មេដឹកនាំពិភពលោក និងក្រុមការពារបរិស្ថានបានសម្តែងការស្រងាកចិត្តរបស់ពួកគេជាមួយសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីស.រ.អា. Donald Trump ក្នុងការដកស.រ.អា.ចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុដែលជាកិច្ចខិតខំប្រឹងប្រែងជាសាកលសម្រាប់ដោះស្រាយផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។
នៅក្នុងចំណាត់ការមួយមិនធម្មតា ពួកមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង និងប្រទេសអ៊ីតាលីបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយសម្តែង «ការសោកស្តាយ» ដល់សេចក្តីសម្រេចនេះ។
ពួកមេដឹកនាំនៃប្រទេសទាំងបីនេះបាននិយាយថា «យើងជឿជាក់មាំទាំថាកិច្ចព្រមព្រៀងនេះមិនអាចត្រូវធ្វើការចរចាជាថ្មីបានទេ» ហើយការណ៍នេះបានបញ្ឈប់ជំនឿរបស់មេដឹកនាំអាមេរិកាំងរូបនេះដែលថាគាត់អាចធ្វើការចរចាជាថ្មីដើម្បីនាំស.រ.អា.ចូលទៅក្នុងកិច្ចព្រមព្រៀងនេះជាថ្មីវិញបាន។ លោក Trump បាននិយាយនៅក្នុងសេចក្តីប្រកាសអំពីការដកខ្លួនរបស់ស.រ.អា.ថាគាត់បើកចំហឱ្យមាន «ការចរចាដើម្បីចូលជាថ្មីទៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស»។
លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបបានមានប្រសាសន៍ប្រាប់សន្និសីទមួយនៃសហព័ន្ធនយោជកអាល្លឺម៉ង់នៅក្នុងក្រុងបែរឡាំងថា «ពួកអាមេរិកាំងមិនគ្រាន់តែមិនអាចចេញពីកិច្ចព្រមព្រៀងនេះបានទេ» ដោយលោកបានមានប្រសាន៍បន្ថែមថា «គេត្រូវការពេលវេលាពីបីទៅបួនឆ្នាំ» ដើម្បីដកថយ។
អ្នកស្រី Hua Chunying អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសុក្រនេះថា ការចូលរួមរបស់ប្រទេសចិនក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ជា
«ការទទួលខុសត្រូវមួយដែលប្រទេសចិនបានទ្រាំទ្រក្នុងឋានៈខ្លួនជាប្រទេសធំមួយមានការទទួលខុសត្រូវ»។ ថ្លែងទៅកាន់អ្នកកាសែតនៅក្នុងក្រុងប៉េកាំងនៅថ្ងៃសុក្រនេះ អ្នកនាំពាក្យចិនរូបនេះបានពោលថា «យើងយល់ថាកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្លុះបញ្ចាំងការយល់ស្របគ្នាទូលំទូលាយបំផុតរបស់សហគមន៍អន្តរជាតិស្តីពីការបំបាត់ការប្រែប្រួលអាកាសធាតុ ហើយភាគីទាំងអស់គួរអបអរសាទរជាមួយលទ្ធផលនេះដែលបានមកដោយពិបាក»។
ប្រទេសចិនជាប្រទេសដែលបានធ្វើឱ្យអាកាសធាតុកខ្វក់ជាងគេក្នុងពិភពលោក។ ស.រ.អា.ជាប្រទេសលំដាប់ទីពីរ បន្ទាប់ពីប្រទេសចិនក្នុងការធ្វើឱ្យអាកាសធាតុមានការប្រែប្រួលក្នុងពិភពលោក៕