា​ នៅ​តែ​បន្ត​កើត​ឡើង​នៅ​ឡើយ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG